ភ្នំពេញ៖ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាអាណត្តិទី៦នេះ មានមន្ត្រីជាន់ខ្ពស់ នៃអគ្គមេបញ្ជាការដ្ឋាន កងយោធពលខេមភូមិន្ទ ចំនួន៣រូប និងកូនប្រុសរបស់មន្ត្រី ជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានឈរឈ្មោះ ជាបេក្ខជនតំណាងរាស្រ្ដ នៅតាមបណ្ដារាជធានី-ខេត្តទាំង២៥។
លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២២ ឧសភាថា អគ្គមេបញ្ជាការជាន់ខ្ពស់៣រូប នៃអគ្គមេញ្ជាការដ្ឋានកងយោធពលខេរមភូមិន្ទ បានព្យួរតួនាទីរបស់ខ្លួន ដោយសារលោកទៅឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ។ ការព្យួរតួនាទីបែបនេះ គឺជាការអនុវត្តទៅតាមច្បាប់ស្តីពីការបោះឆ្នោត។
អ្នកនាំពាក្យក្រសួងការពារជាតិ ដដែល បានបន្តថា មេទ័ពសំខាន់ៗរបស់កម្ពុជាទាំង៣រូបនេះ ដែលត្រូវឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ដនោះ រួមមាន លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងលោកនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ លោកមេទ័ពទាំង៣រូបនេះ នឹងឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រអាណត្តិទី៦ មកពីគណបក្សប្រជាជនកម្ពុជា នាខែកក្កដា ខាងមុខនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិ ដដែល បានបន្តថា «ការព្យួរតួនាទីជាបណ្តោះអាសន្នរបស់មេទ័ពទាំង៣ នៅក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ នាពេលខាងមុខនេះ គឺអនុវត្តទៅតាមច្បាប់ ស្តីពីការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ របស់ព្រះរាជាណាចក្រកម្ពុជា។ យោងតាមមាត្រា២៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងប្រកាស៤.៣ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ គឺតម្រូវឱ្យមន្ត្រីរាជការ មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តម ក្រុមប្រឹក្សានៃអង្គចៅក្រម និងបព្វជិតសាសនាដែលមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទ រហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាស្ថាពរយ៉ាងតិច៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត។
ប្រភពពីមន្ត្រីគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា មេទ័ពទាំងរូបខាងលើ រួមមាន ទី១-លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី១ នៅមណ្ឌលខេត្តព្រះសីហនុ ទី២-លោកនាយឧត្តមសេនីយ៍ គន់ គីម ឈរជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ នៅមណ្ឌលឧត្តរមានជ័យ និងទី៣-លោកនាយឧត្តមសេនីយ៍ មាស សុភា ឈរជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ នៅមណ្ឌលព្រះវិហារ។
ប្រភពព័ត៌មានដដែល បានបន្តថា ក្រៅពីមេទ័ពទាំង៣ខាងលើ គីនៅមានកូនប្រុសស្រីវ័យក្មេងៗរបស់មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត ក៏បានឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នៅអាណត្តិទី៦ នៅទូទាំង២៥ រាជធានី-ខេត្ត រួមមាន ទី១-លោក ហ៊ុន ម៉ានី អាយុ៣៦ឆ្នាំ បេក្ខជនពេញសិទ្ធិ លេខរៀងទី២ នៅមណ្ឌលខេត្តកំពង់ស្ពឺ។ ទី២-លោក សាយ សំអាល់ អាយុ៣៨ឆ្នាំ បេក្ខជនពេញសិទ្ធិ លេខរៀងទី៤ មណ្ឌលខេត្តត្បូងឃ្មុំ។ ទី៣-លោក ស សុខា អាយុ៣៧ឆ្នាំ បេក្ខជនពេញសិទ្ធិ លេខរៀងទី៤ មណ្ឌលខេត្តព្រៃវែង។ ទី៤-លោក សុខ សូកាន អាយុ៣៥ឆ្នាំ បេក្ខជនពេញសិទ្ធិ លេខរៀងទី៤ មណ្ឌលខេត្តតាកែវ។ ទី៥-លោក ឌី វិជ្ជា អាយុ៣៧ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី១ មណ្ឌលខេត្តស្វាយរៀង។ ទី៦-លោក យឹម លាត អាយុ៣២ឆ្នាំ បេក្ខជនពេញសិទ្ធិ លេខរៀងទី៣ មណ្ឌលខេត្តកំពង់ធំ។ ទី៧-លោក ឃឹង នុភាព អាយុ៣៩ឆ្នាំ បេក្ខជនពេញសិទ្ធិ លេខរៀងទី៥ មណ្ឌលខេត្តកំពង់ធំ។
ទី៨-លោក នង វាសនា អាយុ៣៦ឆ្នាំ បេក្ខជនពេញសិទ្ធិ លេខរៀងទី៦ មណ្ឌលខេត្តកំពង់ធំ។ ទី៩-លោក យ៉ូវ សេងគុណ៖ អាយុ២៨ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី៤ មណ្ឌលខេត្តកំពង់ធំ។ ទី១០-លោក ម៉ាត់ សេត អាយុ៣៨ឆ្នាំ បេក្ខជនពេញសិទ្ធិ លេខរៀងទី៦ មណ្ឌលខេត្តកំពត។ ទី១១-លោក មឿង គង្គាអាយុ៣៨ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី៥ មណ្ឌលខេត្តកំពត។ ទី១២-លោកស្រី ជ្រឹង បុទុមរង្សី អាយុ៣៥ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី១១ មណ្ឌលខេត្តកណ្ដាល។ ទី១៣-លោកស្រី ឈី វ៉ា អាយុ៣៨ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី២ មណ្ឌលខេត្តកោះកុង។ ទី១៤-លោក នួន ផារ័ត្ន អាយុ៣៨ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី៤ មណ្ឌលភ្នំពេញ។ ទី១៥-លោក ឃុត ចាន់ដារ៉ា អាយុ៣៨ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី៥ មណ្ឌលភ្នំពេញ។ ទី១៦-លោក យុង គឹមហ៊ាន អាយុ៣៦ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី៥ មណ្ឌលខេត្តព្រះវិហារ។ ទី១៧-លោក ងិន បាណាល់ អាយុ៣៨ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី២ មណ្ឌលខេត្តព្រៃវែង។ ទី១៨-លោក ខៀវ ភារិទ្ធ អាយុ៣៧ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី៦ មណ្ឌលខេត្តព្រៃវែង។ ទី១៩-លោក រ៉ូហ្វី អូស្មាន អាយុ២៩ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី២ មណ្ឌលខេត្តពោធិ៍សាត់ និងទី២០- លោក ហេង សុខណាង អាយុ៣៦ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី៥ មណ្ឌលខេត្តស្វាយរៀង៕