ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ​ ចាត់តាំងរៀបចំព្រះរាជពិធីបុណ្យ ខួបលើក ទី១៤ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ។

យោងតាមសេចក្តីណែនាំ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ បានណែនាំគ្រប់រដ្ឋបាលខណ្ឌ មន្ទីរ-អង្គភាព ជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាអង្គម្ចាស់ជីវិត តម្កល់លើត្បូង ដោយមានការតុបតែងរចនាភ្លើងពណ៌ ចងទង់ជាតិ ទង់សាសនា ទង់ព្រះមាហាក្សត្រ បដា ពាក្យស្លោក មានសារលិខិតថ្វាយព្រះពរ និងណែនាំម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និង ប្រជារាស្រ្ត ចងទង់ជាតិឲ្យបានគ្រប់គេហដ្ឋាន។

គ្រប់រដ្ឋបាលខណ្ឌ ត្រូវរៀបចំពិធីចុះសួរសុខទុក្ខអ្នកជំងឺ នៅតាមមន្ទីរពេទ្យ មណ្ឌលកុមារ កំព្រា ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋក្រីក្រ នៅតាមសហគមន៍ ក្នុងមូលដ្ឋានរបស់ខ្លួន។ មន្ទីរព័ត៌មាន រាជ​ធានីភ្នំពេញ ត្រូវសហការជាមួយវិទ្យុ និងទូរទស្សន៍រាជធានីភ្នំពេញប៉ុស្តិ៍លេខ៣ ផ្សព្វផ្សាយឲ្យបាន ទូលំទូលាយនូវព្រះរាជសកម្មភាព និងស្នាព្រះហស្ត ព្រះករុណា ជាម្ចាស់ជីវិតតម្កល់លើត្បូង ជាទីសក្ការៈ។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវចាត់តាំងក្រុមតន្រ្តីសិល្បៈបុរាណ និងសម័យ សម្ដែង ជូនប្រជារាស្ក្រទស្សនា កម្សាន្តសប្បាយ នៅតាមទីសាធារណៈ ដើម្បីចូលរួមអបអសាទរ នៅក្នុងទិវាជា ប្រវត្តិសាស្រ្តនេះ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាល ខណ្ឌ​ទាំង១២ ត្រូវមានផែនការការពារជាក់ស្ដែង សម្រាប់បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់​ធ្នាប់សាធារណៈឲ្យបានរៀបរយ និងចរាចរឲ្យត្រឹមត្រូវ។

សូមជម្រាបថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរា​ជា​ណាចក្រកម្ពុជា ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤៕

សូមអានសេចក្ដីណែនាំរបស់សាលារាជធានីភ្នំពេញទាំងស្រុងដូចខាងក្រោម៖