ខេត្តកំពង់ធំ៖ ក្រុមហ៊ុន ឌូ​វេ​រ៉ា​ឃិ​ត​ឈិ​ន ខេ​ម​បូ​ឌា ដោយ​សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវ​កម្ម ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្តឹង​សមត្ថកិច្ច​ថា ក្រុមហ៊ុន​រៀប​ជា​អន្ទាក់ ខ​លតា​ម​ទូរស័ព្ទ​ប្រាប់​ថា ពួក​គាត់​ត្រូវ​រង្វាន់ ផាវ​វើ​បេង (Power Bank) ដើម្បី​បញ្ជោត​ឲ្យ​ប្រជាពលរដ្ឋ​ចូល​មក​កន្លែង​ទីតាំង​របស់​ខ្លួន ងាយស្រួល​បង្ខំ​ឲ្យ​ទិញ​សម្ភារៈ ដែល​មាន​តម្លៃ​ចាប់ពី​៣០០​ដុល្លារ រហូត​ដល់​ទៅ​១០០០​ដុល្លារ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​រសៀល​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ និង​លោក​អធិការ​ក្រុង​ស្ទឹង​សែន បាន​ដឹកនាំ​កម្លាំង​ទៅ​ពិនិត្យ​ទីតាំង​ក្រុមហ៊ុន ឌូ​វេ​រ៉ា​ឃិ​ត​ឈិ​ន ខេ​ម​បូ​ឌា DUVERA KITCHEN Cambodia នា​សណ្ឋាគារ​ដំរី​ជាន់​ខ្លា វ​ល្លិមាស នៅ​ជាន់​ទី​១ ស្ថិត​ក្នុងភូមិ​ដំរី​ជាន់​ខ្លា សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។ ក្នុង​ពេល​នោះ សមត្ថកិច្ច​ក៏​បាន​នាំ​នារី ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​ចំនួន​៧​នាក់ មក​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ផង​ដែរ ។

បើ​តាម​ជន​រង​គ្រោះ​ម្នាក់ ជា​មន្ត្រីរាជការ​បាន​រៀបរាប់​ថា នៅ​ថ្ងៃ​កើតហេតុ មាន​ក្រុមហ៊ុន ឌូ​វេ​រ៉ា​ឃិ​ត​ឈិ​ន ខេ​ម​បូ​ឌា បាន​ទូរស័ព្ទ​ប្រាប់​ថា រូប​គាត់​ត្រូវ​រង្វាន់​ថ្ម​បញ្ចូល​ទូរស័ព្ទ ឲ្យ​គាត់​មក​ទទួលយក​នៅ​ទីតាំង​ដាក់​តាំង​លក់​សម្ភារៈ​នេះ ស្ថិត​ក្នុង​សណ្ឋាគារ​យ៉ាង​ស្ងាត់​ៗ ក្នុង​បន្ទប់​តូច ដោយ​មិន​បាន​បើកចំហរ​ជា​សាធារណៈ ម៉ា​ស៊ី​ម៉ាស្សា​ខ្នង បំពង់​ចំ​ម្រោះ​ទឹក​ស្អាត ឆ្នាំង​ដាំបាយ ជើងក្រាន រួម​ទាំង​ថ្នាំ​មួយ​ចំនួន ដែល​ផលិតផល​ទាំងនេះ មាន​សរសេរ​លាយឡំ​គ្នា ខ្លះ​ជា​ភាសា​ជប៉ុន ខ្លះ​ភាសា​អង់គ្លេស ខ្លះ​ភាសា​ចិន តែ​បុគ្គលិក​ប្រចាំការ បាន​ប្រាប់​ថា ជា​ផលិតផល​របស់​អា​មេ​រិ​ក​កាំ​ង​ទាំងអស់ ។

ប្រភព​ដដែល បន្ត​ថា លុះ​មក​ដល់​គេ​បាន​និយាយ​រៀបរាប់​ពី​ផលិតផល​ផ្សេង​ៗ ជា​ហូរហែ បន្ទាប់​មក​ក៏​បាន​ឲ្យ​ជន​រង​គ្រោះ​ដេក​លើ ផ្ទាំង​ម៉ាស្សា​ដើរ​ដោយ​ចរន្តអគ្គិសនី ក្រោយមក​ក៏​បាន​យក​សន្លឹក​ឆ្នោត​ជា​ច្រើន​សន្លឹក​ឲ្យ​ចាប់ឆ្នោត​ដើម្បី​ទទួល​បាន​រង្វាន់​ធំ ក្រោយ​ពី​ចាប់​ហើយ ក៏​ស្រាប់តែ​បុគ្គលិក​ក្រុមហ៊ុន នាំ​គ្នា​ហ៊ោ​ត្រេ​ត​អរ​នឹង​ការ​ត្រូវ​រង្វាន់​ធំ ដែល​មាន​តម្លៃ​ជាង​២,០០០​ដុល្លារ តែ​ត្រូវ​បាន​បញ្ចុះតម្លៃ​ត្រឹម​ជាង​១,០០០​ដុល្លារ ខណៈ​ពេល​ដែល​ត្រូវ​រង្វាន់​មាន​បុគ្គលិក ដើរតួ​សម្តែង​ជា​ទូរស័ព្ទ ទៅ​រាយការណ៍​ជូន​មេ​ធំ​របស់​គេ​នៅ​ភ្នំពេញ ដើម្បី​ឲ្យ​មេ​បញ្ជាក់​ថា ជន​រង​គ្រោះជា​មនុស្ស​សំណាងល្អ​ណាស់ ដែល​ត្រូវ​រង្វាន់​បញ្ចុះតម្លៃ​ជាង​១,០០០​ដុល្លារ ដើម្បី​បង្ខំ​ឲ្យ​ជន​រង​គ្រោះ​ទិញ​សម្ភារៈ​ទាំងនោះ​ភា្ល​ម​ៗ ដែល​ជា​រង្វាន់ ដោយ​មិន​ទុក​ឱកាស​ឲ្យ​ពិភាក្សា​ពី​ក្រុម​គ្រួសារ​ឡើយ តែបើ​មិន​ទិញ​ទេ បុគ្គលិក​ទាមទារ​ប្រាក់​កក់​១០០​ដុល្លារ ។

ជន​រង​គ្រោះ បាន​បន្ថែម​ថា ទំនិញ​ទាំងនោះ គឺ​អន់​បំផុត ដែល​លក់​បើ​គិត​ពី​តម្លៃ គឺ​ថោក តែ​ក្រុម​បុគ្គលិក​ក្រុមហ៊ុន ប្រើ​មធ្យោបាយ​បង្ខំ​ឲ្យ​ទិញ ដោយ​មិន​ឲ្យ​ចាកចេញ​ទៅ​ណា ឬ​ក៏​សួរនាំ​អ្នក​ណា​ឡើយ សូ​ម្បី​តែ​ទូរស័ព្ទ ក៏​មិន​ឲ្យ​ជន​រង​គ្រោះ​ទាក់ទង​ដែរ តែបើ​អត់​លុយ​ទិញ​ទេ គឺ​ក្រុមហ៊ុន​នឹង​មាន​លុយ​ឲ្យ​ខ្ចី​បន្ថែម​ទៀត ។

ជន​រង​គ្រោះ បាន​បញ្ជាក់​ថា ចំពោះ​ឆ្នោត​ក្រោយ​ពី​ចាប់​បាន គឺ​ឲ្យ​អ្នក​ចាប់​ត្រូវ​ចុះហត្ថលេខា រីឯ​រង្វាន់​មិន​បាន​ឲ្យ​ទេ គឺ​បង្ខំ​ឲ្យ​ទិញ​អីវ៉ាន់​ផ្សេង​ស្នើ​នឹង​តម្លៃ​ទំនិញ​ហ្នឹង​ដែរ ដូច្នេះ​គឺជា​ល្បិច​បោក​ថ្មី សន្លឹក​ឆ្នោត គឺ​ត្រូវ​ទាំងអស់​គ្មាន​សន្លឹក​ណា​មិន​ត្រូវ​នោះ​ទេ បន្ទាប់​ពី​ត្រូវ​ហើយ បង្ខំ​ឲ្យ​ទិញ​អីវ៉ាន​មាន​តម្លៃ​ស្មើនឹង​រង្វាន់ ដូច្នេះ​មិន​ចាំបាច់​ចាប់ឆ្នោត​ធ្វើ​អី ចង់បាន​មក​ទិញ​តែ​ម្តង​វា​ល្អជា​ជាង ៕