ភ្នំពេញ​ ៖ ពិព័រណ៍​បង្ហាញ​ការ​ហោះហើរ​ឧទ្ធម្ភាគចក្រ​ប្រភេទ M-171A2 និង ANSAT របស់​ក្រុមហ៊ុន RUSSIAN HELICOPTER របស់​រុ​ស្ស៉ី នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិ​ចិន​តុង នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ។

ពិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូត​រុ​ស្ស៉ី​ប្រចាំ​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ក្រសួងការពារជាតិ និង​លោក​ឧកញ៉ា​ ​ផង​ដែរ ។

ការ​តាំងពិព័រណ៍​ឧទ្ធម្ភាគចក្រ​ទាំង​ពីរ​ប្រភេទ​នេះ មាន​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ក្នុង​នោះ​មាន​វិស័យ​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស ដែល​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​រុ​ស្ស៉ី បាន​ចុះ​កិច្ចព្រមព្រៀង សំដៅ​លើកកម្ពស់​ការ​អភិវឌ្ឍ ផលិតនិង​ការ​នាំ​ចេញ​ផលិតផល​បច្ចេកវិទ្យា​ផ្នែក​ឧស្សាហកម្ម​ទំនើប​របស់​រុ​ស្ស៉ី មក​កាន់​កម្ពុជា ក៏​ដូច​ជា​នៅ​លើ​ពិភពលោក​ ។

នាយ​ឧត្តមសេនីយ៍ ឈុំ សុ​ជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា បាន​ថ្លែង​ថា រុ​ស្ស៊ី គេ​យក​មក​បង្ហាញ​អោយ​ក្រសួងការពារជាតិ មើល​តែ​ប៉ុណ្ណោះ​ ។

នាយ​ឧត្តមសេនីយ៍ ឈុំ សុ​ជាតិ បាន​បញ្ជាក់​ថា មិនមែន​ជា​ការ​ទិញ​ឧទ្ធម្ភាគចក្រ​យោធា​ចំនួន​ពីរ​គ្រឿង​ពី​រុ​ស្ស៊ី នោះ​ទេ ។

អ្នក​មក​នាំពាក្យ​ក្រសួងការពារជាតិ បាន​អះអាង​ថា នេះ​មិនមែន​ជា​ការ​ទិញ​គេ គឺ​ខាង​រុ​ស្ស៊ី គេ​យក​មក​បង្ហាញ​អំពី​សមត្ថភាព​ឧទ្ធម្ភាគចក្រ របស់​គេ តែ​យើង​ពេញចិត្ត​ទិញ ឬ​មិន ជា​រឿង​យើង ៕