ភ្នំពេញ៖ យុវជនម្នាក់ទើបនឹងត្រឡប់មកលេងល្បែងផ្កាប់ផ្ងារជាមួយនឹងស្រីស្នេហ៍ នៅក្នុងបន្ទប់របស់នាង ក៏ជិះម៉ូតូត្រឡប់មកបន្ទប់ជួលខ្លួនវិញទាំងកណ្តាលអធ្រាត្រ ស្រាប់តែត្រូវជនសង្ស័យមួយក្រុមដេញតាមវាយ​ប្លន់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្លូវលេខ៩៥ កែងនឹងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹកកេងកងទី៣ ខណ្ឌចំការ​មន។

យុវជនរងគ្រោះដែលត្រូវចោរវាយប្លន់យកម៉ូតូនោះ ឈ្មោះ រុន រត្ននី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកហាងម៉ាស្ទ័រស៊ូគីស៊ុប នៅស្ទឹងមានជ័យ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកម៉ូតូដែលចោរប្លន់យកទៅនោះ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1D-3069។

បើតាមសម្តីរបស់យុវជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គឺកាលពីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ខ្លួនបានជិះម៉ូតូ១គ្រឿងទៅដេកនៅបន្ទប់ជួលរបស់ស្រីស្នេហ៍របស់ខ្លួន នៅក្បែរកន្លែងកើតហេតុ។ លុះមកដល់វេលាម៉ោង២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ទើបខ្លួនជិះម៉ូតូចេញពីបន្ទប់ជួលរបស់ស្រីស្នេហ៍ ត្រឡប់ទៅបន្ទប់ជួលរបស់ខ្លួន នៅម្តុំស្ទឹងមានជ័យ ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩៥ ក្នុងទិសដៅពីជើងទៅត្បូង។ ប៉ុន្តែនៅពេលខ្លួនធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង មិនចាំម៉ាក និងស្លាកលេខ បានដេញតាមពីក្រោយ រួចហើយបន្ថែមល្បឿន មកស្ទាក់ពីមុខ។ បន្ទាប់មកពួកចោរបានស្ទុះចុះមកវាយរូបគេ ធ្វើឱ្យរូបគេភ័យស្លន់ស្លោ រត់ចោលម៉ូតូ ទើបក្រុមចោរលើកយកម៉ូតូរបស់ខ្លួនជិះគេចបាត់អស់។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកម៉ូតូរបស់ខ្លួនមកវិញ និងដើម្បីទុកជាភស្ដុតាង ខ្លាចក្រែងជនល្មើស​យកម៉ូតូរបស់ខ្លួនទៅប្រព្រឹត្តនូវបទល្មើសផ្សេងៗ នាំឲ្យមានការពាក់ព័ន្ធដល់ខ្លួន៕