ខេត្តត្បូងឃ្មុំ៖ បុរសល្មោភកាមម្នាក់បានចាប់នារីម្នាក់រំលោភសេពសន្ថវៈ រហូតដល់បានសម្រេច ហើយរត់គេចខ្លួនបាត់ អស់រយៈពេល៣ឆ្នាំ ទើបវិលចូលស្រុកកំណើតវិញ ក៏ត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួនតាមដីកា កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិ៥៤ ឃុំទួលសុភី ស្រុកអូរាំងឪ។

មន្រ្ដីនគរបាលស្រុកអូរាំងឪ បានឲ្យដឹងថា ជនជាប់ចោទពីបទ “ចាប់រំលោភសេពសន្ថវៈ” ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ច្រឹក វ៉ាន់នី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចំការគរ ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។​ រីឯការឃាត់ខ្លួនជនជាប់ចោទម្នាក់នេះ គឺសមត្ថកិច្ចបានធ្វើឡើង តាមដីកាបង្គាប់​ឱ្យនាំខ្លួនលេខ ៧៦៨៦ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ចេញដោយលោក ប៉ុក សុវណ្ណមុន្នី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម បានចោទប្រកាន់ជននេះ ពីបទ “រំលោភសេពសន្ថវៈ” ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងភូមិ៥៤ ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

សូមជម្រាបថា ជនសង្ស័យឈ្មោះ ច្រឹក វ៉ាន់នី នេះ ត្រូវបានតុលាការខេត្តត្បូងឃ្មុំ បានសម្រេចឃុំខ្លួន​រយៈពេល១៨ខែ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ពីបទកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត ដែលបានប្រព្រឹត្ ដនៅភូមិចំការគរ ឃុំចក ស្រុកអូរាំងឪ កាលពីថ្ងៃទី១១ ខែសីហាឆ្នាំ២០១៥ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ០៤ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ចេញដោយលោក ឈិត វិនា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តត្បូងឃ្មុំ។

បច្ចុប្បន្ន ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន​នគរបាលខេត្តត្បូងឃ្មុំ កំពុងកសាងសុំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕