ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់ នៅក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បាន​ផ្ញើ​សារ​នយោបាយ​ដ៏​សំខាន់​មួយ​ថា​ មាន​អ្នក​កំពុង​ជាប់ពន្ធ​គារ​ចំនួន​១២​នាក់ ដែល​ជា​សកម្មជន​អតីត​គណបក្សប្រឆាំង​ អាច​នឹង​ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ ព្រោះ​ខណៈ​​នេះ ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កំពុង​តែ​ពិនិត្យមើល​សំណុំរឿង ដោយសារ​អ្នក​ទាំងនោះ​បាន​សរសេរ​លិខិតស្នើ​សុំ​លើកលែងទោស​រួចហើយ។

សម្តេច​តេ​ជោ ​បាន​បញ្ជាក់​ថា ការ​លើកលែងទោស និង​ដោះ​លែង​អ្នក​ជាប់​ឃុំ​មួយ​ចំនួន​ កាលពី​ពេល​ថ្មី​ៗ​នេះ គឺ​ដោយសារ​តែ​ក្តី​មានការសន្តោស​ប្រណីរបស់​នាយក​រដ្ឋមន្ត្រី។ ប៉ុន្តែ​កុំ​យល់​ច្រឡំ​ឲ្យ​សោះថា ការ​ដោះ​លែង​នោះ គឺ​ដោយសារ​តែ​មានសម្ពាធ​ពី​បរទេស ​ដោយ​សម្តេច​បញ្ជាក់​ថា​«​សុំ​កុំ​និយាយ​ថា វា​មក​ពី​សម្ពាធ​បរទេស ខ្ញុំ​ស្អប់​ខ្លាំងណាស់​ពាក្យ​ហ្នឹង​» ។

សម្តេច​តេ​នាយករដ្ឋមន្ត្រី ​បានមានប្រសាសន៍បន្ថែមទៀត​ថា អ្នកជាប់គុកទាំង១២​នាក់នោះ ​អាច​នឹង​ត្រូវ​ដោះ​លែង តែបើ​អ្នក​នៅ​ក្រៅ (​អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី​) ដែល​កំពុង​តែ​រត់គេច​ខ្លួន​នៅ​ក្រៅប្រទេស ​ចោទប្រកាន់​ថា ការ​ដោះ​លែង​ថ្មី​ៗ​​នេះ គឺ​ដោយសារ​តែ​សម្ពាធ​ពី​បរទេស​នោះ វាសនា​របស់អ្នក​ដែលកំពុង​ជាប់​ឃុំ​១២​នាក់ អាចនឹង​ត្រូវ​បន្ត ​រស់នៅ​ក្នុង​គុក​បន្ត​ទៀត។ ករណីនេះ​អាច​នឹង​តម្រូវ​ឲ្យ​អ្នក​ជាប់​ឃុំ​ត្រូវ​សរសេរ​លិខិត​សុំ​លើកលែងទោស​ជា​ថ្មី​ម្តងទៀត ហើយ​លោក សម រ​ង្ស៊ី ក៏​ត្រូវធ្វើ​លិខិតបញ្ជាក់​ផង​ដែរ​ថា ការ​ដោះ​លែង ឬ​លើកលែងទោស​ មិន​ពាក់ព័ន្ធ​នឹង​សម្ពាធ ​ឬ​ដោយសារ​តែ​ការគាបសង្កត់​ពី​បរទេស​នោះ​ទេ។

នៅក្នុងឱកាសនោះដែរ សម្តេច​តេជោ ហ៊ុន សែន ​បាន​ផ្តាំផ្ញើដល់អ្នក​នៅ​ក្រៅប្រទេស​ថា អ្នក​ហាក់​មិន​សោកស្តាយ អ្នក​កំពុង​ជាប់ពន្ធ​នាគា​រថា ពួក​គេ​ធ្លាប់​រួម​ប្រព្រឹត្ត​បទល្មើស​ជាមួយ​រូប​គាត់។ ដូច្នេះ​កុំ​និយាយ​ពាក្យ​ណាមួយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទាំងនោះ​ ត្រូវ​បន្ត​ជាប់​ពន្ធនាគារ​អី។

សម្តេច​នាយក​រដ្ឋមន្ត្រី ​បាន​បន្ត​ថា ការ​លើកលែងទោស និង​ដោះ​លែង​ក្រៅ​ឃុំ​កន្លង​មក គឺ​មក​ពី «​អំពើ​សន្ដោស​ប្រណី​របស់ខ្ញុំ និង​ការ​អនុវត្ត​នូវ​ច្បាប់​ពន្ធនាគារ​» នៅ​កម្ពុជា។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី​ក៏​បាន​សើចចំអក​ទៅ​លើ​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង​ ដែល​រិះគន់​ថា សម្តេច​ប្រើ​អំណាច ​ក្នុង​ការ​ដោះ​លែង​មនុស្ស​មួយ​ចំនួន​ថ្មី​ៗ​នេះ ដោយ​សម្តេច​បញ្ជាក់​ថា ពិត​ណាស់ គឺ​អំណាច​មាន​តែ​សម្តេច គឺ​នៅ​លើ​ចុង​ប៊ិក​របស់​នាយក​រដ្ឋមន្ត្រី ជា​អ្នក​ស្នើ​សុំនូវការ​លើកលែងទោស​ទៅ​ថ្វាយព្រះមហាក្សត្រ ​សម្រាប់​អ្នក​ណា​ដែល​សាលក្រម​ចូល​ជា​ស្ថាពរ។ ដូច្នេះ​ព្រះមហាក្សត្រ​ ព្រះ​អង្គ​មាន​អំណាច​ថា លើកលែងទោស​តាម​ការ​ស្នើ​សុំ​របស់​នាយក​រដ្ឋមន្ត្រី ឬ​អត់? ដូច្នេះសម្តេចសូម​ផ្តាំផ្ញើ​ទៅ​អ្នក​ដែល​ត្រូវ​បាន​ដោះ​លែង​ផង​​ថា កុំ​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិរបស់​អ្នក​ដ​ទៃ ព្រោះ​ពួក​គេ​​អាច​ត្រូវ​ប្រឈម​មុខ​ ឬត្រូវ​ចាប់ខ្លួន​វិញ​។

ដោយឡែក លោក ម៉ាក ហ្វៀល (Mark Field) អនុរដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស ទទួល​បន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក បាន​សម្ដែង​នូវ​ក្តី​​សង្ឃឹម​ថា​ កម្ពុជា​នឹង​បន្ត​​ដោះ​លែង​​អ្នកនយោ​បាយ​​របស់​​បក្ស​ប្រឆាំង​​ឲ្យ​មាន​សេរីភាព​ឡើង​​វិញ​ ដូច​អ្វី​​ដែល​​​បាន​ឃើញ​ជាក់​ស្តែងនាពេលថ្មីៗ​នេះ ដូចជាការ​​ដោះ​លែង​អតីត​អ្នក​កាសែត​២​នាក់​ និង​​សកម្មជន​ដីធ្លី​ជាដើម​។​​ លោក ម៉ាក ហ្វៀល (Mark Field) បានថ្លែងយ៉ាង​ដូច្នេះ ​​​នៅ​ក្នុង​​សន្និសីទ​សារព័ត៌​មានមួយ ​​កាលពីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញ បន្ទាប់ពី​លោក​​បា​ន​ជួប​​ជា​មួយ​សម្ដេច​ ហ៊ុន​ សែន​ រយៈ​ពេល​​ជាង​មួយ​ម៉ោង​ នៅ​ក្នុងវិមាន​សន្តិភាព​។​

លោក ម៉ាក ហ្វៀល (Mark Field) អនុរដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស ទទួល​បន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក បានថ្លែង​​ប្រាប់​អ្នក​កាសែត ​​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន ​ក្នុង​​ដំណើរ​ទស្សន​កិច្ច​ រយៈ​​ពេល​​២​ថ្ងៃ ​នៅ​​កម្ពុជា​ ថា ​បញ្ហា​នយោបាយ​​នៅកម្ពុជា គឺ​​ជា​កង្វល់ដ៏​ធំ​មួយ។ បញ្ហានេះ លោក​បាន​លើក​​ឡើង​ ​នៅ​ចំពោះ​​មុខរបស់សម្ដេច​ ហ៊ុន​ សែន​ ដោយត្រង់​ទៅ​​ត្រង់​​មក​ ​ក្នុង​នាម​ប្រទេស​ជា​មិត្ត​​ដែល​មាន​ទំនាក់​ទំនង​គ្នាល្អ​ខាង​​ពាណិជ្ជកម្ម​​។​ ផ្អែក​តាម​តួលេខ​ អង់គ្លេស​ គឺ​ជាប្រទេស​​វិនិយោគ​​ធំ​ជាង​គេទី​៦ នៅ​កម្ពុជា​ និង​ជាទីផ្សារ​ដ៏ធំជាង​គេ​ទី៤ ​ខាង​ការ​នាំចេញទំនិញ​ពីកម្ពុជា​។

លោក​ អនុរដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស ទទួល​បន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក រូបនេះ បាន​កត់​​សម្គាល់​​ថា​ ក្រោយពេលអង់គ្លេស​​បាន​បង្ហាញ​ពី​កង្វល់​ចំពោះ​បញ្ហា​នយោបាយ​ នៅ​កម្ពុជា ដោយ​ត្រង់​​ទៅ​​ត្រង់​មក​ជាង​មួយ​ម៉ោង ​​លោក​​ទទួល​​បាន​​សញ្ញា​ល្អ​ពី​សម្ដេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះលោក​​សង្ឃឹម​ថា​ សម្ដេច ​ហ៊ុន ​សែន ​​នឹង​ធ្វើ​​​សញ្ញា​​វិជ្ជមាន​​នេះ ​កើត​​ឡើង ​​ក្នុង​​​រូប​ភាព​ជាក់​​ស្តែង​​​។​​ រូប​​ភាព​​ជាក់​​ស្តែង​​​ដែល​​មន្រ្តី​​ការ​ទូត​ជាន់​ខ្ពស់​រូប​នេះ​​សំដៅ​ដល់ ​គឺ​​ការ​​ដោះ​លែង លោក​ កឹម​ សុខា ​និង​​​អ្នក​​នយោ​បាយ​​របស់បក្ស​ប្រឆាំង​​ឲ្យ​មាន​សិទ្ធិ​ ធ្វើ​​នយោបាយ​ឡើង​វិញ​ ដូច​ជាការ​ដោះ​លែង​​អតីត​អ្នក​កាសែត​​របស់​​វិទ្យុ​​អាស៊ី​សេរីចំនួន២រូប ​និង​​សកម្មជន​ដីធ្លី ​អ្នកស្រី ​ទេព​ វន្នី​។

ទោះជាយ៉ាងណា លោកអនុរដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស ទទួល​បន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក រូបនេះ បាន​បាន​​បញ្ជាក់នូវ​ជំហរ​ជាថ្មី​ម្តង​ទៀត​ថា ​ចក្រភពអង់គ្លេសចង់​​ឃើញ​នូវការ​​អនុវត្ត​បើក​​ចំហ​ឡើងវិញ​ជាក់​​ស្តែងនូវ​​សេរីភាព​​នយោបាយ​ សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មានជាដើម។

ជុំវិញនឹង​លទ្ធផល នៃការ​បោះឆ្នោត​ដែល​គណបក្សប្រជាជនកម្ពុជា​ឈ្នះ​អាសនៈ​ទាំង​អស់​នោះ​ លោក Mark Field មិន​និយាយអ្វី​ច្រើនទៀតទេ ពីព្រោះ​មាននៅក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​អង់គ្លេស នាពេលកន្លងមករួចស្រេចទៅហើយ។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍នោះ អង់គ្លេស​​បាន​សម្តែង​នូវការមិន​ពេញចិត្តចំពោះ​ការ​បោះ​ឆ្នោត​ជាតិ​ នៅ​កម្ពុជា​ ព្រោះ​អង់គ្លេស​យល់​ថា ការ​បោះឆ្នោត​នោះ​មិន​អាច​​ជឿ​ទុកចិត្តបាន ព្រោះ​គ្មាន​ការ​ចូល​រួម​ពី​​អតីត​បក្សប្រឆាំង និង​មេដឹកនាំ​អតីត​បក្ស​សង្គ្រោះ​ជាតិ ដែល​​កំពុង​ជាប់​នៅក្នុង​ពន្ធនាគារ៕