ខេត្តបាត់ដំបង៖ បុរសម្នាក់ចំពាក់បំណុលគេវណ្ឌក ហើយត្រូវប្រពន្ធរត់ចោលទៀត ទើបធ្វើឲ្យគាត់ឈឺចុកចាប់ពេញដើមទ្រូង រហូតលែងចង់រស់ ក៏គិតខ្លីរត់ទៅចងកសម្លាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពី​វេលា​ម៉ោង​៩ និង៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ២០១៨ នៅ​ត្រង់ចំណុចអូរ​ចម្លង​​ស្នេហ៍ ​ស្ថិត​​ក្នុងភូមិ​ដី​ល្អ ឃុំ​អូ​ររំដួល ស្រុក​ភ្នំព្រឹក។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតមាននូវគ្រោះអកុសលនោះ ជនរងគ្រោះ​ និងប្រពន្ធរបស់គាត់បានជំពាក់បំណុលគេវណ្ឌក។ លុះក្រោយមក ប្រពន្ធបានរត់ចោលគាត់ថែម​ទៀត ទើបធ្វើឲ្យជនរងគ្រោះកើតទុក្ខរីងរៃ គិតតែពីដើរផឹកស្រា ដើម្បីបំបាត់ទុក្ខ។ តែទោះជាគាត់​ស្រវឹងយ៉ាង​ណា​ ក៏គាត់នៅតែមិនអាចបំបាត់នូវការឈឺចុកចាប់បានដដែល។ រីឯសាច់ញាតិក៏ចេះតែនិយាយលួង​លោមគាត់ដែរ តែនៅពេលសាច់ញាតិភ្លេចខ្លួន ស្រាប់តែជនរងគ្រោះបានរត់ទៅចងកសម្លាប់ខ្លួន។

មន្ត្រីនគរបាលស្រុកភ្នំព្រឹក បាន​​ឱ្យ​​ដឹង​ថា ជន​រង​គ្រោះ ​ឈ្មោះ ​រស់ គង់​ ​​អាយុ​៥៣​ឆ្នាំ មុខរបរជា​អ្នក​​ធ្វើ​​ចម្ការ រស់នៅ​ភូមិ​​-​ឃុំ​ខាងលើ​។ ជន​រង​គ្រោះ​បាន​យក​ខ្សែ​​គោ​មកចងក​សម្លាប់​ខ្លួន​ នៅលើ​ដើមឈើ​ខាងក្រោយ​ផ្ទះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ រួចហើយបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់​សាកសពជូនសាច់ញាតិ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕