កុមារីអាយុ៧ឆ្នាំ ចេញពីរៀនដើរលេងជាមួយមិត្តភក្កិ រហូតដល់យប់ រកផ្លូវទៅផ្ទះអត់ឃើញ ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន បង្កឲ្យមានការភ្ញាក់ផ្អើលមួយ បានកើតឡើង កាលពីវេលាម៉ោង ៨និង៤៥នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចមុខសាលាមឋមសិក្សា ហាំងងោ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

កុមារីដែលវង្វេងផ្ទះមានឈ្មោះ ពេជ្រ ចាន់បូរមី អាយុ៧ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី១ នៃសាលាបឋមសិក្សាកូឡាបទី១ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានបងប្អូន៥នាក់ ស្រី២នាក់និងប្រុស៤នាក់ ជាកូនទី៥។ មានម្តាយឈ្មោះលីដា អាយុ៣៧ឆ្នាំ មុខរបរអ្នកអនាម័យ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមសំដីកុមារីដែលវង្វេងផ្ទះ បានឲ្យដឹងថា មុនពេលកើតហេតុ កូនស្រីរបស់គាត់ បានទៅរៀន លុះពេលចេញពីរៀនវិញ បានទៅដើរលេងជាមួយក្មេងៗគ្នាគេ នៅសាលាបឋមសិក្សា ហាំងងោ រហូតដល់យប់ក្មេងៗ ដែលលេងជាមួយគេ ទៅផ្ទះអស់ ទើបកូនរបស់គាត់ដើរទៅផ្ទះដែរ បានដើរវង្វេងផ្លូវទៅផ្ទះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ បាននាំយកទៅប្រគល់ឲ្យ នគរបាលប៉ុស្តិ៍ស្រះចក រក្សាទុកនិងបានផ្សព្វផ្សាយតាមវិទ្យុប្រកាសរកម្តាយ ។

ប្រភពដដែលបន្តទៀតថា ពេលដែលកូនបាត់យូរពេក បានដើររកកូនអត់ឃើញទេ ទាល់តែយប់ទើបដឹងតាមវិទ្យុ ក៏បានទៅរកកូនស្រីនៅប៉ុស្តិ៍ស្រះចក។ ម្តាយបានបញ្ជាក់ថា ប្តីរបស់គាត់បានរត់ចោលគាត់ និងកូន ទុកឲ្យគាត់ជាអ្នកចិញ្ចឹម កន្លងមកកូនស្រីពៅនេះ តែងតែវង្វេងផ្លូវជាញឹកញាប់ ប៉ុន្តែគាត់តាមរកឃើញវិញ ។

បន្ទាប់ពីរកកូនឃើញវិញ ស្រ្តីជាម្តាយក៏បាននាំកូនត្រឡប់ទៅផ្ទះវិញទាំងយប់ ៕