ខេត្តស្វាយរៀង៖ ចិនទំនើងមួយក្រុមបានទាស់ពាក្យសម្ដីគ្នាយ៉ាងខ្លាំង ស្រាប់តែជនបង្កបានផ្ទុះកំហឹងយ៉ាងក្រេវក្រោធ ស្ទុះទៅយកទឹកក្ដៅជះពីលើគូទំនាស់ បណ្ដាលឲ្យរលាករលួយដៃរបស់បុរសចិនម្នាក់ ទើបសមត្ថ​កិច្ចចុះទៅឃាត់ខ្លួនបានម្នាក់ កាលពីវេលាម៉ោង៥រសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

មន្ត្រីនគរបាលក្រុងបាវិត បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ចាង ហោធាន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរជាបុគ្គលិក នៃក្រុមហ៊ុនភីងអាន មានលំនៅក្នុងខណ្ឌ យុងចូវ ខេត្តហូណាម ប្រទេសចិន។ រីឯជនរងគ្រោះ ឈ្មោះ ហ្វួ ធីងនុង ភេទប្រុស អាយុ២៦ឆ្នាំ ជន​ជាតិចិន មុខរបរជាបុគ្គលិក នៃកាស៊ីណូក្រោន មានទីតាំងស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានលំនៅក្នុងខេត្តស៊ីឈន ប្រទេសចិន។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវអំពើហិង្សានោះ គឺកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ មានជនជាតិចិនមួយក្រុមមានគ្នាចំនួន៧​នាក់ បានចូលទៅក្នុងបន្ទប់បរិវេណ នៃកាស៊ីណូម៉ុកបាយ ដែលមានទីតាំងស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ នៅពេលនោះ ជនជាតិចិនទាំងនេះបានទាស់ពាក្យសម្ដីគ្នាយ៉ាងខ្លាំង ស្រាប់តែជនបង្កបានយកទឹកក្តៅស្រោចពីលើដៃរបស់ជនរងគ្រោះ បណ្ដាលឲ្យរលាករលួយដៃ រួចហើយនាំគ្នាគេចខ្លួនបាត់អស់។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនបង្កបានម្នាក់ នាំទៅកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ ដោយឡែកជនសង័្សយចំនួន៦នាក់ទៀត កំពុងស្ថិតក្នុងការតាមស្វែងរកចាប់ខ្លួនពីសមត្ថកិច្ច៕