ភ្នំពេញ៖ បុរសកំណាចម្នាក់បានចែកផ្លូវគ្នា(លែងលះ)ជាមួយនឹងប្រពន្ធរួចហើយ បែរជានៅអាឡោះអាល័យ ចេះតែតាមអង្វរករ លួងលោមប្រពន្ធ សុំមករួមរស់នៅជុំគ្នាវិញ លុះឮនាងឆ្លើយថា មិនព្រម ស្រាប់តែគេផ្ទុះកំហឹងយ៉ាងក្រេវក្រោធ ស្ទុះទៅចាប់ក្មួយប្រុសសាច់ថ្លៃ នាំទៅបង្ខាំងទុក និងគំរាមសម្លាប់ ទើបសមត្ថកិច្ចចុះទៅរំដោះក្មេងប្រុសរងគ្រោះ និងចាប់ខ្លួនជនសង្ស័យ កាលពីវេលាម៉ោង២រសៀល ថ្ងៃ​ទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងផ្ទះជួលគ្មានលេខ តាមផ្លូវលំ ក្រុមទី៣ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យដែលចាប់ក្មួយប្រុសបង្ខាំងទុក និងគំរាមសម្លាប់​នោះ ឈ្មោះ ចាន់ ទិត្យសិទ្ធិ ហៅពេជ្រ អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលអគ្គិសនី ស្នាក់នៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ រីឯក្មេងប្រុសរងគ្រោះ ឈ្មោះ ពិសី បូរ៉ា អាយុ​១១ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យខាងលើនេះ ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួន ក្រោយពីមានពាក្យបណ្តឹងពីឪពុកម្តាយក្មេងរងគ្រោះ ដោយប្តឹងចោទប្រកាន់ថា បានចាប់កូនរបស់ពួកគាត់ (ក្មេងប្រុសរងគ្រោះ) បង្ខាំងទុក និងគំរាមសម្លាប់ កាលពីវេលាម៉ោង៧ និង​៣០នាទីព្រលប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨។

ប្រភពដដែលបន្តថា តាមការបញ្ជាក់នៅក្នុងពាក្យបណ្តឹងរបស់ឪពុកម្តាយក្មេងប្រុសរងគ្រោះ មូលហេតុដែលជនសង្ស័យចាប់បង្ខាំង និងគំរាមសម្លាប់ក្មេងប្រុសរងគ្រោះ គឺដោយសារតែជនសង្ស័យខឹងសម្បាពីរឿងសុំប្រពន្ធ ដែលត្រូវជាម្តាយមីងបង្កើតរបស់ក្មេងប្រុសរងគ្រោះ មកជានានឹងគ្នាវិញមិនបានដូចបំណង ទើបគេប្រើវិធីនេះ ដើម្បីគំរាមឱ្យប្រពន្ធ មករួមរស់ជុំជាមួយខ្លួនវិញ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម៉ូតូម៉ាកយ៉ាម៉ាហា Exciter ពណ៌ ក្រហមលាយខ្មៅ ១គ្រឿង លេខតួ 261938 ពាក់ស្លាកលេខ កំពង់ចាម 1J-5512 និងម៉ូតូម៉ាក Pulsar ពណ៌ខ្មៅ១គ្រឿង លេខម៉ាស៊ីន 4569 លេខតួ 15717 ពាក់ស្លាកលេខ ភ្នំពេញ 1-FR-2691 និងទូរស័ព្ទ​ដៃម៉ាក Samsung ពណ៌ទឹកមាស ស៊ីមកាតលេខ 087292948។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងពាក់ពន្ធ័ករណីខាងលើ ត្រូវមន្ត្រីជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕