ខេត្តព្រៃវែង៖ ក្មេងស្រីម្នាក់បានទៅសាលារៀន ក៏ត្រូវជនពាលចាប់រំលោភ រួចសម្លាប់បំបិទភស្ដុតាង ហើយសាកសពរបស់នាង ត្រូវគេប្រទះឃើញនៅក្នុងកំប្លោក បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង១៤នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងប្រឡាយទឹកមួយកន្លែង ស្ថិតក្នុងបរិវេណអនុវិទ្យាល័យបាខៅ ភូមិព្រៃផ្តៅ ឃុំស្តៅកោង ស្រុកបាភ្នំ។
មន្រ្ដីនគរបាលស្រុកបាភ្នំ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវជនដៃដល់ចាប់រំលោភ រួចហើយសម្លាប់ញាត់ចូលក្នុងកំប្លោក ដើម្បីបំបិទភស្ដុតាងនោះ ឈ្មោះ សុខ ចាន់ថង អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្ស នៃអនុវិទ្យាល័យបាខៅ មានលំនៅក្នុងភូមិព្រៃផ្តៅ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។
លោក សុខ និន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវជាជីតាក្មេងស្រីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតមាននូវអំពើឃាតកម្ដដ៏សាហាវនោះ គឺកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ចៅស្រីរបស់គាត់បានចេញពីផ្ទះទៅសាលារៀន។ លុះមកដល់វេលាម៉ោង១១ព្រឹកថ្ងៃដដែល នាងបានចេញពីសាលាមកផ្ទះវិញ ហើយក៏បានហូបបាយទឹកដូចសព្វមួយដង។
ជីតារបស់ក្មេងស្រីរងគ្រោះ បានបន្តថា បន្ទាប់ពីហូបបាយទឹករួចរាល់ហើយ ចៅស្រីរបស់គាត់បានសម្រាក និងនិយាយគ្នាលេងជាមួយនឹងបងប្អូនរបស់នាង រហូតដល់វេលាម៉ោង១២ និង៣០នាទីរសៀល នាងក៏បានទៅផ្លាស់គោដែលចង់នៅឯវាលស្រែ។ បន្ទាប់មក ចៅស្រីរបស់គាត់ក៏បានងូតទឹក និងស្លៀកខោអាវ ទៅសាលារៀន។ រហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃដដែល ស្រាប់តែបាត់ចៅស្រីរបស់គាត់មិនឃើញត្រឡប់មកផ្ទះ។ ឃើញបែបនេះ ពួកគាត់ជាឪពុកម្ដាយ និងសាច់ញាតិ បានខ្វល់ខ្វាយនៅក្នុងចិត្តដើរតាមស្វែងរកនាង ប៉ុន្តែរកមិនឃើញ។
ជីតារបស់ក្មេងស្រីរងគ្រោះខាងលើ បានបន្តថា បន្ទាប់ពីដើរតាមរកចៅស្រីគ្រប់ច្រកល្ហកហើយ ក៏នៅតែរកមិនឃើញបែបនេះ ពួកគាត់កាន់តែមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់នាង ទើបនៅវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែកុម្ភៈ គាត់បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្តៅកោង អំពីករណីនេះ។ លុះមកដល់ព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ លោកគ្រូប្រចាំថ្នាក់របស់ក្មេងស្រីរងគ្រោះបានប្រទះឃើញសាកសពរបស់ចៅស្រីគាត់ នៅក្នុងកំប្លោកខាងក្រោយសាលារៀន ធ្វើឲ្យគាត់រន្ធត់ចិត្ត និងអាណិតចៅបំផុត។
មន្ត្រីនគរបាលដដែល បានបន្តថា ក្រោយពេលទទួលបានព័ត៌មានបែបនេះភ្លាម មន្ត្រីនគរបាលជំនាញស្រុក និងប៉ុស្ដិ៍បានចុះទៅដល់កន្លែងកើតហេតុ ហើយសហការជាមួយកម្លាំងជំនាញខេត្តព្រៃវែង ក្រុមប្រឹក្សាឃុំ មេភូមិ ពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព។ តាមលទ្ធផល នៃការពិនិត្យ សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះគឺជាការរំលោភ ហើយសម្លាប់ ដើម្បីបំបិទភស្ដុតាង។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចជំនាញបានប្រគល់សពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនឃាតករ ដើម្បីនាំមកផ្តន្ទាទោសតាមច្បាប់៕