ភ្នំពេញ៖ អាជ្ញាធរសង្កាត់ព្រៃសបានរៀបចំធ្វើពិធីប្រណាំងរទេះគោ ដើម្បីរំឭកដល់ម្ចាស់ទឹកម្ចាស់ដី និងរក្សាទំនៀមទម្លាប់ប្រពៃណី តាំងពីបុរាណកាលមក ហើយពិធីនេះបានប្រព្រឹត្តទៅ កាលពីវេលាព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីលានប្រណាំងរទេះគោ ស្ថិតក្នុងភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅក្នុងពិធីប្រណាំងគោនោះ គេឃើញមានវត្តមានរបស់លោកស្រី តង់ សំអូន ប្រធានក្រុមការងារសង្កាត់ព្រៃស និងលោកខាត់ សុខៃ ចៅសង្កាត់ព្រៃស កីឡាករប្រណាំងទេះគោ និងប្រជាពលរដ្ឋជាច្រើននាក់។
អាជ្ញាធរសង្កាត់ព្រៃស បានឲ្យដឹងថា គោដែលចូលមករួមប្រណាំងយកចំណាត់ថ្នាក់ និងជយលាភី នៅក្នងការប្រណាំងរទេះគោនោះមានចំនួន១១នឹម រួមមាន គោមកពីខេត្តកណ្ដាល ចំនួន៧នឹម(១៤គោ) គោមកពីខេត្តកំពង់ស្ពឺ មានចំនួន៣នឹម និងគោមកពីរាជធានីមានចំនួន១នឹម។ រីឯការប្រកួតនេះ គណៈកម្មការរៀបចំការប្រណាំង បានកំណត់យក៣ចំណាត់ថ្នាក់ ពោលគឺលេខ១ លេខ២ និងលេខ៣។
អាជ្ញាធរសង្កាត់ព្រៃស បានបន្តថា ជារៀងរាល់ឆ្នាំ នៅពេលរដូវច្រូតកាត់រួចហើយ គឺអាជ្ញាធរសង្កាត់ព្រៃស តែងតែប្រារព្ធធ្វើពិធីប្រណាំងគោនេះ ហើយការប្រកួតនេះគឺជាលើកទី៣៩ហើយ។ ចំណែកការរៀបចំការប្រណាំងរទេះគោនេះ គឺធ្វើឡើង ដើម្បីរំឭកដល់ម្ចាស់ទឹកដី និងរក្សានូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិខ្មែរយើងដែលបានបន្សល់ទុក តាំងពីដូនតាមកឲ្យនៅគង់វង្ស និងកុំឲ្យក្មេងៗជំនាន់ក្រោយភ្លេចពីទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន។
អាជ្ញាធរសង្កាត់ព្រៃស បានបន្តថា នៅក្នុងការប្រណាំងរទេះគោនោះ គឺម្ចាស់ជយលាភីចំណាត់ថ្នាក់លេខ១បានទៅលើរទេះគោមកពីខេត្តកណ្ដាល ចំណាត់ថ្នាក់លេខ២បានទៅលើរទេះគោ នៅក្នុងរាជធានីភ្នំពេញ និងចំណាត់ថ្នាក់លេខ៣ គឺបានទៅលើរទេះគោពីខេត្តកំពង់ស្ពឺ។ ក្នុងនោះ រង្វាន់ជយលាភី ចំណាត់ថ្នាក់លេខ១ទទួលបានប្រាក់ចំនួន៥០ម៉ឺនរៀល ចំណាត់ថ្នាក់លេខ២បានចំនួន៤០ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ៣ ទទួលបានប្រាក់រង្វាន់ចំនួន៣០ម៉ឺនរៀល។ ដោយឡែក រទេះគោដែលមិនបានជាប់ចំណាត់ថ្នាក់ គឺទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ចំនួន២០ម៉ឺនរៀល៕