ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងកាលពីថ្ងៃទី ១៣ ខែធ្នូ​​ ឆ្នាំ ២០១៨ នេះថា នឹងចាត់វិធានការយ៉ាងតឹងរឹងក្នុងការហាមឃាត់រថយន្តធុនធំ ចូលក្នុងក្រុង ខុសម៉ោងខុសពេលដែលបានកំណត់ ជាពិសេសខណ្ឌដែលនៅជាយក្រុង ព្រោះនេះមិនមែនជាការពិបាកបង្ក្រាបឡើយសម្រាប់នគរបាល គឺពិបាកតែចាប់រថយន្តបានហើយ​ មិនដឹងយកទុកនៅឯណា ។

គេសង្កេតឃើញថា​ នាពេលកន្លងមកទោះជាមានសារាចរណ៍ណែនាំយ៉ាងណាក្ដី ក៏នៅតែមានរថយន្តធុនធំចូលក្នុងក្រុងមួយៗដែរ ដែលជាកត្តាចំបងបណ្ដាលឳ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ហើយទាក់ទងនឹងបញ្ហានេះ លោក ស ថេត បន្តអះអាងថា «ការទប់ស្កាត់រថយន្តធុនធំបើកចូលភូមិសាស្រ្ដរាជធានីភ្នំពេញ មុនការកំណត់របស់សាលាក្រុង វាមានបញ្ហា ច្រើនណាស់ ការឃាត់អី វាមិនពិបាកទេ ប៉ុន្ដែខ្ញុំបានជូនយោបល់ទៅគាត់ (អភិបាលរាជធានីភ្នំពេញ) ថាបញ្ហាប្រឈមវាអ៊ីចឹងឃាត់បានតែ ៣-៤គ្រឿង​ នឹងរកកន្លែងដាក់លែងបានហើយ នេះយើងធ្វើការតែផ្លូវ២ផង គឺផ្លូវហាណូយ និងផ្លូវមុខស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ»។

យ៉ាងណាមិញ លោកក៏បានបញ្ជាក់សដែរថា នឹងជួបប្រជុំ ជាមួយម្ចាស់ក្រុមហ៊ុនដឹកជញ្ជូននានា ដើម្បីណែនាំ និងផ្សព្វផ្សាយអំពីបម្រាមរបស់អាជ្ញាធររាជធានីភ្នំពេញ ដែលមិនឳ្យរថយន្តធុនធំគ្រប់ប្រភេទ ពិសេសរថយន្ត កុងតឺន័រ បើកចូលរាជធានីភ្នំពេញ ចាប់ពីម៉ោង៥ព្រឹក ដល់ម៉ោង៩យប់ ។

គួរឳ្យដឹងផងដែរថា ពាក់ព័ន្ធនឹងបញ្ហារថយន្តធុនធំចូលក្រុងពេលថ្ងៃ គឺជាកង្វល់ដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ព្រោះថារថយន្តធំៗ ជារឿងៗគេសង្កេតឃើញបង្កបញ្ហាជាច្រើនដល់ចរាចរណ៍ ដូចជាធ្វើអោយកកស្ទះតាមដងផ្លូវ ជាពិសេសនោះគឺបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ឬអ្នកកាន់យាន្តតូចៗជាដើម ជាក់ស្ដែងថ្មីៗនេះរថយន្តយីឌុប បានបើកលឿននិងគ្រប់គ្រងមិនបាន ក៏បានបុករះទៅហាងលក់មីហឹរមួយកន្លែងនៅម្ដុំច្រមុះជ្រូកស្ទឹងមានជ័យ ។ ដូចនេះ តើវាពិបាកណាស់មែនទេ គ្រាន់តែហាមរថយន្តធុនធំទាំងនេះ មិនអោយចូលក្រុងពេលថ្ងៃនោះ ?

ជាការកត់សម្គាល់ អភិបាលក្រុងភ្នំពេញ ប៉ុន្មានជំនាន់មកហើយ តាំងពីជំនាន់លោក ប៉ា សុជាតិវង្ស មកដល់លោក ឃួង ស្រេង តែងតែចេញបញ្ជា និងដាក់បម្រាម មិនអោយរថយន្តធុនធំ ចូលមកក្នុងក្រុងពេលថ្ងៃ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កបញ្ហាផ្សេងៗ ប៉ុន្តែបំរាមនេះ ហាក់គ្មានប្រសិទ្ធភាពទាល់តែសោះ ព្រោះគេសង្កេតឃើញថា កុងតឺន័រ រថយន្តយីឌុប ធំៗ នៅតែបើកចូលក្រុង ព្រុយៗ និងបង្កជាបញ្ហាយ៉ាងច្រើនដល់សង្គម រហូតធ្វើអោយគ្រោះថ្នាក់ដល់អ្នកដំណើរជាហូរហែរ ។

មហាជន តែងតែព្រួយបារម្ភ នៅពេលធ្វើដំណើរតាមដងផ្លូវ និងជួបរថយន្តធុនធំ បើកបរក្បែរៗខ្លួន ព្រោះអ្នកបើកបររថយន្តធំទាំងនេះ ដូចមិនដែលបានចូលសាលាបើកបរត្រឹមត្រូវនោះទេ ពោលគឺពួកគេ ហាក់មិនខ្លាចបង្កគ្រោះថ្នាក់ឡើង ហើយនៅពេលមានបញ្ហាអ្វីមួយកើតឡើង ពួកគេក៏ដាក់មេប្រូច រត់បាត់ស្រម៉ោល និងទុករថយន្តអោយសមត្ថកិច្ចដោះស្រាយ ជាមួយនឹងថៅកែរបស់ពួកគេ ។ ដូចនេះ វាដល់ពេលហើយ ដែលសមត្ថកិច្ចថ្នាក់ក្រោម គួរចាត់វិធានការយ៉ាងតឹងរ៉ឹង អោយមានប្រសិទ្ធភាព ក្នុងការឃាត់រថយន្តធុនធំ មិនអោយចូលក្រុងពេលថ្ងៃ ដើម្បីសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ ៕

សហការី KBN