ថៃ៖ ជារឿងដ៏រសើបមួយទៀត រហូតបង្កការក្ដៅក្រហាយដល់ប្រជាពលរដ្ឋខ្មែរ បន្ទាប់ពីពិធីករស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ១ បង្ហាញផែនទីប្រវត្តិសាស្ត្រថា គ្មានប្រទេសកម្ពុជានោះទេ និងអះអាងថាល្ខោខោលក៏មិនមែនជារបស់ខ្មែរដែរ ។ ពិធីកររូបនោះថែមទាំងបានបញ្ជាក់ថា ល្ខោន ខូន និង ល្ខោនខោល មិនមែនជារបស់ប្រទេសថៃ ឬប្រទេសកម្ពុជាឡើយ ព្រោះនៅក្នុងផែនទីប្រវត្តិសាស្ត្រគឺគ្មាន ប្រទេសកម្ពុជា នាកាលសម័យ សុខោទ័យ , សម័យ អយុធ្យា និង សម័យរតនៈកូស៊ីន ដូចនេះមិនដឹងថា កម្ពុជាកើតតាំងពីពេលណា ហើយល្ខោនខូន ឬល្ខោនខោល ក៏មិនដឹងមានប្រភពមកពីណានោះដែរ ។

ពិធីករប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ១ ដដែលបានបង្ហាញផែនទីប្រវត្តិសាស្ត្រទាំង៣ សម័យកាល ដោយបានអះអាងថា បើតាមផែនទីទាំង ៣នេះ ពុំមានឃើញប្រទេសកម្ពុជា និងប្រទេសថៃឡើយ ប៉ុន្តែអាចឱ្យដឹងបានថា ថៃ និងកម្ពុជា នៅលើទឹកដីរួមគ្នា ។

យ៉ាងណាមិញបើយោងតាមប្រវត្តិសាស្ត្រខ្មែរ បានស្ដែងឱ្យកូនខ្មែរទាំងអស់ដឹងច្បាស់ថា អាណាចក្រខ្មែរ ឬនគរវ្នំ (ជាឈ្មោះដែលជនជាតិខ្មែរហៅឈ្មោះប្រទេសរបស់ខ្លួន) កើតឡើងតាំងពីអំឡុងសតវត្សទី៣ និងរីកចម្រើងខ្លាំងនៅសតវត្សទី៦ ។

ចំណេរកាលតមក នៅសតវត្សទី៩ ដល់ សតវត្សទី១៣ នៅពេលនោះចក្រភពខ្មែរមានឈ្មោះថាកម្ពុជា បានគ្រប់គ្រងលើទឹកដីដ៏ធំចាប់តាំងពីរាជធានីនៅតំបន់អង្គរចាប់ពីភាគលិចកម្ពុជារហូតមក ។ ព្រឹត្តិកាណ៍សំខាន់បានកើតឡើងនៅឆ្នាំ ៨០២ គ.ស គឺព្រះបាទជ័យវរ្ម័នទី៣ ព្រះអង្គបានបង្រួបបង្រួមខ្មែរក្រោមរជ្ជកាលរបស់ទ្រង់ ឱ្យទៅជាព្រះរាជាណាចក្រមួយដែលទទួលបានឯករាជ្យពីអធិរាជអណាចក្រជ្វានៅតាមមាត់សមុទ្រ ហើយបានស្ថាបនាហរិហរាល័យ (រលួស) ជារាជធានីដំបូងនៅតំបន់អង្គរ។ ក្នុងរជ្ជកាលនៃព្រះបាទយសោវរ្ម័ន១ ជាស្ដេចល្បីល្បាញមួយអង្គ (៨៨៩ – ៩១០) ដែលរាជធានីរបស់ទ្រង់បានរើទៅឯយសោធរបុរៈវិញ។ ក្រោយមកទៀត ក្រោមរជ្ជកាលព្រះបាទជ័យវរ្ម័នទី៨ (គិតទាំងជ័យវរ្ម័នទី១ស្ទូន ត្រូវនឹងជ័យវរ្ម័នទី៧) (១១៨១-១២១០) ខ្មែរបានឈានមកដល់ចំនុចកំពូលនៃអំណាចខាងនយោបាយ និងការបង្កើតថ្មីនៃវប្បធម៌។

ផែនទីអាស៊ីអាគ្នេយ៍ប្រហែល នៅឆ្នាំ ៩០០ នៃគស. ដែលបានបង្ហាញ ចក្រភពខ្មែរក្នុងពណ៌ក្រហម ចាម្ប៉ាពណ៌លឿង និងហរិបុញ្ជ័យពណ៌បៃតងខ្ចី បូករួមទាំងរដ្ឋមួយចំនួនទៀត។

ព្រះបាទជ័យវរ្ម័នទី៨ ទទួលបានអំណាច និងទឹកដីជាបន្តបន្ទាប់ ដោយសារការធ្វើសង្គ្រាមបានជ័យជម្នះជាច្រើនលើកច្រើនសារ ។ ការធ្វើសញ្ជ័យរបស់ខ្មែរស្ទើរតែមិនឈប់ឈរ ពេលនោះខ្មែរបាន វាយលុកទីក្រុងកំណើតពួកចាម នៅតាមមាត់សមុទ្រដែលជាទីក្រុងដ៏មានអនុភាព។ ក៏ប៉ុន្តែ ការពង្រីកទឹកដីបានបញ្ឈប់ បន្ទាប់ពីបរាជ័យក្រោមដៃដាយវៀត។ បន្តបន្ទាប់ពីការសោយទិវង្គតនៃព្រះបាទជ័យវរ្ម័ន៨ ខ្មែរបានរងការដាំក្បាលចុះបន្តិចម្ដងៗ។ ឆ្នាំ ១១៧៧ អង្គរត្រូវបានកាន់កាប់លើកដំបូងដោយចាម្ប៉ាដែលជានគរជិតខាង ក៏ប៉ុន្តែការគំរាមកំហែងខ្លាំងជាងនេះ គឺពួកសៀមនៅសតវត្សទី១៣ ដែលលេចខ្លួនឡើងនៅសតវត្សទី១៤ រហូតដល់មានអត្ថិភាពជារដ្ឋសុខោទ័យ និងអយុធ្យា ហើយក៏បានរលាស់ខ្លួនចេញពីការគ្រប់គ្រងរបស់ខ្មែរ។
មកដល់ចំណុចនេះ បានសបញ្ជាក់យ៉ាងច្បាស់ថា អាណាចក្រសៀម ចាប់កំណើតក្រោយអាណាចក្រខ្មែរជាច្រើនសតវត្ស ពោលគឺចាប់កំណើតក្នុងសតវត្សទី ១៣-១៤ ប៉ុណ្ណោះ ។
ទាំងនេះគឺជាការសង្ខេបត្រួសៗប៉ុណ្ណោះសម្រាប់ប្រវត្តិសាស្ត្រខ្មែរ ដើម្បីឱ្យបងប្អូន ប្រជាពលរដ្ឋខ្មែរបានជ្រាប ហើយចំពោះការបកស្រាយរបស់ ពិធីករស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ១ ខាងលើនេះ តើបងប្អូនយល់យ៉ាងណាដែរ ។

ទាក់ទងនឹងលើកឡើងរបស់ពិធីករថៃនេះដែរ KBN ពុំទាន់អាចទាក់ទងសុំការបំភ្លឺពីសំណាក់អ្នកប្រវត្តិសាស្ត្រខ្មែរបានទេ ហើយក្រុមការងារយើងនឹងរង់ចាំសុំការបកស្រាយបន្ថែមទៀតពីសំណាក់ប្រិយមិត្តទាំងអស់គ្នា ដើម្បីកែសម្រួលកំហុសដោយអចេតនា នានា ព្រោះកន្លងមកយើងដឹងហើយថា សៀមតែងតែវង្វេងប្រវត្តិសាស្ត្រដើម្បីកេងយកផលប្រយោជន៍ខ្លួនជានិច្ច ៕
សហការី KBN