ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ បានព្រមានចាប់លោក គឹម សុខ អ្នកវិភាគនយោបាយ ដាក់ពន្ធនាគារវិញ ពីព្រោះនៅជំពាក់លុយ៨០០លានរៀល ទៅដើមបណ្តឹងវិញ ទោះរួចទោសក៏ដោយ ប៉ុន្តែលុយនៅមិនទាន់សង ដូច្នេះកុំព្រហើន ព្រោះគុកនៅកំពុងរង់ចាំអ្នកឯងដដែល។

សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ការចាប់ខ្លួន និងការដោះលែង គឺជាការប្រើអំណាច។ ត្រង់ចំណុចនេះ សម្តេចបានពន្យល់ដល់អ្នកទាំងនោះវិញថា រាល់អំណាចទាំងអស់ ត្រូវបានច្បាប់អនុញ្ញាតឲ្យប្រើ ផ្ទុយទៅវិញប្រសិនបើមិនអនុវត្ត ទើបជាការខុសច្បាប់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា “គណបក្សប្រជាជនកម្ពុជាត្រូវគេជំពាក់៨០០លាន​រៀល អ៊ីចឹងត្រូវរកលុយសង បើមិនសងលុយទេ ប្រហែលជាចូលគុកវិញ ព្រោះអ្នកឯងមិនសងលុយ អ្នក​ឯងជាប់ទោស រួចតែទោសទេ តែលុយត្រូវសង បើករណីលើកលែងទោស ត្រូវរួចទាំងអស់។ អ៊ីចឹងត្រូវ​បែង​ចែកគ្នាឲ្យច្បាស់ ស្អីនីតិមាត់ ឥឡូវខ្ញុំនិយាយនីតិមាត់ នីតិមាត់ហ្នឹង វាចេញពីនីតិរដ្ឋ អ្នកឯងចង់និយាយថា ខ្ញុំនីតិមាត់ ឥឡូវខ្ញុំនិយាយ ចង្អុលនីតិមាត់ ខ្ញុំនិយាយអ្វីដែលយោងទៅលើទិដ្ឋភាពច្បាប់ អ្នកឯងមិនទាន់បានសងលុយទៅភាគីរងគ្រោះ ដែលតុលាការបានកាត់ឲ្យអ្នកឯង​សង​៨០០លានអ្នកឯងបានសងហើយឬនៅ? អ៊ីចឹងមេធាវីរបស់គណបក្សប្រជាជន ត្រូវបន្តតាមទារលុយ កុំអាលព្រហើន គុកវានៅរង់ចាំ គុកវានៅចំហ”។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ការលើកលែងទោសបងប្អូនជនរួមជាតិកន្លងទៅថ្មីៗនេះ គឺជាទឹកចិត្តអាណិតស្រឡាញ់ និងសន្ដោសប្រណី ក្នុងនាមសម្តេចជានាយករដ្ឋមន្រ្តីដែលមានសិទ្ធិអំណាច អាចស្នើសុំព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រកម្ពុជា។ ការលើកលែងទោសនេះ គឺបើពេល​ណាអាចធ្វើបាន គឺសម្តេចនឹងធ្វើ ដើម្បីបង្ហាញពីសាមគ្គីភាព ក្នុងចំណោមបងប្អូនជនជាតិយើង។ នេះគឺមិនមែនដោយសារមានការគាបសង្តត់ពីបរទេសណានោះទេ។ ដូចសាធារណជនបានដឹងហើយថា កន្លងទៅថ្មីៗនេះ គឺបងប្អូនអ្នកទោសបានធ្វើលិខិតសុំលើកលែងទោសមកនាយករដ្ឋមន្ត្រី ដូចជាករណីលោក អ៊ុំ សំអាន, លោក មាជ សុវណ្ណារ៉ា, អ្នកស្រី ទេព វណ្ណនី និងអ្នកទោសមួយចំនួនទៀត គឺពួក​គេ​បានដឹងពីទោសកំហុសរបស់ពួកគេពិតប្រាកដ។ ដូច្នេះសម្តេចសូមប្រកាសឲ្យគ្រប់បណ្តាសារព័ត៌មានទាំងអស់ រួមទាំងវិទ្យុ និងទូរទស្សន៍ ត្រូវយកលិខិតសុំទោសទាំងអស់នោះទៅផ្សាយជាសារធារណៈឲ្យមហាជន​បានដឹងផង។

សូមបញ្ជាក់ថា លោក គឹម សុខ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញ កាលពីថ្ងៃទី១៧ ខែ សីហា ឆ្នា២០១៨។ ការដោះលែងលោក គឹម សុខ បន្ទាប់ពីតុលាការក្រុងភ្នំពេញ បានបើកសវនាការសាកសួរ និងពិនិត្យលើការអនុវត្តទោសរបស់លោក ក្នុងពន្ធនាគារ ដើម្បីពិចារណាថា តើត្រូវដោះ លែង ឬបន្តការឃុំខ្លួនទៀត។

លោក គឹម សុខ ជាអ្នកវិភាគព្រឹត្តិការណ៍សង្គម និងនយោបាយកម្ពុជា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ និងពិន័យជាប្រាក់ចំនួន៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្តដល់ដើមបណ្តឹង៨០០លានរៀល។

តុលាការរាជធានីភ្នំពេញ បានចោទប្រកាន់លោក គឹម សុខ ពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍។ ការចោទប្រកាន់នេះ ធ្វើឡើងតាមបណ្តឹងរបស់មេធាវីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោកគឹម សុខ បានអះអាងតាមវិទ្យុអាស៊ីសេរីថា គណបក្សប្រជាជនកម្ពុជា គឺជាអ្នកនៅពីក្រោយខ្នងអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី៕