ភ្នំពេញ ៖ លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​ស្នើ​ទៅ លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកស្រី ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឲ្យ​ចាត់វិធានការ​ផ្អាក​ការ​ផ្សាយ​បទ​ចម្រៀង «​ភ្ជុំបិណ្ឌ​នឹក​ស្រុក​» ដែល​ច្រៀង​ដោយ លោក ម៉ៅ ហា​ជី តារាចម្រៀង​ផលិតកម្ម​ថោ​ន ដែល​បាន​ចេញ​កាលពី​ឆ្នាំ​២០១៦ ក្រោយ​ពី​ពិនិត្យ​ឃើញ​ថា ប៉ះពាល់​ដល់​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក អ៊ិ​ត សំ​ហេង បាន​ប្រាប់​មូលហេតុ​ទៅ​កាន់​រដ្ឋមន្ត្រី​ពីរ​រូប​ទៀត​ថា បទ​ចម្រៀង «​ភ្ជុំបិណ្ឌ​នឹក​ស្រុក​» មាន​ឃ្លា​មួយ​ច្រៀង​ថា «​កម្មករ​និ​យោក​ជិត​មិន​ទាន់​បើក​ប្រាក់ខែ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ធ្វើ​ឲ្យ​កម្មករនិយោជិត​មិន​បាន​ទៅ​ស្រុក​កំណើត​ទៅ​លេង​ម៉ែ​-​ពុក​បាន​ត្រឹមតែ​ស្រក់​ទឹកនេត្រា ហើយ​បាន​ទូរស័ព្ទ​ប្រាប់​ម៉ែ ពុក​បន្ទាប់​ពី​ភ្ជុំបិណ្ឌ​រួច​ហើយ​បាន​អាច​ទៅ​លេង​ស្រុក​កំណើត​» ។

ត្រង់​អត្ថន័យ​នេះ​ហើយ បានជា​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ យល់​ថា ខុសឆ្គង ដោយ​ផ្ទុយ​ពី​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​ដែល​កំពុង​យកចិត្តទុកដាក់​លើ​កម្មករនិយោជិត ។

លោក អ៊ិ​ត សំ​ហេង បាន​ក្រើនរំលឹក​ដល់​ម្ចាស់​ផលិតកម្ម និង​អ្នកនិពន្ធ ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ការ​តែង​និពន្ធ ឬ​ការ​សម្តែង​ណា​ដែល​ប៉ះពាល់​ដល់​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​តម្រូវ​ឲ្យ​ស្ថានីយទូរទស្សន៍ ឬ​បណ្តាញ​ផ្សព្វផ្សាយ បញ្ឈប់​ការ​ចាក់​ផ្សាយ​បទ​ចម្រៀង «​ភ្ជុំបិណ្ឌ​នឹក​ស្រុក​» នេះ​ជា​បន្ទាន់ ។

បទ​ចម្រៀង​«​ភ្ជុំបិណ្ឌ​នឹក​ស្រុក​» ក្រោម​ហេតុផល​ថា មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​គោលនយោបាយ​រដ្ឋាភិបាល បាន​ផ្សា​យមក​ច្រើន​ឆ្នាំ​ដែរ​ហើយ នៅ​លើ You tube និង Facebook រួម​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ៗ​ទៀត បាន​ផ្សាយ​ជា​បន្តបន្ទាប់ អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ​នោះ ៕