ខេត្តកំពង់ធំ ៖ រឿង​កំពុង​ល្បី​ដែល​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ចែកចាយ​បន្ត​គ្នា និង​ធ្វើការ​រិះគន់​លើ​ចំណារ​បែប​អសុរោះ នៅ​លើ​លិខិតផ្លូវការ​របស់​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ ផ្ញើ​ជូន​អភិបាលខេត្ត​កំពង់ធំ ស្តី​ពី​បទល្មើស​ព្រៃឈើ ត្រូវ​បាន​លោក សុខ លូ ចារ​ថា «​ធ្វើ​របាយការណ៍​យឺត​យ៉ាងនេះ បែប​ស៊ី​អាចម៍​មិន​ទាន់​ឆ្កែ​ទេ​មើលទៅ​» ។

ក្រោយ​ពី​មានការ​រិះគន់ លោក សុខ លូ បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និ​ច​ថា «​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​ចំពោះ​បញ្ហា​នេះ ហើយ​នេះ​ជា​ពិសោធន៍​ក្នុង​ការងារ​របស់ខ្ញុំ ។ ឯកសារ​នេះ តាំងពី​ឆ្នាំ​២០១៧ មក​ម្ល៉េះ ហើយ​ជា​ឯកសារ​ផ្ទៃក្នុង​(​សម្ងាត់​) ដែល​មិន​បាន​ផ្ញើ​ចេញ​ក្រៅ​ទេ ។ តាម​ខ្ញុំ​ចាំ កាល​ណោះ រឿង​នេះ​កើតឡើង ហើយ​រឿង​ក្តៅ តែ​ពុំ​មាន​អ្នក​ណា​រាយការណ៍​ឲ្យ​ខ្ញុំ​ទេ ។ ខ្ញុំ​បាន​ជំរុញ​ការ​ដោះស្រាយ ។ ជិត​ពីរ​ខែ ទើប​មាន​របាយការណ៍​មក​ដល់​ខ្ញុំ​» ។

លោក​អភិបាលខេត្ត​កំពង់ធំ បន្ត​ថា «​ដោយសារ​តែ​ស្និទ្ធស្នាល​ជាមួយ​លោក​ប្រធាន​មន្ទីរ ខ្ញុំ​រាប់អាន​គាត់ តាំងពី​គាត់​ផ្លាស់​មក​ធ្វើការ​នៅ​កំពង់ធំ ហើយ​ធ្លាប់​លេងសើច​ជាមួយ​គាត់​ពាក្យ​ហ្នឹង​ជា​ញឹកញយ ។ លោក​ប្រធាន​មន្ទីរ​កសិកម្ម​កំពុង​នៅ​ចិន​ជាមួយ​ខ្ញុំ ល្ងាច​នេះ បាន​ទៅ​ដល់​ខ្មែរ​វិញ ។ គាត់​ក៏​មិន​ដែល​ឃើញ​ឯកសារ​នេះ​ដែរ ។ ខ្ញុំ​ពិតជា​មានការ​សោកស្តាយ សូម​អរគុណ​!» ។

សូម​បញ្ជាក់​ថា រឿង​នេះ​បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១៧ មក​ម្ល៉េះ ប៉ុន្តែ​មិនដឹង​ថា​យ៉ាងម៉េច​បានជា​បែកធ្លាយ​លិខិតផ្លូវការ​ដល់​មហាជន ពិសេស​អ្នកលេង​ហ្វេ​ក​ប៊ុ​ក មាន​អ្នកខ្លះ​រិះគន់ និង​ខ្លះ​ទៀត​ក៏​បាន​គាំទ្រ​ចំណារ​មួយ​នេះ​ផង​ដែរ ។

អ្នកខ្លះ​រិះគន់​ថា ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ ដែល​មាន​តួនាទី​បម្រើ​ប្រជាពលរដ្ឋ បើ​មន្ត្រី​ជា​កូនចៅ ធ្វើ​ខុស​រហូត​ទៅ​ហើយ មេ​នៅ​តែ​សម្របសម្រួល អនុគ្រោះ​ៗ តើ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ពឹងពាក់​លើ​អ្នក​ណា​ទៅ ? នេះ​គឺជា​លិខិតផ្លូវការ មាន​ត្រា​ក្រហម​ត្រឹមត្រូវ ហេតុ​អ្វី​បានជា​លោក​ចារ ដោយ​ប្រើប្រាស់​ពាក្យ​អសុរោះ​បែប​នេះ​ទៅ​វិញ ? បើ​ទោះបីជា​លិខិត​នេះ ជា​លិខិត​ផ្ទៃក្នុង​ក៏​ដោយ បើ​លោក​ចង់​ប្រាប់ ឫ​ណែនាំ​ទៅ​កាន់​មន្ត្រី​ក្រោម​ឱវាទ គួរតែ​ធ្វើ​លិខិត​ផ្សេង​ប្រាប់​ទៅ​កាន់​បុគ្គល​នោះ ហេតុ​អ្វី​ចារ​លើ​លិខិតផ្លូវការ​បែប​នេះ​ទៅ​វិញ ?

ក្នុង​នោះ​ក៏​មាន​អ្នកគាំទ្រ​នឹង​ចំណារ​បែប​អសុរោះ ព្រោះថា ជាក់ស្តែង​ករណី​ចុះ​ចាប់​ជនល្មើស​កាប់​ដើមឈើ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៧ ហេតុ​អ្វី លោក​ប្រធាន​មន្ទីរ​បែរជា​ត្រូវ​ប្រើ​ពេល​រហូត​ដល់​ជិត​២​ខែ ដើម្បី​ធ្វើ​របាយការណ៍ ដាក់​ជូន​ចៅហ្វាយខេត្ត ? របាយ​ណ៍​ការ​យឺតយ៉ាវ​បែប​នេះ លោក​ចៅហ្វាយខេត្ត គួរតែ​មាន​សិទ្ធិ ព្រោះ​លោក​ជា​ប្រធាន​គណៈ​បញ្ជា​ខេត្ត អាច​ស្នើ​សុំ​ដក​ចេញពី​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន ដោយ​ហេតុផល របាយការណ៍​យឺត បូក​នឹង​រក្សា​ទុក​ជនល្មើស​ដើម្បី​កៀបស៊ី ហើយ​នៅ​ពេល​ដែល​ស៊ី​មិន​ដាច់ ទើប​រាយការណ៍​ឲ្យ​ចៅហ្វាយខេត្ត​ជា​ក្រោយ​…៕