ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ បានធ្វើសកម្មភាពឆក់កាបូបប្តីប្រពន្ធ២នាក់មិនបានសម្រេច ត្រូវបានជនរងគ្រោះបើកបំបុក ឃាត់បានម្នាក់រួម នឹងម៉ូតូមួយគ្រឿង ចំណែកឯជនសង្ស័យម្នាក់ទៀត រត់គេចខ្លួនបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលវេលម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវបេតុងភូមិ ចំការឪឡឹក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ សេង ហម ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅផ្លូវ៥១៤ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក មានប្រពន្ធឈ្មោះ ហ៊ន ស្រីពេជ្រ អាយុ៣១ឆ្នាំ មុខរបរ នៅផ្ទះរស់ជាមួយប្តី។ ជនសង្ស័យឈ្មោះ កែវ សុវណ្ណរចនា អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិប្រពេជ្រ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាក ស៊ុយសូគីនិច ពណ៌ទឹកប្រាក់ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះជាប្តីបាននិយាយថា នៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូឌុបប្រពន្ធរបស់គាត់ ពីផ្ទះបងប្អូនរបស់គាត់ទៅការាស់រថយន្តរបស់គាត់វិញ ដោយប្រពន្ធរបស់គាត់កាន់កាបូប លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញជនសង្ស័យចំនួន ២នាក់ជិះម៉ូតូមួយគ្រឿងស៊ុយសូគីនិចមួយគ្រឿង បានជិះពីក្រោយហើយធ្វើសកម្មភាពឆក់កាបូបពីប្រពន្ធរបស់គាត់បណ្តាលឱ្យធ្លាក់ពីម៉ូតូរងរបួសរលាត់ដៃរលាត់ជើង។

ប្រភពបានបន្តទៀតថាខណៈពេលភ្លាមៗនោះ ជនរងគ្រោះជាប្តីបានដឹងថាជនសង្ស័យខាងលើបានធ្វើសកម្មភាពឆក់កាបូបប្រពន្ធរបស់ខ្លួន គាត់ក៏បានបើកម៉ូតូបំបុកម៉ូតូជនសង្ស័យបណ្ដាលឱ្យដួលម៉ូតូនិងរួមទាំងប្រជាពលរដ្ឋឃាត់បានជនសង្ស័យម្នាក់ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ ឃាត់ជនសង្ស័យបានម្នាក់ហើយ ជនរងគ្រោះទាំង២នាក់បាននាំគ្នាទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ដើម្បីឱ្យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅ ជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមនីតិវិធី ៕