ភ្នំពេញ៖ មកទល់ពេលនេះហាក់ដូចជាស្ងាត់ដំណឹងសូន្យឈឹងទាក់ទងនឹងករណីក្រុមចោរប្រដាប់អាវុធចូលប្លន់សាខាធនាគារ ឥណ្ឌូឆៃណា RHB ដែលស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង នៅជាមួយអគារវិទ្យាស្ថានគណនេយ្យវណ្ណដា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ដែលក្នុងករណីនេះត្រូវបានរាយការណ៍ថា ក្រុមជនសង្ស័យបានប្រមូលលុយបានប្រមាណជាង ១ម៉ឺនដុល្លារឯណះ ។

ថ្វីបើភ្លាមៗនោះ គ្រប់សកម្មភាពរបស់ក្រុមចោរដែលមានគ្នាប្រមាណ ៤នាក់ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពក្នុងធនាគារយ៉ាងណាក្ដី រហូតទល់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៨ នេះមានរយៈពេល ១១ថ្ងៃមកហើយ នៅតែមិនទាន់មានដំណឹងណាមួយពីក្រុមជនសង្ស័យ ដែលនាំឱ្យប្រជាពលរដ្ឋអន្ទះសារចង់ដឹងយ៉ាងខ្លាំង ។

សូមរំឮកថា កាលពីវេលាម៉ោងប្រហែង ១២ ថ្ងៃត្រង់ ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៨ក្រុមចោរប្រដាប់អាវុធបានសម្រុកចូលប្លន់ធនាគារ RHB ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតនៅជាមួយអគារវិទ្យាស្ថានគណនេយ្យវណ្ណដា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ប្លន់បានលុយជាង ១០ម៉ឺនដុល្លារ ហើយនេះជាលើកទី១ហើយ ដែលមានក្រុមចោរប្រដាប់អាវុធ ចូលប្លន់ធនាគារទាំងកណ្ដាលថ្ងៃបែបនេះ ដែលវាហាក់ដូចជានឹកស្មានមិនដល់ ពោលគឺប្រៀបដូចជានៅក្នុងរឿងយ៉ាងដូច្នេះដែរ ។ យ៉ាងណាមិញក្រៅពីចាប់បានរូបថត និងសកម្មភាពនៅក្នុងកាមេរ៉ាសុវត្ថិភាព សមត្ថិកិច្ចនៅមិនទាន់បានចាប់ខ្លួនជនសង្ស័យទាំងនោះមកផ្ដន្ទាទោសនៅឡើយទេ ៕
សហការី KBN