ភ្នំពេញ ថ្ងៃ ទី ១១ តុលា ២០១៧៖ ថ្ងៃនេះ ក្រុមហ៊ុនពីរក្នុងសម្ព័ន្ធ Royal Group គឺក្រុមហ៊ុនសែលកាត និង ក្រុមហ៊ុន Camlife បានចាប់ដៃគូគ្នាប្រកាសពីការដាក់អោយប្រើប្រាស់នូវកម្មវិធីមួយ ដែលអតិថិជនសែលកាតអាចទទួលបានអត្ថប្រយោជន៍ពិសេស រួមទាំងបង្កើតអោយមានការយល់ដឹង និងសារៈសំខាន់នៃសេវាធានារ៉ាប់រងអាយុជីវិតដល់ប្រជាជនកម្ពុជាកាន់តែច្រើន។
លោក Tondy Suradiredja អគ្គនាយកក្រុមហ៊ុន Camlife បានលើកឡើងថា៖ “ការចាប់ដៃគូសហការនេះ មិនត្រឹមតែមានបំណងចង់អប់រំប្រជាជនកម្ពុជាអោយយល់ពីសេវាធានារ៉ាប់រងអាយុជីវិតប៉ុណ្ណោះទេ ថែមទាំងចង់ឲ្យពួកគេអាចប្រើប្រាស់សេវានេះបានដោយឥតគិតថ្លៃផងដែរ។ គោលបំណងរបស់យើងគឺចង់ពង្រីកវិស័យធានារ៉ាប់រងអាយុជីវិតនៅប្រទេសកម្ពុជា និងបង្កើតយុទ្ធសាស្ត្រជាដៃគូជាមួយសែលកាត ដើម្បីបង្កើនការយល់ដឹងឲ្យបានកាន់តែទូលំទូលាយ និងផ្តល់ការការពារដល់គ្រួសារកម្ពុជាកាន់តែច្រើន។”
ប្រជាជនយើងនៅតែគិតថា សេវាធានារ៉ាប់រងអាយុជីវិតមានតម្លៃថ្លៃ ដែលមានតែអ្នកមានទើបសាកសមនឹងប្រើប្រាស់ ឬសេវានេះភ្ជាប់ជាមួយកញ្ចប់អត្ថប្រយោជន៍បុគ្គលិកដែលទទួលបានពីក្រុមហ៊ុន។ ប្រជាជនកម្ពុជាយើង កំពុងតែទទួលបានការធានារ៉ាប់រងអាយុជីវិត កាន់តែច្រើនមកដល់សព្វថ្ងៃនេះបើប្រៀបធៀបទៅកាលពី 5 ឆ្នាំមុន។ ដោយយោងតាមរបាយការណ៍ពីសមាគមន៍ ធានារ៉ាប់រងកម្ពុជា (IAC) នៅឆ្នាំ 2016 បុព្វលាភធានារ៉ាប់រងដុលបានកើនឡើង 35.6% ដែលមានទឹកប្រាក់ប្រមាណ 113.6 លានដុល្លារបើប្រៀបធៀប ទៅឆ្នាំមុនដែលមានទឹកប្រាក់ 83.7 លានដុល្លារ។ ហើយវិស័យនេះ នៅតែរំពឹងថានឹងបន្តមានកំណើន។ (ប្រភពព័ត៍មាន: https://www.b2b-cambodia.com/news/cambodia-sees-record-growth-in-insurance-in-2016/)
លោក Tondy បានបញ្ជាក់ថា កំរិតនៃការអប់រំ និងការទទួលបាននៃការប្រើប្រាស់ គឺជាកត្តាដែលធ្វើឲ្យប្រជាជនយើងមិនប្រើប្រាស់សេវានេះ ហេតុដូច្នេះហើយទើបក្រុមហ៊ុន Camlife បង្កើតយុទ្ធសាស្រ្តដៃគូនេះ។
នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុន មានប្រសាសន៍ថា ការសហការរវាង ក្រុមហ៊ុន Camlife និងក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ខ្មែរតែមួយគត់ព្រមទាំងជាក្រុមហ៊ុនក្នុងសម្ព័ន្ធតែមួយផងនោះ យើងបានបង្កើនអត្ថប្រយោជន៍តាមរយៈសេវាធានារ៉ាប់រងអាយុជីរិតកាន់តែច្រើនដល់ប្រជាជនកម្ពុជាដោយចាប់ផ្តើមពីអតិថិជនសែលកាតដោយឥតគិតថ្លៃ។ យើងកំពុងតែធ្វើឲ្យសេវាធានារ៉ាប់រងអាយុជីវិតកាន់តែមានភាពសាមញ្ញ ហើយងាយស្រួលទទួលបាន ដូច្នេះប្រជាជនយើងអាចទទួលបានអត្ថប្រយោជន៍នេះ។
ចាប់ពីថ្ងៃ ១១ តុលា២០១៧ នេះ អតិថិជនសែលកាតទាំងអស់ដែលមានអាយុចាប់ពី 18 ដល់ 50 ឆ្នាំ ហើយបញ្ចួលទឹកប្រាក់សរុប $4 ក្នុង 1 ខែ រហូតដល់ ថ្ងៃ 3 មីនា ឆ្នាំ 2018 អាចទទួលបានសេវាធានារ៉ាប់រងអាយុឥតគិតថ្លៃដែលមានតម្លៃសរុប $300 ក្នុងរយះពេល 6ខែ។
អតិថិជនដែលអាចទទួលបានសេវានេះនឹងទទួលបានសារជូនដំណឹង និងការណែនាំពីរបៀបនៃដំណើរការសេវាធានារ៉ាប់រងអាយុជីវិតឥតគិតថ្លៃនេះ។
អំពី Camlife
Camlife បានបង្កើតឡើងនៅឆ្នាំ2012 ដែលជាក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិតចំណាស់ជាងគេបំផុតនៅប្រទេសកម្ពុជាដែលគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន Royal Group នៅឆ្នាំ 2015។ សម្រាប់រយៈកន្លងមកនេះ គោលដៅរបស់ក្រុមហ៊ុននៅតែរក្សាដដែលគឺដើម្បីផ្តល់នូវសេវាធានារ៉ាប់រងអាយុជីវិតដែលមានតម្លៃសមរម្យបំផុតក្នុងការការពារដល់ប្រជាជនកម្ពុជាដើម្បីបំពេញទាំងតំរូវផ្ទាល់ខ្លួននិងអាជីវកម្ម។
សម្រាប់ព័ត៌មានបន្ថែម
សូមចូលទៅកាន់ www.camlife.com.kh
ទូរស័ព្ទ061 431 111
អ៊ីម៉ែល sales@camlife.com.kh