បរទេសៈ នៅក្នុងការប្រកួតបាត់ទាត់ World Cup ដ៏កក្រើកពិភពលោក នៅប្រទេសរុស្ស៊ីនោះ ម្ចាស់ក្សត្រីជប៉ុន Takamado បានយាងទៅលើកទឹកចិត្តដល់ក្រុមកីឡាករជម្រើសជាតិរបស់ព្រះអង្គ ខណៈជប៉ុនប្រកួតយ៉ាងស្វិតស្វាញនៅលើទីលានវាលស្មៅជាមួយនឹងកូឡុំប៊ី នៅក្នុងព្រឹត្តិការណ៍ World Cup ២០១៨ នាកីឡដ្ឋាន Mordavia Arena ទីក្រុង Saransk ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៩ ខែមិថុនា កន្លងទៅថ្មីៗនេះ។
ការបង្ហាញព្រះវត្តមានរបស់ម្ចាស់ក្សត្រីប្រទេសជប៉ុន នៅក្នុងពហុកីឡដ្ឋាន Mordavia Arena នៅក្នុងព្រឹតិ្តការណ៍ដ៏កក្រើកពិភពលោកនោះ ត្រូវគេចាត់ទុកថា ព្រះអង្គ គឺជាសមាជិករាជវង្សានុវង្សរបស់ជប៉ុនដំបូងបំផុតដែលបានទៅទស្សនាប្រទេសរុស្ស៊ី ចាប់តាំងពីឆ្នាំ១៩១៦។ នៅពេលជប៉ុនប្រកួតជាមួយនឹងកូឡុំប៊ី នៅឯកីឡដ្ឋាន Mordovia Arena នាទីក្រុង Saransk ព្រះអង្គបានលើកព្រះហស្ដគ្រវីទៅកាន់អ្នកទស្សនា ហើយលទ្ធផល នៃការប្រកួតនោះ គឺជប៉ុនបានយកជម្នះលើកូឡុំប៊ី ២ទល់នឹង១។
ព្រះអង្គម្ចាស់ក្សត្រីជប៉ុនបានយាងទៅដល់ប្រទេសជប៉ុន កាលពីថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨ ហើយព្រះអង្គនឹងបន្តគង់ប្រថាប់នៅក្នុងប្រទេសរុស្ស៊ី រហូតដល់ថ្ងៃទី២៦ ខែមិថុនាខាងមុខនេះ។ ព្រះវត្តមានរបស់ម្ចាស់ក្សត្រី តាកាម៉ាដូ គេសង្ឃឹមថា ព្រះអង្គនឹងយាងទត នៅក្នុងការប្រកួតជុំទីពីរ រវាងក្រុមជម្រើសជាតិជប៉ុនជាមួយនឹងក្រុម Senegal និងប៉ូឡូញ បន្តទៀត។
បើគិតចាប់តាំងពីឆ្នាំ១៩១៦មក ព្រះអង្គម្ចាស់ក្សត្រី Takamado គឺជាក្សត្រទីមួយដែលបានទៅទស្សនាប្រទេសរុស្ស៊ី។ ប្រទេសរុស្ស៊ី និងជប៉ុនបានកើតជម្លោះនឹងគ្នាទៅលើដែនកោះចំនួន៤ ដោយសាររដ្ឋអំណាចរបស់អតីតសហភាពសូវៀតបានចូលទៅកាន់កាប់ ក្រោយពេលបញ្ចប់សង្រ្គាមលោកលើកទី២។ ដោយសារតែរឿងជម្លោះលើដែនកោះនោះហើយ ទើបធ្វើឲ្យសមាជិករាជវង្សានុវង្សជប៉ុនលែងយាងទៅកាន់ទឹកដីប្រទេសនេះ រហូតមក។
ទូរទស្សន៍រដ្ឋរុស្ស៊ី បានចាក់ផ្សាយរូបភាពម្ចាស់ក្សត្រី នៅក្នុងពហុកីឡដ្ឋាន Saransk ហើយព្រះអង្គគឺជាអ្នកគាំទ្រក្រុមបាល់ទាត់យ៉ាងខ្លាំងក្លា ដោយព្រះអង្គតែងតែយាងទៅលើកទឹកចិត្តក្រុមជម្រើសជាតិរបស់ព្រះអង្គ ចាប់តាំងពីឆ្នាំ១៩៩៨មក។
ជុំវិញព្រះវត្តមានរបស់ម្ចាស់ក្សត្រី Takamado នៅក្នុងប្រទេសរុស្ស៊ី នោះ មន្ត្រីស្ថានទូតជប៉ុនប្រចាំទីក្រុងមូស្គូបានប្រាប់ AFP ថា ម្ចាស់ក្សត្រីនឹងបន្តយាងទៅទតក្រុមជម្រើសជាតិជប៉ុនប្រកួតជាមួយក្រុមសេណេហ្គាល់ នាថ្ងៃអាទិត្យ ខាងមុខ នៅក្នុងទៅពហុកីឡដ្ឋាន Yekaterinburg ប្រទេសរុស្ស៊ី ។ បន្ទាប់មកព្រះអង្គនឹងយាងចូលរួមសិក្ខាសាលាស្តីអំពីប្រពៃណីបាញ់ធ្នូ Kyudo ទៀតផង៕