ខេត្តស្វាយរៀង៖ សាកសពរបស់បុរសម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណដឹកតាមរថយន្តយកមកប្លុង ចោល ត្រង់ចំណុចមួយមានចម្ងាយប្រហែល៥០ម៉ែត្រ ពីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្រកម្ទេស ហើយត្រូវប្រជាពលរដ្ឋប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើលឆោឡោឡើង កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត។

មន្ត្រីនគរបាលក្រុងបាវិត បានឲ្យដឹងថា បើតាមការពិនិត្យនៅលើសាកសពរបស់ជនរងគ្រោះ ជនរងគ្រោះ​មានសម្បុរ ស និងសង្ស័យជាជនបរទេស ត្រូវបានឃាតកសម្លាប់នៅកន្លែងផ្សេង ហើយច្រក​តាម​ថង់ប្លាស្ទិក ពណ៌ខ្មៅ រួចដឹករថយន្តមកពីទិសខាងកើត យកមកទម្លាក់ចោលនៅលើចិញ្ចើមផ្លូវជាតិ​លេខ១ មានចម្ងារយប្រហែល៥០ម៉ែត្រពីប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រកម្ទេស។

បើតាមប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រហែលជា៤ទៀបភ្លឺ គេឃើញមានរថយន្តតូចមួយគ្រឿង បើកមកពីទិសខាងកើត។ លុះពេលរថយន្តនោះបើកមកដល់ចំណុចខាងលើ ក៏ឈប់មួយសន្ទុះ រួចហើយបត់រថយន្តត្រឡប់ទៅទិសខាងកើតវិញ។ ប៉ុន្តែនៅពេលនោះ អ្នកភូមិមិនបានចាប់អារម្មណ៍ថាមានរឿងអ្វីកើតឡើងនោះទេ។ លុះមកដល់វេលាម៉ោង៥ព្រឹក ទើបអ្នកលក់ នំប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើលឆោឡោ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន។

ប្រភពព័ត៌មានដដែល បានបន្ដថា បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះភ្លាម សមត្ថកិច្ចបានចុះ​មកពិនិត្យ តែមិនទាន់ស្គាល់ពីអត្តសញ្ញាណរបស់ជនរងគ្រោះនោះឡើយ។ ករណីនេះ គេអាចសន្និដ្ឋានថា សាកសពរបស់ជនរងគ្រោះ គឺជាជនបរទេស។ ប៉ុន្តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សមត្ថកិច្ចកំពុងរង់ចាំមន្ត្រីជំនាញបច្ចេកទេស មកធ្វើកោសល្យវិច័យបន្តទៀត៕