រាជធានីភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ទី ២១ ខែកក្កដា ឆ្នាំ ២០១៨ ក្រុមហ៊ុនស្រាបៀរថៃហ្គ័របានប្រកាសពីកិច្ចសហការពិសេសមួយជាមួយអង្គការ WWF និងម៉ាកសម្លៀកបំពាក់ KENZO ក្នុងការបង្កើតស្នាដៃរចនាម៉ូតសម្លៀកបំពាក់ Rare Stripes ដើម្បីអបអេទិវា Global Tiger Day (ទិវាសត្វខ្លាំធំពិភពលោក) ហើយនិងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ចំពោះសត្វខ្លាធំទាំងអស់ដែលជិតផុតពូជនៅទូទាំងពិភពលោក។

ចំនួនសត្វខ្លាធំនៅលើពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់កាលពីសតវត្សរ៍មុនដោយសារតែការបរបាញ់សត្វព្រៃ និងការបំផ្លាញទីជម្រកសត្វព្រៃគ្មានការគ្រប់គ្រង។ បច្ចុប្បន្នមាននៅសល់សត្វខ្លាធំចំនួន ៣៩០០ ក្បាលរស់នៅក្នុងព្រៃ ប៉ុន្តែសត្វខ្លាធំទាំងនេះបានរងការគំរាមកំហែងជារៀងរាល់ថ្ងៃដោយសារការបរបាញ់ដើម្បីជួញដូរសត្វព្រៃដោយខុសច្បាប់។ ដើម្បីលើកកម្ពស់ការយល់ដឹង និងការការពារ និងជួយសង្រ្គោះសត្វខ្លាធំ គេបានរៀបចំបង្កើតស្នាដៃស្នាដៃរចនាម៉ូតសម្លៀកបំពាក់ Rare Stripes ជាផ្នែកមួយនៃកិច្ចសហការជាដៃគូរវាងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងអង្គការ WWF ដែលជាគម្រោងផ្តួចផ្តើមរយៈពេលប្រាំមួយឆ្នាំដែលគាំទ្រដល់យុទ្ធនាការ TX2 ដែលជាគោលដៅពិភពលោកដើម្បីបង្កើនទ្វេដងចំនួនសត្វខ្លាធំត្រឹមឆ្នាំ ២០២២ ។

កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១៣ ដែលមានសត្វខ្លាធំ ហើយរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តបង្កើនទ្វេដងចំនួនសត្វខ្លាធំទូទាំងពិភពលោក ដោយបានអនុម័តលើផែនការសកម្មភាពសង្រ្គោះសត្វខ្លាធំនៅកម្ពុជា ដែលផ្តោតលើការនាំយកសត្វខ្លាធំចូលទៅក្នុងតំបន់វាលទំនាបភាគខាងកើតនៃប្រទេសកម្ពុជា។

លោក សេង ទៀក នាយកអង្គការ WWF មានប្រសាសន៍ថា “សត្វខ្លាធំគឺជាសត្វដ៏អស្ចារ្យ និងមានភាពទាក់ទាញ ហើយវាត្រូវបានចាត់ទុកជា សម្បត្តិបិតិកភណ្ឌជាតិ។​ នេះគឺជាពេលវេលាដែលត្រឹមត្រូវបំផុតដែលយើងទាំងអស់គ្នាដែលមានទាំងក្រុមហ៊ុនស្រាបៀ Tiger និង KENZO រួមគ្នាដើម្បីអភិរក្សសត្វខ្លាធំនេះ។  យើងខ្ញុំសូមអោយមានការចូលរួមពីគ្រប់ស្រទាប់ទាំងអស់ដើម្បីអភិរក្សសត្វខ្លាធំ ហើយក៏សូមអំពាវនាវដល់អតិថិជនទាំងអស់អោយ  បញ្ឍប់ការជួញដូរសត្វខ្លាធំ និងសាច់សត្វព្រៃជាបន្ទាន់ និងសូមអោយរាជរដ្ឋាភិបាលជួយបង្ក្រាបប្រកបដោយប្រសិទ្ធិភាពអ្នកដែលដាក់អន្ទ្រាក់នៅក្នុងព្រៃ ការពារ​ និងបង្កើនការពិន័យដល់អ្នកដែលដាក់អន្ទាក់ក្នុងព្រៃការពារ។

លោកបានបន្ថែមទៀតថា “អន្ទាក់គឺជាឃាតករលាក់មុខដែលឆក់យកជីវិតសត្វព្រៃ និងកំពុងតែបំផ្លិចបំផ្លាញជីវិតសត្វព្រៃរបស់ប្រទេសកម្ពុជាក៏ដូចជាសត្វព្រៃដែលមានការយកចាត់ទុកដាក់ខ្ពស់របស់ពិភពលោកទាំងមូល។​”​​
ឆ្នាំនេះ ក្រុមហ៊ុន KENZO ដែលល្បីល្បាញទូទាំងពិភពលោកដោយសាររូបសត្វខ្លាលើម៉ូតរចនារូបតំណាងរបស់ក្រុមហ៊ុននេះ បានមកចូលរួមសហការជាមួយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងអង្គការ WWF ដើម្បីគាំទ្រកិច្ចអភិរក្សសត្វខ្លាធំ។ ស្នាដៃសិល្បៈដំបូងបង្អស់តាមរយៈការបំផុសគំនិតអំពីរឿងរ៉ាវជីវិតសត្វខ្លាធំចំនួនប្រាំបីក្បាលមកពីក្នុងព្រៃ នឹងផ្សព្វផ្សាយទូទាំងពិភពលោក នៅតាមហាង KENZO នៅផ្សារទំនើប Ginza Six នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៨ នេះ។

លោក Roland Bala នាយកគ្រប់គ្រងនៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “យើងចង់ឱ្យប្រជាជនធ្វើសកម្មភាពជួយសង្គ្រោះសត្វខ្លាធំនៅកម្ពុជា ដែលជានិមិត្តសញ្ញាម៉ាកយីហោដ៏ពេញនិយមរបស់យើង។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា យើងកំពុងធ្វើការជាមួយដៃគូជាមួយអង្គការ WWF ម៉ាកសម្លៀកបំពាក់ KENZO និងសិល្បករច្នៃម៉ូតដ៏លេចធ្លោចំនូន៤រូបដើម្បីបង្កើតស្នាដៃសិល្បៈម៉ូតសម្លៀកបំពាក់ Rare Stripes ពិសេសនេះក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសកល និងមូលនិធិសម្រាប់ជួយសង្រ្គោះសត្វខ្លាធំ។”

ដោយសហការជាមួយប្រធានផ្នែកច្នៃម៉ូតសម្លៀកបំពាក់ KENZO គឺលោក Humberto Leon និងលោកស្រី Carol Lim ក្រុមហ៊ុនស្រាបៀរថៃហ្គ័របានជ្រើសរើសសិល្បករល្បីឈ្មោះទូទាំងពិភពលោកចំនួនបួនរូបដើម្បីច្នៃម៉ូតសម្លៀកបំពាក់ពិសេសដែលមានចំនួនកំណត់។ សិល្បករទាំងនេះរួមមាន៖ សិល្បករសហសម័យ និងជាងចម្លាក់គឺ លោកស្រី Meryl Smith (អាមេរិក) ជាងគំនូរនិងអ្នករចនាម៉ូតគឺកញ្ញា Esther Goh (សិង្ហបុរី) ជាងគំនូរនិងអ្នករចនាម៉ូតគឺកញ្ញា Julienne Tan (កម្ពុជា) និងសិល្បកររូបភាពនិងឌីជីថលគឺលោក Sean Lean (ម៉ាឡេស៊ី)។

មុនពេលចាប់ផ្តើមអនុវត្តគម្រោងនេះ ក្រុមហ៊ុនស្រាបៀរថៃហ្គ័របាននាំយកប្រធានផ្នែកច្នៃប្រឌិត និងសិល្បករបួនរូបមកប្រទេសកម្ពុជាដើម្បីជួបពិភាក្សាជាមួយអ្នកជំនាញសត្វព្រៃរបស់អង្គការ WWF ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងយល់ឲ្យច្បាស់ពីស្ថានភាពរបស់សត្វខ្លាធំ។

ស្នាដៃសិល្បៈម៉ូតសម្លៀកបំពាក់ Rare Stripes នឹងបង្ហាញវត្តមាន និងដាក់លក់ នៅថ្ងៃទី ២១ ខែកក្កដា ចាប់ពីម៉ោង ៣​ រសៀល នៅតាមបណ្តាហាង KENZO មួយចំនួននៅទូទាំងពិភពលោកចាប់ពីដើមខែសីហាខាងមុខនេះ។
ការអបអរសាទរទិវាសត្វខ្លាធំបានប្រារព្ធធ្វើនៅផ្សារទំនើបអ៊ីអន សែនសុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃនេះនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៨។ នៅពេលថ្ងៃ សាធារណជនអាចចូលទស្សនាពិព័រណ៍គំនូរសត្វខ្លាធំ ការតាំងបង្ហាញស្នាដៃច្នៃម៉ូតសំម្លៀកបំពាក់ KENZO ទទួលបានបទពិសោធន៍អំពីជីវិតសត្វខ្លាធំជាលក្ខណៈរូបភាព AR និង VR ហើយនិងការធ្វើសមាធិ Roar និង Nature និងកម្មវិធីជួបសំណេះសំណាលជាមួយវិចិត្រករនិងសិល្បករល្បីៗ។

កម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ដ៏ពិសេស និងកម្មវិធីប្រគំតន្ត្រីនៅក្នុងផ្សារទំនើបអ៊ីអនចាប់ផ្តើមធ្វើឡើងនៅពេលល្ងាចចាប់ពីម៉ោង ៦៖៣០ នាទីល្ងាច ដោយមានការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាល្បីៗប្រចាំព្រះរាជាណាចកម្ពុជាដូចជាកញ្ញា ឱក សុគន្ធកញ្ញា កញ្ញា មាស សុខសោភា និងលោក ឆន សុវណ្ណរាជ។

ចំពោះព័ត៌មានបន្ថែមអំពីកិច្ចសហការរវាក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងអង្គការ WWF ការសហការជាមួយក្រុមហ៊ុន KENZO និងស្នាដៃសិល្បៈម៉ូតសំម្លៀកបំពាក់ Rare Stripes សូមចូលទៅកាន់គេហទំព័រ៖ http://www.tigerbeer.com/rarestripes/និង #rarestripes។