រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោងគំរាមសហរដ្ឋអាមេរិក រដ្ឋាភិបាលទីក្រុងវ៉ាស៊ីងតោនបានឲ្យដឹងថា ពេលនេះខ្លួនឈប់ទារថ្លៃដំឡើងប្រព័ន្ធការពារមីស៊ីល ពីកូរ៉េខាងត្បូងទៀតហើយ ដោយអះអាងថា ទីក្រុងសេអ៊ូលគឺជាអ្នកផ្ដល់ទីតាំងសម្រាប់តំឡើងប្រព័ន្ធខែលការពារមីស៊ីល THAAD រីឯអាមេរិកគឺជាអ្នកចំណាយ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភា។
តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក Kim Kwan-jin និងប្រធានទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក McMaster ភាគីអាមេរិកបានលើកឡើងថា “សម្ពន្ធភាពជាមួយកូរ៉េខាងត្បូងគឺជាអាទិភាពកំពូលមួយរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទីក្រុងវ៉ាស៊ីនតោននឹងឈរនៅពីក្រោយគាំទ្រទីក្រុងសេអ៊ូល ១០០ភាគរយប្រឆាំងនឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង”។
ទន្ទឹមគ្នានេះលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបន្ថែមថា ចំពោះការទារថ្លៃដំឡើង THAAD ១ពាន់លានដុល្លារពីកូរ៉េខាងត្បូងកន្លងមក គឺគ្រាន់តែគិតគូរពីការចង់បាននៃប្រជាជនអាមេរិកលើការចែករំលែកការចាយវាយពីសម្ព័ន្ធមិត្តតែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា វត្តមាន THAAD នៅកូរ៉េខាងត្បូងកំពុងប្រឈមមុខនឹងការព្រមានយ៉ាងខ្លាំងពីសំណាក់កូរ៉េខាងជើង ចិន និងរុស្ស៊ីជាដើម៕ ផ្ដល់សិទ្ធដោយ៖ Kqube