ខេត្តកណ្ដាល៖ យុវជនម្នាក់បានទាក់ទងជាមួយក្មេងស្រីអាយុ១៤ឆ្នាំ ហើយនាំទៅរួមរ័ករាប់សិបដង រហូតដល់ឪពុកម្ដាយរបស់នាងតាមទាន់ ប្ដឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅក្នុងផ្ទះលេខ១៦ បុរីគ្រីស្តាល់ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

មន្រ្ដីនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ភៅ សុខួច ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានលំនៅក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រីឯក្មេងស្រីរងគ្រោះឈ្មោះ ក សអាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានលំនៅក្នុងភូមិ៧ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា កន្លងមក ក្មេងស្រីរងគ្រោះ និងយុវជនសង្ស័យមានទំនាក់ទំនងស្នេហាអស់រយៈពេលប្រហែលជាង៥ខែមកហើយ រហូតដឹងឮដល់ឪពុកម្តាយខាងស្រី។ ប៉ុន្តែឪពុកម្ដាយខាងស្រីមិនពេញចិត្តនឹងជនសង្ស័យខាងលើ ទើបពួកគាត់បំបែក និងបង្ខាំងកូនស្រីរបស់ពួកគាត់មិនឲ្យជួបគ្នាជាមួយនឹងជនសង័្សយ។ ទោះជាយ៉ាងនេះក្ដី ក្មេងស្រីរងគ្រោះ​ និងយុវជនសង្ស័យតែងតែណាត់ជួបគ្នា និងបានរួមភេទជាមួយគ្នារហូតបានសម្រេច នៅក្នុងផ្ទះកើតហេតុជាច្រើនលើកច្រើនសា។

ប្រភពព័ត៌មានដដែល បានបន្តថា បន្ទាប់ពីបានរួមរ័កជាមួយគ្នាហើយ យុវជនសង្ស័យ និងក្មេងស្រីរងគ្រោះបានណាត់ជួប និងរួមរ័កជាមួយគ្នាម្ដងទៀត នៅកន្លែងដដែល នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ តែត្រូវម្ដាយឪពុករបស់ក្មេងស្រីរងគ្រោះដឹង ហើយតាមទាន់ ក៏ប្ដឹងទៅសមត្ថកិច្ចឲ្យចាប់ខ្លួនជនសង្ស័យតែម្ដង។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបាននាំជនសង័្សយទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលតាខ្មៅ ទើបគេសារភាពថា ការពិតណាស់ រូបកេបានស្រលាញ់គ្នាជាមួយនឹងក្មេងស្រីរងគ្រោះអស់រយៈពេលជាង៥ខែមកហើយ និងបានរួមភេទជាមួយជាច្រើនដងទៀតផង៕