ខេត្តតាកែវ៖ យុវជនទំនើងម្នាក់បានដើរទៅផឹកស៊ីជាមួយនឹងមិត្ដភក្ដិ លុះពេលសុរាជ្រាបចូលក្នុងខ្លួន ធ្វើឲ្យគេនឹងឃើញរឿងចាស់ ក៏ផ្ទុះកំហឹងយ៉ាងក្រេវក្រោធឡើង ទាញកាប់ដើរទៅកាប់ស្រ្ដីម្នាក់​ បណ្ដាលឲ្យរយះខ្នង ហើយត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងភូមិបឹងសាទង ឃុំអូរសារាយ ស្រុកត្រាំកក់។

មន្រ្ដីនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ជនសង័្សយដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ យន់ សុវណ្ណារ៉ា អាយុ១៩ឆ្នាំ។ រីឯស្ត្រីរងគ្រោះឈ្មោះ សឿង ស្រី អាយុ៤០ឆ្នាំ ។ ពួកគេទាំង២នាក់ មានលំនៅក្នុងភូមិបឹងសាទង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវអំពើហិង្សានោះ​ ជនសង័្សយ និងជនរងគ្រោះ​បានកើតមានទំនាស់ពាក្យសម្ដីនឹងគ្នាយ៉ាងខ្លាំង ប៉ុន្តែអ្នកភូមិមិនបានដឹងថា ទំនាស់​នោះបានផ្ដើមចេញពីរឿងអ្វីនោះទេ។ បន្ទាប់ពីឈ្លោះគ្នាមួយប្រាវរួចមក ជនសង័្សយបានដើរទៅផឹកស៊ីជាមួយនឹងមិត្ដភក្ដិរបស់គេ។ លុះពេលគេផឹកស្រវឹង ក៏នឹកឃើញរឿងដែលបានឈ្លោះប្រកែកគ្នាជាមួយនឹង​ជនរងគ្រោះ ធ្វើឲ្យគេផ្ទុះកំហឹងឡើង ទាញកាំបិតប័ុងតោ ដើរមកកាប់ប្រហារទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយ នាំមកកាន់អធិការដ្ឋាននគរបាល​ស្រុកត្រាំកក់ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមផ្លូច្បាប់។ ដោយឡែកជនរងគ្រោះត្រូវ​បានសាច់ញាតិដឹក បញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ៕