ភ្នំពេញ៖ បុគ្គលិកសិប្បកម្មធ្វើនំពងទាចំនួន១៤នាក់ ក្នុងចំណោមបុគ្គលិកជាង៣០នាក់ ត្រូវបានថៅកែប្រដេញចេញពីកន្លែងទាំងយប់ ថែមទាំងមិនព្រមបើកប្រាក់ខែឱ្យ និងបានប្រើប្រាស់អំពើហិង្សា ទៅលើបុគ្គលិកទាំងនោះថែមទៀតផង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចសិប្បកម្មធ្វើនំពងទាយីហោ ឡាយ គាងហួរ ក្បែរផ្ទះសំណាក់ស្ទឹងលាភ ស្ថិតតាមបណ្តោយផ្លូវលំ ក្រុមទី១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

បើតាមសម្តីពីបុគ្គលិកប្រុសស្រីទាំង១៤នាក់ខាងលើ បានរៀបរាប់ឱ្យដឹងថា ពួកគេទាំងអស់គ្នាគឺមានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ ហើយពួកគាត់មកធ្វើការនៅសិប្បកម្មធ្វើនំខាងលើនេះទើបតែបានបួនថ្ងៃនោះទេ ។ មុនពេលកើតហេតុ យុវតីម្នាក់មានឈ្មោះ ហៃ នីតា អាយុ១៦ឆ្នាំ ជាអ្នកធ្វើការជាមួយគ្នា និងបងស្រីនាងម្នាក់ទៀត បានយកខោអាវដែលបោករួចទៅហាលនៅខាងលើដំបូលផ្ទះក្នុងសិប្បកម្មខាងលើ។

បន្ទាប់មកក៏មានយុវជនម្នាក់ទៀតមានឈ្មោះ សឹង រត្នណាក់ អាយុ១៨ឆ្នាំ ជាបុគ្គលិកធ្វើនំនៅកន្លែងកើតហេតុ ក៏បានទៅឈរនិយាយគ្នាលេង និងជួយហាលខោអាវយុវតីខាងលើ ក្នុងនាមជាអ្នកភូមិផងរបងជាមួយ និងធ្វើការជាមួយគ្នា។ លុះដល់វេលាកើតហេតុ ក៏មានបុរសម្នាក់មិនស្គាល់ឈ្មោះដែលជាថៅកែ និងម្ចាស់សិប្បកម្មធ្វើនំពងទាខាងលើ បានឡើងមកខាងលើដំបូលផ្ទះ ឃើញយុវជននិងយុវតីទាំងពីរនាក់នោះ កំពុងឈរនិយាយគ្នាលេង ស្រាប់តែបុរសជាថៅកែខាងលើ បានស្ទុះមកវាយយុវតីខាងលើមួយកំភ្លៀងចំថ្ពាល់ខាងឆ្វេងបណ្តាលឱ្យហើម ដោយចោទពួកគេទាំងពីរនាក់ថា មានលួចលាក់ស្នេហានៅក្នុងសិប្បកម្មរបស់ខ្លួន។

រួចក៏បានប្រដេញយុវជនខាងលើចេញពីរោងសិប្បកម្មទាំងយប់ ដោយថែមទាំងស្រែកចោទយុវជនខាងលើថាជាចោរទៀតផង ដែលបង្កឱ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិកដែលធ្វើការនៅកន្លែងកើតហេតុនាំគ្នាចេញមកមើល។ បន្ទាប់មកថៅកែរូបនោះ បានដេញបុគ្គលិកផ្សេងទៀតឱ្យចូលទៅក្នុងសិប្បកម្មនោះវិញ រួចក៏ទាញទ្វារបងបិទ។ ហើយបុរសដែលជាថៅកែរូបនោះ បានស្រែកដាក់ទៅបុគ្គលិកទាំងអស់ថា បើអាណាចង់ចេញទៅវិញ ចេញទៅយប់នេះឱ្យហើយ តែត្រូវបង់លុយឱ្យរូបគេដែលជាថៅកែក្នុងម្នាក់ចំនួន២០ដុល្លារទើបអាចចេញបាន ហើយបើអាណាហ៊ាន់ផ្លោះរបង នឹងប្រាប់ប៉ូលិសឱ្យចាប់ដាក់គុក ។

ការឈ្លោះប្រកែកគ្នារវាងបុគ្គលិកដែលទើបចូលមកធ្វើការ និងបុរសជាថៅកែ ក៏បានប្រដេញបុគ្គលិកដែលទើបចូលមកធ្វើការខាងលើ ឱ្យចេញទៅខាងក្រៅ រួចបិទទ្វាររបងចាក់សោជិត ដោយមិនយកអ្វីចេញទៅទាំងអស់ សូម្បីតែខោអាវរបស់ពួកគេ។ ដោយឡែកបុគ្គលិកផ្សេងទៀត ដែលមិនត្រូវបានថៅកែខាងលើប្រដេញចេញ គឺបាននាំគ្នាទៅសម្ងំដេកនៅខាងក្នុងបាត់អស់ទៅ ។

បន្ទាប់មកពួកគាត់ជាបុគ្គលិកដែលត្រូវបានថៅកែដេញចេញខាងលើ បានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយអន្តរាគមន៍ ខណៈពេលដែលសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ ទើបបុរសដែលជាថៅកែព្រមប្រគល់របស់របរមកឱ្យបុគ្គលិកទាំង១៤នាក់ខាងលើវិញ ប៉ុន្តែមិនព្រមបើកប្រាក់ខែដែលបុគ្គលិកទាំងអស់នោះធ្វើបានចំនួន៤ថ្ងៃ មកឱ្យពួកគេទាំង១៤នាក់នោះទេ ។

ក្រោយពេលកើតហេតុ ដោយក្តីអាណិតអាសូរ ក៏មានប្រជាពលរដ្ឋខ្លះបានជួយជាលុយបន្តិចបន្តូច និងខ្លះទៀតជួយជាគ្រឿងបរិភោគទៅបុគ្គលិកដែលត្រូវថៅកែប្រដេញចេញដូចជាសត្វធាតុខាងលើសម្រាប់ជាសាហ៊ុយទៅស្រុកវិញ។ បន្ទាប់មកបុគ្គលិកប្រុសស្រីទាំង១៤នាក់នោះបាននាំគ្នាចេកចេញពីសិប្បកម្មកើតហេតុខាងលើ ទៅរកកន្លែងសំរាកមួយយប់សិនរងចាំព្រឹកស្អែក ទៅដាក់ពាក្យបណ្ដឹង ហើយត្រឡប់ទៅស្រុកកំណើតវិញ ។

គួរបញ្ជាក់ថាសិប្បកម្មកើតហេតុខាងលើ គឺសង្កេតឃើញមានកុមារអាយុក្រោម១៨ឆ្នាំ ដែលមិនទាន់គ្រប់អាយុបំពេញការងារ បានមកបំរើការងារនៅក្នុងសិប្បកម្មខាងលើជាច្រើនអ្នក ដូច្នេះយើងសង្ឃឹមថាសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនិងមានចំណាត់ការទៅលើសិប្បកម្មខាងលើ ។

ក្រោយពេលថៅកែប្រុសបានទះកំផ្លៀង លើក្មេងស្រីនិងស្តីបន្ទោស កម្មករទាំងកណ្តាលយប់ ផ្អើលដល់ដល់ក្រុមអ្នកសារព័ត៌មានចុះទៅផ្តិតរូបនិង Live ផ្ទាល់ផ្អើលដល់លោកជំទាវ ហ៊ុន ចានថុល បានឱ្យក្រុមការងារចុះទៅរំដោះយកកម្មករប្រុសស្រីចំនួន១៥នាក់ យកមកស្នាក់នៅផ្ទះសំណាក់ បណ្តោះអាសន្នមួយយប់ នៅឯខណ្ឌចំការមន ។ លុះនៅវេលាម៉ោង២រសៀលថ្ងៃទី០១ខែកញ្ញាឆ្នាំ២០១៨ ក្មេងកម្មករប្រុសស្រីទាំង១៥នាក់បាននាំគ្នាមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិនគរបាលស្ទឹងមានជយ័១ ប្តឹងលោកថៅកែប្រុសឈ្មោះ ធួក គួង ភេទប្រុស អាយុ ៥៥ឆ្នាំ ពីបទប្រើអំពើហិង្សា ។

ក្រោយពេលដាក់ពាក្យបណ្តឹងចប់សព្វគ្រប់ហើយ លោកជំទាវ ហ៊ុន ចាន់ថុល ដែលត្រូវជាក្មួយស្រីបង្កើតរបស់សម្តេចតេជោហ៊ុនសែន បានផ្តល់រថយន្តដឹកជញ្ជូនក្មេងប្រុសស្រីទាំង១៥នាក់និងផ្តល់ថវិកាក្នុងម្នាក់ៗ ១០ម៉ីនរៀល និងឱ្យក្រុមការងារដឹកជញ្ជូនក្មេងៗទាំងនោះត្រលប់ទៅស្រុកកំណើតវិញផងដែរ ៕