កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ក្រុមហ៊ុន ម៉ូធ័រ អ៊ីមេជ ខេមបូឌា​ ដែលជាតំណាងចែកចាយផ្តាច់មុខរថយន្ត ស៊ូបារុ តែមួយគត់ប្រចាំព្រះរាជា​ណាចក្រកម្ពុជា បានរៀបចំកម្មវិធី ការប្រកួតដាក់បាតដៃលើរថយន្ត ស៊ូបារុ ជាលើកទី៨ នៅរាជធានីភ្នំពេញ នៅផ្សារទំនើបសុវណ្ណា ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៩ យប់។

មានបេក្ខជនប្រមាណជាង៦០នាក់ បានមកចុះឈ្មោះចូលរួមប្រកួតក្នុងឆ្នាំនេះ ហើយបេក្ខជនចំនួន ១០រូប ដែលបានជ្រើសរើសនឹងទទួលបានការចំណាយទាំងការធ្វើដំណើរ និងការស្នាក់នៅក្នុងប្រទេសសិង្ហបុរី ដែលជាកន្លែងប្រកួតវគ្គផ្តាច់ព្រាត់ជាមួយនឹងបេក្ខជនដែលឈ្នះមកពីបណ្តាប្រទេសផេ្សងៗក្នុងអាស៊ាន ដើម្បីឈ្នះរង្វាន់ធំ រថយន្ត Subaru XV ដ៏ថ្មីស្រឡាងមួយគ្រឿងដែលមានតំលៃ ៥៨,០០០ ដុល្លារសហរដ្ឋ​អាមេ​រិ​ច​​។

ការប្រកួតដាក់បាតដៃលើរថយន្តគឺជាការប្រកួតដ៏លំបាក និងទាមទារឲ្យមានភាពអំណត់អត់ធ្មត់ដែល​បេក្ខជន​​​​​​ទាំងអស់តម្រូវឲ្យដាក់បាតដៃស្តាំលើរូបបាតដៃដែលបិទរួចជាស្រេចនៅលើរថយន្ត រួមទាំងលក្ខខណ្ឌ និងបទបញ្ញតិផ្សេងៗ​ដែល​ប្រើវគ្គផ្តាច់ព្រ័ត្រ ។ ជាធម្មតា បេក្ខជនដែលចូលរួមប្រកួតត្រូវឈរដាក់ដៃ​ស្តាំ​របស់ខ្លួននៅលើរថយន្តដែលបានកំណត់។ បេក្ខជន​នឹងត្រូវអនុញ្ញាតឲ្យសម្រាក ១០នាទី រាល់រយៈពេល ៦ម៉ោងម្តង ដើម្បីញុំាទឹក និងប្រើប្រាស់បន្ទប់ទឹក។ ទន្ទឹមនឹងនោះ នៅក្នុងពេលប្រកួតយើងអាចមានជាហ្គេមផ្សេង​ៗសម្រាប់​លេង​កំសាន្ត​ផង​ដែរ ហើយបេក្ខជននឹងត្រូវចាកចេញពីការប្រកួតភ្លាមៗ ប្រសិនបើមានការធ្វើខុសលក្ខខណ្ឌណាមួយ។​​ ការប្រកួតនេះ​នឹង​បញ្ចប់បន្ទាប់​ពីយើង​អាចស្វែងរក​បេក្ខជន១០រូប​ចុង​ក្រោយ​ដែលឈរបានយូរជាងគេ។

ការប្រកួតឆ្នាំនេះក៏មានលក្ខណៈស្វិតស្វាញមិនចាញ់ពីឆ្នាំមុនដែរប៉ុន្តែអ្វីដែល
ពិសេសលើសពីឆ្នាំមុនៗនោះគឺ បេក្ខជនមួយរូបដែលឈរបានយូរចុងក្រោយគេបង្អស់ប្រចាំប្រទេសកម្ពុជា នៅក្នុងប្រទេសសិង្ហបុរី នឹងមានឱកាសឈ្នះទឹកប្រាក់ចំនួន ១ពាន់ដុល្លារសិង្ហបុរី ពីក្រុមហ៊ុនផ្ទាល់។

នៅឯប្រទេសសិង្ហបុរី បេក្ខជនដែលចូលរួមប្រកួតអាចមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ច្រើនផ្សេងទៀត ដូចជា រង្វាន់ប្រចាំប្រទេស (សម្រាប់បេក្ខជនណាដែលឈរបានយូរជាងគេប្រចាំប្រទេសរបស់ខ្លួន) រង្វាន់
ប្រចាំអាស៊ាន (បេក្ខជនដែលឈរបានយូរជាងគេប្រចាំតំបន់ដោយមិនរាប់បញ្ចូលប្រទេសសិង្ហបុរី) និងរង្វាន់
ជាក្រុមសំរាប់ប្រទេសណាដែលឈរបានយូរជាងគេ​ (យកពេលវេលាដែលបេក្ខជនម្នាក់ៗឈរបូកបញ្ចូលគ្នាដើម្បី
បានពេលវេលាជាក្រុម)។ កម្មវិធីនេះទទួលបានការឧបត្ថម្ភដោយ Bon Tea, Hito, Revive Mountain Dew និង S-Cool។