ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​តំណែង ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី ក្រោម​អធិបតីភាព លោក ចាន់ អ៊ា​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចាំ​នួន​ទៀត ។

លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ ជំនួយការ​ដឹកនាំ​នាយកដ្ឋាន​នគរបាល​ការពារ និង​អង្គភាព​តម្រួត​បទបញ្ជា បាន​ចូល​កាន់​តំណែង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជំនួស​លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ជា​ផ្លូវការ​ហើយ ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ទូល​ថ្វាយ​ព្រះមហាក្សត្រ ដាក់​ឱ្យ​ចូល​និវត្តន៍​កាលពី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨​កន្លង​ទៅ លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ត្រូវ​បាន​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ ។

ព្រះមហាក្សត្រ ព្រះ​អង្គ​បាន​ចេញ​ព្រះរាជក្រឹត្យ ផ្ទេរ​ភារកិច្ច និង​តែងតាំង​លោកនាយ​ឧត្តម​ស​សេនីយ៍ ជួន សុវណ្ណ ពី​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​មក​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ជំនួស​លោក​កៅ ខុន​ដា​រ៉ា ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី ៕