ភ្នំពេញ ៖ អំពើ​ហិង្សា​មួយ​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​ម្នាក់ ដែល​បាន​យក​កាំបិត​កាប់​លើ​បុរស​ម្នាក់ មាន​តួនាទី​ជា​នគរបាល ចំ​ដៃ​ខាងស្តាំ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ និង​ស្ត្រី​ជា​អ្នកលក់​អំពៅ​សាង​តាម​រទេះ​ម្នាក់​ទៀត ក៏​រង​របួស​ផង​ដែរ ។

ជនជាតិ​ចិន​ដែល​យក​កាំបិត​កាប់​ប្រហារ​លើ​នគរបាល​បណ្តាល​ឲ្យ​របួស​ចំ​ដៃស្តាំ សមត្ថកិច្ច​សង្ស័យ​ថា ជា​មនុស្ស​បែក​ថ្នាំ​ញៀន ។ ទោះជា​យ៉ាងណា បុរស​ជនជាតិ​ចិន​ដែល​កាន់​កាំបិតប៉័ងតោ ក៏​បាន​កាប់​ខ្លួនឯង​របួស​ឈាម​ស្រោច​ខ្លួន​ផង​ដែរ ត្រូវ​សមត្ថកិច្ច​សម្រេច​សម្រុកចូល​ទៅ​ចាប់ បណ្តាល​អោយ​ជ្រុះ​កាំបិត​ពី​ដៃ ហើយ​នាំ​គ្នា​ចូល​ក្រៀក​ចាប់ខ្លួន​បាន​តែ​ម្តង នៅ​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០១ ធ្នូ ២០១៨​នេះ ស្ថិត​ត្រង់​ចំណុច​ផ្លូវ​លេខ​៤៣២ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

យ៉ាងណា គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជនជាតិ​ចិន​រូប​នេះ​ទេ ហើយ​ក៏​អត់​ដឹង​ជន​នេះ​កើត​បញ្ហា​អ្វី​ដែរ តែ​គេ​សង្ស័យ​គាត់​បែក​ថ្នាំ​(​គ្រឿងញៀន​) ដោយ​បាន​បង្ក​ការ​អុកឡុក​អស់​ជា​ច្រើន​ម៉ោង ទំ​រាំ​ឃាត់ខ្លួន​បាន ។

ស្ត្រី​ដែល​រង​របួស ដោយសារ​ជនជាតិ​ចិន​កាប់​មានឈ្មោះ មាស សានី អាយុ​៧០​ឆ្នាំ មុខរបរ​លក់​អំពៅ​សាង ស្នាក់​នៅ​ម្ដុំ​ស្ពានឈើ លូ​ទឹក​ស្អុយ ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។ ចំណែក​មន្ត្រី​សមត្ថកិច្ច​ដែល​រង​របួស​ដៃ គឺលោក​អនុសេនីយ៍ទោ ម៉ៅ សំណាង ដែលមន្ត្រីនគរបាលប្រចាំនៅខណ្ឌចំការមន ផ្នែកអន្តរាគមន៍ ។

គួរ​បញ្ជាក់​ថា ប៉ូលិស​ម្នាក់​ត្រូវ​ជន​នេះ​កាប់ បណ្តាល​ឱ្យ​រង​របួស​ដៃ​ឈាម ខណៈ​ព្យាយាម​ចូល​ទៅ​ឃាត់ខ្លួន មិនតែប៉ុណ្ណោះ ក៏​មាន​ស្ត្រី​ជា​អ្នកលក់​អំពៅ​សាង​ម្នាក់​ទៀត​របួស​ដូច​គ្នា និង​វាយ​បំផ្លាញ​ទ្រព្យ​ទ្រ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ខូចខាត​អស់​ជា​ច្រើន ។

ស្ថិត​នៅ​កន្លែង​កើតហេតុ គឺ​មានការ​ភ្ញាក់ផ្អើល​ដោយ​ម្នាក់​ៗ បាន​ភ័យ​ខ្លាច​ដោយសារ​ជន​នេះ​កាន់​កាំបិត​ដើរ​រេរា​ពេញ​ផ្លូវ និង​ស្រែក​គំរាម​កាប់​គេ​កាប់​ឯង​ទៀត​ផង ទើបត្រូវ​សមត្ថកិច្ច​ប្រើ​ធម៌​ក្តៅ​ចូល​ទៅ​វាយ​លែង​តដៃ​រួច ។

ក្រោយ​កើតហេតុ​ជនសង្ស័យ​ដែល​ជា​ជនជាតិ​ចិន​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្ដុំ​នោះ នាំ​គ្នា​ស្រុក​ចូលចាប់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ប​ញ្ចូ​ន​មន្ទីរពេទ្យ​រុ​ស្ស៊ី ផង​ដែរ ៕