ក្នុងរដូវក្ដៅ ឬពេលមានការប្រែប្រួលអាកាសធាតុក្ដៅខ្លាំង មនុស្សជាច្រើនតែងតែមានទម្លាប់ប្រចាំថ្ងៃមួយចំនួនដោយអចេតនា ដែលគិតថាគ្មានគ្រោះថ្នាក់អ្វីឡើយ ប៉ុន្តែតាមពិតទៅ វាអាចជាកម្លាំងរុញច្រាន យ៉ាងគ្រោះថ្នាក់ដែលអាចបង្កជាជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) យ៉ាងស្ងៀមស្ងាត់។
យោងតាមការឱ្យដឹងពីវេជ្ជបណ្ឌិត ង្វៀន ហ៊ុយហ្វាង (Nguyen Huy Hoang) មកពីសមាគមវេជ្ជសាស្ត្រមុជទឹក និងអ៊ីនធឺបារិកវៀតណាម (Vietnam Society of Diving and Hyperbaric Medicine) បានបង្ហាញពីទម្លាប់ប្រចាំថ្ងៃសាមញ្ញៗ ដែលយើងគួរប្រុងប្រយ័ត្ន៖
១. ការប្រែប្រួលសីតុណ្ហភាពភ្លាមៗ (ត្រជាក់ពេក ទៅ ក្ដៅពេក) ដូចជាការអង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរ (ប្រហែល ២៤-២៥ អង្សាសេ) ហើយដើរចេញទៅក្រៅភ្លាមៗចំកម្ដៅថ្ងៃខ្លាំង (៣៦-៣៧ អង្សាសេ) ឬធ្វើផ្ទុយពីនេះ ធ្វើឱ្យសរសៃឈាមរីក ឬរួមតូចយ៉ាងឆាប់រហ័សខុសប្រក្រតី។ បន្ថែមពីនេះការងូតទឹកត្រជាក់ភ្លាមៗក្រោយពេលត្រឡប់ពីក្រោមកម្ដៅថ្ងៃវិញ ឬងូតទឹកក្ដៅក្នុងបន្ទប់បិទជិត ដែលអាចបណ្ដាលឱ្យសម្ពាធឈាមធ្លាក់ចុះទាបភ្លាមៗ រាងកាយសម្របខ្លួនមិនទាន់ ផ្សំជាមួយខ្យល់ចេញចូលមិនបានល្អ អាចធ្វើឱ្យវិលមុខ ឬដួលសន្លប់ក្នុងបន្ទប់ទឹក។
.jpg)
២. ការហាត់ប្រាណខុសពេល ឬហាត់ខ្លាំងហួសហេតុ
នៅថ្ងៃដែលមានអាកាសធាតុក្ដៅខ្លាំង ផ្លូវថ្នល់នៅតែរក្សាកម្ដៅសូម្បីតែពេលព្រឹកព្រលឹម។ ការរត់ ឬជិះកង់កម្រិតខ្លាំងក្នុងស្ថានភាពបែបនេះ ធ្វើឱ្យរាងកាយស្រូបយកកម្ដៅពីបរិស្ថានបន្ថែមលើកម្ដៅខ្លួនឯង ដែលធ្វើឱ្យប្រព័ន្ធឈាម និងផ្លូវដង្ហើមធ្វើការលើសទម្ងន់។ ការហាត់ប្រាណក្រោមពន្លឺថ្ងៃត្រង់ ឬពេលរសៀល ក៏បង្កើនហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាល និងរលាកកម្ដៅថ្ងៃ (Heatstroke) ផងដែរ។
.jpg)
៣. ផឹកស្រា ឬភេសជ្ជៈមានជាតិស្ករ ដើម្បី បន្ធូរកម្ដៅ
គ្រឿងស្រវឹងធ្វើឱ្យសរសៃឈាមរីក បាត់បង់ជាតិទឹកតាមរយៈការនោម និងធ្វើឱ្យយើងថយចុះការប្រុងប្រយ័ត្នចំពោះរោគសញ្ញាដូចជា អស់កម្លាំង និងវិលមុខ។
ចំពោះភេសជ្ជៈមានជាតិកាហ្វេអ៊ីន និងជាតិស្ករក៏ជំរុញការនោម ដែលនាំឱ្យរាងកាយខ្សោះជាតិទឹកកាន់តែលឿន។
.jpg)
៤. របបអាហារមានជាតិប្រៃ និងខ្លាញ់ខ្ពស់
ការញ៉ាំអាហារប្រៃពេក (ពីទឹកជ្រលក់ ឬអាហារកែច្នៃ) ធ្វើឱ្យរាងកាយរក្សាជាតិទឹក និងឡើងសម្ពាធឈាម ដែលដាក់សម្ពាធបន្ថែមដល់បេះដូង និងសរសៃឈាមខួរក្បាល។ ចំណែកឯការបរិភោគសាច់ក្រហម អាហារបំពង ខ្លាញ់ និងអាហាររហ័ស (Fast food) ច្រើនរយៈពេលវែង នឹងធ្វើឱ្យមានការស្ទះសរសៃឈាម កាន់តែប្រឈមមុខខ្ពស់នឹងជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។

ក្រុមមនុស្សដែលមានហានិភ័យខ្ពស់រួមមាន៖
– មនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំ
– អ្នកមានជំងឺលើសឈាម ទឹកនោមផ្អែម បេះដូង ធាត់ជ្រុល ឬអ្នកដែលមានប្រវត្តិធ្លាប់កើតជំងឺដាច់សរសៃឈាមខួរក្បាលរួចមកហើយ។ យ៉ាងណាមិញដើម្បីការពារខ្លួននឹងជំងឺនេះអ្នកគួរអនុវត្តតាមសេចក្តីណែនាំខាងក្រោមនេះ៖
– ជៀសវាងការចេញក្រៅផ្ទះក្នុងម៉ោងកម្ដៅខ្លាំងបំផុត (ចន្លោះពីម៉ោង ១០ព្រឹក ដល់ម៉ោង ៤ល្ងាច)។
– បរិភោគទឹកឱ្យបានគ្រប់គ្រាន់ និងរក្សាការពិនិត្យសុខភាពជាប្រចាំ។
– សម្រាប់អ្នកដែលត្រូវធ្វើការក្រោមកម្ដៅថ្ងៃ (កម្មករសំណង់ អ្នកដឹកជញ្ជូន។ល។) គួរសម្រាកជាចន្លោះៗក្នុងម្លប់ និងពាក់មួកទូលាយ បាក់វ៉ែនតា និងស្លៀកសម្លៀកបំពាក់ខ្យល់ចេញចូលបានល្អ។
– និងជាចុងក្រោយ សូមកុំប្រើប្រាស់វិធីសាស្ត្របុរាណ (ដូចជាកោសខ្យល់ ចាក់ម្ជុលយកឈាម ឬផឹកទឹកក្រូចឆ្មាប្រៃជាដើម) ពេលមានអាការសង្ស័យ ព្រោះវាពុំអាចព្យាបាលចំគោលដៅ និងធ្វើឱ្យខាតបង់ពេលវេលាមាសក្នុងការសង្គ្រោះបន្ទាន់៕










