យើងបានដឹងរួចមកហើយថា ជំងឺគ្រុនឈាមជាជំងឺឆ្លងបង្កដោយវីរុស ចម្លងតាមមូសខ្លាញីខាំ។ ក្រោយមានករណីស្រ្តីម្នាក់បាត់បង់ជីវិតដោយសារជំងឺនេះ លោកវេជ្ជបណ្ឌិត គួច ម៉េងលី កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានបង្ហាញក្ដីបារម្ភពីគ្រោះថ្នាក់ធ្ងន់ធ្ងរនៃជំងឺគ្រុនឈាមលើស្រ្តីក្នុងអំឡុងពេលមករដូវ។ លោកថា ចំពោះស្ត្រីដែលកើតជំងឺនេះស្របពេលមករដូវត្រូវប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នកដែលមានការធ្លាក់ឈាមច្រើន ភាពស្លេកស្លាំង ឬជំងឺឈាមតំណពូជ បេតា-តាឡាសេមី (Beta-Thalassemia)។ ទោះជាការមករដូវមិនធ្វើឱ្យជំងឺគ្រុនឈាមធ្ងន់ធ្ងរដោយស្វ័យប្រវត្តិក៏ដោយ ប៉ុន្តែការប្រែប្រួលកំណកឈាមបណ្តាលមកពីគ្រុនឈាម រួមផ្សំការបាត់បង់ឈាមរដូវ អាចបង្កើនហានិភ័យខ្ពស់។
ផលវិបាកចម្បង លោកវេជ្ជបណ្ឌិតបានរៀបរាប់ថា គឺជំងឺគ្រុនឈាមធ្វើឱ្យប្លាកែតថយចុះ (Thrombocytopenia) និងប៉ះពាល់ដល់ការកកឈាម ដែលនាំឱ្យឈាមរដូវធ្លាក់ច្រើន ឬយូរជាងធម្មតា។ ការបាត់បង់ឈាមច្រើនបង្កឱ្យកើត ឬធ្វើឱ្យភាពស្លេកស្លាំង (Anemia) កាន់តែធ្ងន់ធ្ងរ ដោយមានអាការៈអស់កម្លាំង វិលមុខ បេះដូងលោតញាប់ និងដង្ហើមខ្លីៗ។ ដំណាក់កាលគ្រោះថ្នាក់បំផុតគឺនៅចន្លោះថ្ងៃទី៣ ដល់ថ្ងៃទី៧ (ពិសេសពេលកម្ដៅខ្លួនចាប់ផ្តើមចុះ) មានរយៈពេលប្រមាណ ២៤ ទៅ ៤៨ ម៉ោង ដែលតម្រូវឱ្យមានការតាមដានយ៉ាងយកចិត្តទុកដាក់។
.jpg)
ជាមួយគ្នានេះ ហានិភ័យចំពោះស្ត្រីដែលមានភាពស្លេកស្លាំងស្រាប់ ឬមានជំងឺបេតា-តាឡាសេមី អាចទ្រាំទ្រនឹងការបាត់បង់ឈាមបន្ថែមបានតិចតួចប៉ុណ្ណោះ។ ប្រសិនបើមានភាពស្លេកស្លាំងធ្ងន់ធ្ងរ ត្រូវការបញ្ចូលឈាមជាប្រចាំ និងថែទាំដោយគ្រូពេទ្យឯកទេស។
ដើម្បីទប់ស្កាត់កុំឲ្យជំងឺនេះឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ជាពិសេសចំពោះស្រី្តអំឡុងពេលមករដូវ លោកវេជ្ជបណ្ឌិតបានណែនាំឲ្យទៅពិនិត្យសុខភាពនៅពេលធ្លាក់ឈាមរដូវច្រើន (ឬមានជំងឺបេតា-តាឡាសេមី) តាមដានឈាមរដូវ (សង្កេតការធ្លាក់ឈាមច្រើន កំណកឈាមធំៗ ឬការមករដូវយូរខុសធម្មតា) ពិនិត្យឈាម (តាមដានកម្រិត Hemoglobin, Hematocrit និង Platelets តាមការណែនាំ) ផឹកទឹកឱ្យគ្រប់គ្រាន់ (ផឹកទឹកស្អាត ឬទឹកអូរ៉ាលីត (ORS)) ប្រើថ្នាំ Paracetamol ដើម្បីបន្ថយកម្ដៅ និងបំបាត់ការឈឺចាប់តាមកម្រិតត្រឹមត្រូវ ព្រមទាំងសម្រាកឲ្យបានច្រើន និងប្រាប់គ្រូពេទ្យពីប្រវត្តិនៃការបញ្ចូលឈាម ឬកម្រិតអេម៉ូក្លូប៊ីនធម្មតារបស់ខ្លួន។
.jpg)
បន្ថែមពីនេះលោកវេជ្ជបណ្ឌិតបានព្រមានដាច់ខាតត្រូវជៀសវាង ថ្នាំអាស្ពីរីន (Aspirin) និងថ្នាំបំបាត់ការឈឺចាប់ប្រភេទ NSAIDs (ដូចជា Ibuprofen, Naproxen, Ponstan, Aspirin, Diclofenac) ព្រោះវាបង្កើនហានិភ័យហូរឈាម និងប៉ះពាល់តម្រងនោម។ មិនត្រូវទិញថ្នាំជាតិដែក ឱសថបុរាណ ឬថ្នាំបញ្ឈប់ឈាមរដូវប្រើដោយខ្លួនឯងឡើយ ហើយអ្នកប្រើថ្នាំប្រឆាំងកំណកឈាមត្រូវពិគ្រោះជាមួយគ្រូពេទ្យមុនផ្លាស់ប្តូរ ឬបញ្ឈប់ថ្នាំ។

យ៉ាងណាមិញប្រសិនបើមានសញ្ញាព្រមានដូចជា៖
-ធ្លាក់ឈាមរដូវច្រើន
-អស់កម្លាំងខ្លាំង ឬសន្លប់
-បេះដូងលោតញាប់ ឬដង្ហើមខ្លីៗ
-ឈឺពោះខ្លាំង ឬក្អួតជាបន្តបន្ទាប់
-ហូរឈាមតាមច្រមុះ អញ្ចាញធ្មេញ ក្អួត/លាមកមានឈាម
-ស្បែកត្រជាក់សើម ដៃជើងត្រជាក់ ឬងងុយគេងខុសធម្មតា (សញ្ញាឆក់) ត្រូវទៅមន្ទីរពេទ្យភ្លាមៗ មិនត្រូវរងចាំរហូតដល់ប្លាកែតធ្លាក់ចុះខ្លាំងទើបទៅពិនិត្យឡើយ។.jpg)
ជាចុងក្រោយ លោកវេជ្ជបណ្ឌិតបានបង្ហាញថា ការកើតគ្រុនឈាមអំឡុងពេលមករដូវមិនមែនសុទ្ធតែគ្រោះថ្នាក់ទាំងអស់នោះទេ ប៉ុន្តែការធ្លាក់ឈាមច្រើនខុសធម្មតាអាចជាផលវិបាកធ្ងន់ធ្ងរ។ ការស្គាល់សញ្ញាគ្រោះថ្នាក់ ផឹកទឹកឱ្យគ្រប់គ្រាន់ ជៀសវាងថ្នាំ NSAIDs និងប្រញាប់ទៅជួបគ្រូពេទ្យទាន់ពេលវេលា អាចជួយសង្គ្រោះជីវិតអ្នកបាន!










