តារាពហុជំនាញចាស់វស្សាល្បីមិនស្រកស្រុតអ្នកនាង ខាត់ សុឃឹម កំពុងតែលេចមុខលេចមាត់ខ្លាំងតាមរយៈ រឿងភាគនិងកម្មវិធីផ្សេងៗនៅលើប៉ុស្តិ៍ហង្សមាស។

អ្នកនាង ខាត់ សុឃឹម កំពុងតែកាន់កាប់តំណែងជាគណកម្មការ កម្មវិធីប្រកួតសមត្ថភាពលំដាប់ពិភពលោក Cambodia’s Got Talent ដែលនេះជាលើកទីពីរហើយ សម្រាប់អ្នកនាងបន្ទាប់ ពីជោគជ័យក្នុងរដូវកាលទីមួយ កន្លងមក។

អ្នកនាង ខាត់ សុឃឹម បានប្រាប់ឲ្យដឹងថាក្នុងនាម ជាគណកម្មការក្នុងកម្មវិធីនេះ អ្នកនាងពិតជារំភើបពេកក្រៃ ក្នុងការដែលបានឃើញពីសមត្ថភាព របស់ពុកម៉ែបងប្អូនទាំងអស់ ដែលបានចូលរួមប្រកួតនឹងបញ្ចេញនូវសមត្ថភាព ដ៏ពិសេសៗ ហើយនៅក្នុងរដូវកាលថ្មីនេះ គឺពិតជាពិសេសសម្រាប់ទស្សនិកជនទាំងអស់ ក៏ដូចជាអ្នកនាងផ្ទាល់ ព្រោះសមត្ថភាពរបស់បេក្ខជនមួយចំនួនគឺពិតជា អស្ចារ្យដែលអ្នកនាងពុំធ្លាប់បានឃើញសោះឡើយ មិនថាតាម ទូរទស្សន៍ឬក៏តាមយូធូប គឺពិតជាអស្ចារ្យតែម្តង។

ក្រៅពីនេះអ្នកនាងក៏បានបញ្ចេញអារម្មណ៍រីករាយ ដែលបានចូលរួមធ្វើជាគណកម្មការក្នុងរដូវកាលថ្មីនេះទៀត ដោយមានបន្ថែមគណកម្មការថ្មីធ្វើឲ្យកម្មវិធីរឹតតែសប្បាយនឹងប្លែកភ្នែកសម្រាប់ទស្សនិកជន។

កម្មវិធី Cambodia’s Got Talent នឹងចាក់ផ្សាយវគ្គដំបូងនារដូវកាលទីពីរនេះចាប់ពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះហើយ។ ដូច្នេះកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នានៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV