ហ្សាការតា៖ កីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា បានយកឈ្នះលើកីឡាការិនីអារ៉ាប់រួម Alhinaai Mahra ក្នុងវគ្គផ្ដាច់ព្រ័ត្រ ប្រភេទកីឡាជឺជិតស៊ូ លើវិញ្ញាសាទម្ងន់ក្រោម៤៩គីឡូក្រាម នៅទីក្រុងហ្សាការតា ដែលធ្វើឲ្យកម្ពុជាដណ្ដើមបានមេដាយមាស​លើកដំបូង នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី​។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្ម បានឲ្យដឹងពីប្រទេសឥណ្ឌូនេស៊ីថា នេះគឺជាមោទនភាពថ្មីមួយទៀត សម្រាប់គ្រួសារកីឡាជាតិកម្ពុជា ដែលដណ្ដើមបានមេដាយមាស នៅក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដងនេះ។ នេះជាមេដាយមាសទី២ ក្នុងប្រវត្តិសាស្ដ្រ បន្ទាប់ពីវីរកីឡាការិនី ស៊ន សៀវម៉ី ដែលដណ្ដើមបានមេដាយមាសលើកដំបូង ក្នុងការប្រកួតកីឡា Asian Games លើកទី១៧ នៅសាធារណរដ្ឋកូរ៉េ កាលពីឆ្នាំ២០១៤។

គួរបញ្ជាក់ថា ទម្រាំបើកទំព័រប្រវត្តិសាស្ដ្រដណ្ដើមបានមេដាយមាសជូនជាតិ ក្នុងនាមប្រភេទកីឡាថ្មី ដែលទើបបានចូលរួមប្រកួតកីឡាអាស៊ីលើកដំបូង ក្នុងឆ្នាំ២០១៨នេះ កញ្ញា ខាន់ ចេសា (Jess’s Khan )បានឆ្លងកាត់ការប្រកួត៦លើក ក្នុងនោះប្រកួតទី១ ឈ្នះកីឡាការិនីថៃ ១០០-០ពិន្ទុ ប្រកួតទី២ ឈ្នះកីឡាការិនីចិនដោយស្វ័យប្រវត្តិ បន្ទាប់ពីកីឡាការិនីចិនបោះបង់ការប្រកួត ប្រកួតទី៣ ឈ្នះពិន្ទុដាច់លើកីឡាការិនីអីរ៉ង់ ប្រកួតទី៤ឈ្នះកីឡាការិនីហ្វីលីពីន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ១០០-០ពិន្ទុ និងចុងក្រោយផ្ដួលកីឡាការិនីអារ៉ាប់រួម ដោយដណ្ដើមបានមេដាយមាស៕