ខេត្តតាកែវ៖ រថយន្តដឹកដីមួយគ្រឿង បានបើកបោះពួយយ៉ាងលឿន ស្រាប់តែរេចង្កូទៅបុកម៉ូតូពេញទំហឹង ខ្ទាតមនុស្សចូលក្រោមកង់រថយន្ត កិនស្លាប់យ៉ាងអណោចអធ័មមួយរំពេច បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅលើដងផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៩៩-១០០ ស្ថិតក្នុងភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។
មន្ត្រីនគរបាលស្រុកទ្រាំង បានឲ្យដឹងថា រថយន្តបង្ក ម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាលេខ ចង្កូតស្តាំ PP-2447 មិនស្គាល់អត្តសញ្ញាណរបស់អ្នកបើកបរ(រត់គេចខ្លួនបាត់)។ រីឯជនរងគ្រោះ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ ឈ្មោះ ជួប សារ៉េត ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជានាយកសាលាព្រៃម្លូ មានលំនៅក្នុងភូមិទួលកណ្តាល ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។
ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះថ្នាក់ចរាចរណ៍នោះ គេឃើញជនរងគ្រោះជិះមូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៥ ពាក់ស្លាកលេខ តាកែវ 1J-9149 តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង បញ្ច្រាសទិសគ្នាជាមួយនឹងរថយន្តបង្ក បើកបោះពួយយ៉ាងលឿន។ លុះពេលជនរងគ្រោះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូតទៅបុកម៉ូតូពេញទំហឹង ខ្ទាតអ្នកបើកម៉ូតូចូលក្រោមកង់រថយន្ត កិនធ្លាយខួរស្លាប់យ៉ាងអណោចអធ័មមួយរំពេច។ ឃើញហេតុការណ៍ដ៏រន្ធត់បែបនេះ អ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងទាក់ទងទៅសាច់ញាតិ ឲ្យមកដឹកសាកសពរបស់ជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកយានយន្តទាំង២គ្រឿង ត្រូវសមត្ថកិច្ចវាស់វែង រួចហើយយកទៅរក្សាទុក ដើម្បីស្រាវជ្រាវស្វែងរកអ្នកបើករថយន្តបង្ក នាំមកផ្តន្ទាទោសតាមច្បាប់៕ សហការី KBN