ខេត្តពោធិសាត់ ៖ ប្រជាពលរដ្ឋ​ក្នុងភូមិ និង​ភូមិ​ផ្សេង​ទៀត ក្នុងស្រុក​វាល​វែង នៅ​តែ​បន្ត​ចូល​ព្រៃ​កាប់​ឈើ ហើយ​កាប់​អារច្រៀក​ជា​កំណាត់​ៗ មាន​ទាំង​ឈើមូល ឈើ​ជ្រុង ដឹក​ជញ្ជូន​តាម​ម៉ូតូ​និង​រថយន្ត មក​លក់​អោយ​ក្រុម​ឈ្មួញ នៅ​ចាំ​ទិញ​យ៉ាង​ចំហរ គ្មាន​ខ្លាចក្រែង​អាជ្ញាធរ​បង្ក្រាប​ឡើយ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​ឈ្មួញ​សង្ស័យ​មាន​ខ្នងបង្អែក​រឹង​មាំ​ហើយ​មើលទៅ បានជា​ហ៊ាន​បើក​កន្លែង​ស្តុក ចាំ​ប្រមូល​ទិញ​ឈើ គ្រប់​ប្រភេទ​យ៉ាង​ពេញបន្ទុក គ្មាន​ឃើញ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ហ៊ាន​ចាត់វិធានការ​បង្ក្រាប ។

ប្រភព​ដដែល បញ្ជាក់​ថា ទីតាំង​ស្តុក​ឈើ​ចាំ​ទិញ​អនុ​ផល​ព្រៃឈើ​ខាងលើ​នេះ នៅ​ចំណុច​ទួល​គ្រោះ ស្ថិត​ក្នុងភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល​វែង ខេត្តពោធិសាត់ ។ នៅ​ពេល​ប្រមូល​ទិញ​បាន​ច្រើន គេ​នឹង​ដឹក​ជញ្ជូន​ចេញ​ទៅ​ស្រុក​យួន ។

មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់ ក៏​ដូច​ជា​កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ អ្នក​សារព័ត៌មាន​យើង នៅ​មិន​ទាន់​បាន​សុំ​ការ​បំភ្លឺ​ពី​ទីតាំង​ខាងលើ នៅឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី​១២ កញ្ញា ២០១៨ នេះ ។

ទោះបីជា​យ៉ាងណា ប្រជាពលរដ្ឋ​បារម្ភ​ថា បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​តូច​ប្រព្រឹត្ត​ឡើង​ដោយ​ប្រជាពលរដ្ឋ​ច្រើន​នាក់​នេះ នឹង​នាំ​ឲ្យ​ព្រៃឈើ ដែល​នៅ​សេសសល់ នឹង​ត្រូវ​បំផ្លាញ​អស់ នៅ​ពេល​ឆាប់​ៗ ខាង​មុខ​នេះ ៕