ភ្នំពេញ ៖ ស្រ្តីម្នាក់ បើករថយន្តដឹកកូនចេញពីកម្មវិធី ផ្ទះបងប្អូន យកកូនចូលដេក ហើយចេញមកវិញ ត្រូវជនសង្ស័យលួចរថយន្តបាត់ នៅសង្កាត់ព្រែកឯង តែសំណាងអាក្រក់ ព្រះមិនជួយ ជនសង្ស័យបានបើករថយន្តរត់គេច ទៅបុកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ នៅសង្កាត់និរោធ ហើយបានចុះពីរថយន្ត រួចគេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅផ្លូវបេតុង ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បន្សល់រថយន្តដែលបុកទ្រូងផ្លូវទុកចោល នៅមុខវត្តនិរោធ ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
តាមសម្តីសាច់ញាតិ ដែលត្រូវជាបងប្អូនម្ចាស់រថយន្ត ដែលមិនបានប្រាប់ឈ្មោះ បាននិយាយថា មុនពេលកើតហេតុ ស្ត្រីជាម្ចាស់រថយន្ត បានបើករថយន្តម៉ាក កាមរីឆ្លាម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2G 0400 ចេញពីកម្មវិធីផ្ទះបងប្អូន នៅក្នុងភូមិក្បែរគ្នា ក្នុងសង្កាត់ព្រែកឯង ដើម្បីយកកូនមកដេកនៅផ្ទះ លុះបើករថយន្តមកដល់មុខផ្ទះ ស្ត្រីជាម្ចាស់រថយន្ត បានយកកូនអោយទៅដេកក្នុងផ្ទះមួយសន្ទុះ ស្រាប់តែគាត់ចេញមកក្រៅ អត់ឃើញរថយន្តនៅមុខផ្ទះ ខណៈពេលនោះ ស្ត្រីជាម្ចាស់រថយន្ត បានឆោឡោថា បាត់រថយន្ត តែពេលនោះអ្នកជិតខាង បានប្រាប់ថា រថយន្តខាងលើត្រូវបានបុរស បីនាក់ជិះម៉ូតូ ម៉ាកស៊ុយសុគីស្មាស មួយគ្រឿង បាននាំគ្នាបើករថយន្តនេះ ចេញទៅបាត់ហើយ លឺដូចនេះ ស្ត្រីជាម្ចាស់រថយន្ត បានទូរសព័្ទទៅប្តឹងសមត្ថកិច្ចមូលដ្ឋាន ដើម្បីអោយជួយអន្តរាគមន៍ ដោយប្រាប់ថារថយន្តរបស់គាត់ ត្រូវបានចោរលួចទៅបាត់ នៅមុននេះបន្តិច។
បន្ទាប់ពីផ្តល់ដំណឹងទៅដល់ សមត្ថកិច្ចមូលដ្ឋានរួចរាល់ហើយ ពួកគាត់ជាជនរងគ្រោះ បាននាំគ្នាជិះម៉ូតូ ចែកផ្លូវគ្នា ដើម្បីដើររករថយន្ត ខណៈកំពុងដើររករថយន្ត ក៏ស្រាប់តែលឺដំណឹង ពីសមត្ថកិច្ចថា មានរថយន្តម៉ាក កាមរីឆ្លាម ពណ៌សមួយគ្រឿង បានបើកមកបុកទ្រូងផ្លូវ និងបង្គោលភ្លើងនៅមុខវត្តនិរោធ ឮដូចនេះ ស្ត្រីជាម្ចាស់រថយន្ត បាននាំគ្នាជិះម៉ូតូទៅមើល ក៏ប្រទះឃើញរថយន្តរបស់ខ្លួន ដែលជនសង្ស័យលួចយកមុននេះ បានបើកទៅបុកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ ស្រុញខ្ទេចផ្នែកខាងមុខ ទៅមុខលែងរួច ។
បន្តិចក្រោយមក ឃើញមានសមត្ថកិច្ចជំនាញ និងមូលដ្ឋានបានចុះទៅដល់ កន្លែងកើតហេតុ និងសាកសួរជនរងគ្រោះ ពីដំណើររឿង រួចហើយក៏អោយម្ចាស់ ហៅរថយន្តមកស្ទូច យកទៅជួសជុលដោយខ្លួនឯងវិញ។
ចំនែកសមត្ថកិច្ចវិញ បានអោយដឹងថា ចំពោះការខូចខាតសម្បត្តិរដ្ឋ បន្តិចបន្តួចមិនអីនោះទេ ពីព្រោះការបង្កនេះ មិនមែនម្ចាស់រថយន្ត ជាអ្នកបើកទៅបុកនោះទេ គឺជនសង្ស័យ បានលួចរថយន្តរបស់ជនរងគ្រោះ ហើយជិះរត់គេច តែជ្រុលទៅបុកនិងបង្គោលភ្លើងបំភ្លឺផ្លូវ អញ្ចឹងហើយ បានសមត្ថកិច្ចប្រគល់អោយរថយន្ត ទៅឲ្យម្ចាស់វិញយកទៅជួសជុល ៕
សហការី KBN