ទាត់ចោលដំណោះស្រាយសន្តិភាព! ហ្វាំងឡង់ប្រកាសផែនការបោះទុន ១០០លានអឺរ៉ូ បញ្ជាទិញមីនប្រឆាំងមនុស្សដល់ទៅ ១លានគ្រាប់ ដើមី្បពង្រឹងរបងព្រំដែនត្រៀមទប់ទល់នឹងរុស្ស៊ី បន្ទាប់ពីប្រទេសនេះ និងសម្ព័ន្ធមិត្តខ្លួនជាច្រើនផ្សេងទៀត បានសម្រេចដកខ្លួនចេញពីអនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់មីន។
______________
លែងជឿជាក់លើដំណោះស្រាយការទូត! ប្រទេសហ្វាំងឡង់ សម្រេចដកខ្លួនពីសន្ធិសញ្ញាអន្តរជាតិ ដោយត្រៀមបញ្ជាទិញមីនប្រឆាំងមនុស្ស ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ ១ លានគ្រាប់ ក្រោមទំហំទឹកប្រាក់ប្រមាណ ១០០ លានអឺរ៉ូ។ យុទ្ធសាស្ត្រយោធាដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានដាក់ចេញចំពេលដែលទីក្រុងទិសាំងគី មើលឃើញកាន់តែច្បាស់ពីការគំរាមកំហែងផ្នែកសន្តិសុខជាតិ និងការរៀបចំផែនការបង្កហេតុផ្នែកយោធាពីសំណាក់ប្រទេសជិតខាង គឺមហាអំណាចរុស្ស៊ី។.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មានល្បីៗ រួមមាន Yle និងព័ត៌មានយោធា Militarny ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា កងទ័ពការពារជាតិហ្វាំងឡង់ (FDF) បានទម្លាយផែនការក្នុងការបញ្ជាទិញមីនប្រឆាំងមនុស្សចំនួន ១លានគ្រាប់ ដោយផ្ដោតសំខាន់លើការបញ្ជាទិញពី «ក្រុមហ៊ុនផលិតនៅក្នុងស្រុក» ផ្ទាល់ ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងសន្តិសុខជាតិ។ លោកវរសេនីយ៍ឯក Riku Mikkonen មកពីបញ្ជាការដ្ឋានកងទ័ព បានបញ្ជាក់ថា អាជ្ញាធរកំពុងស្ថិតក្នុងដំណាក់កាលប្រមូលព័ត៌មានពីក្រុមហ៊ុនផលិតនានា ដោយរំពឹងថានឹងឈានទៅដល់ការចុះកិច្ចសន្យាផ្លូវការនៅចុងឆ្នាំ២០២៧ និងចាប់ផ្ដើមដំណើរការខ្សែសង្វាក់ផលិតកម្មពេញលេញនៅក្នុងឆ្នាំ២០២៩ ខាងមុខ។.jpg)
ដើមី្បបើកផ្លូវច្បាប់ក្នុងការទិញ និងប្រើប្រាស់អាវុធយុទ្ធភណ្ឌប្រភេទនេះ ហ្វាំងឡង់បានសម្រេចចិត្តយ៉ាងដាច់ខាតក្នុងការ ដកខ្លួនចេញពី «អនុសញ្ញាអូតាវ៉ា» កាលពីឆ្នាំមុន ដែលជាសន្ធិសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្ស។ ការសម្រេចចិត្តដកខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានការវាយតម្លៃថា ទីក្រុងម៉ូស្គូកំពុងប្រើប្រាស់យុទ្ធសាស្ត្រសង្គ្រាមបែបចម្រុះ ប្រឆាំងនឹងបណ្តាប្រទេសដែលគាំទ្រអ៊ុយក្រែន។ មិនមែនមានតែហ្វាំងឡង់នោះទេ ប្រទេសដទៃទៀតនៅតំបន់អឺរ៉ុបខាងកើតដែលមានព្រំដែនជាប់រុស្ស៊ី ដូចជា អេស្តូនី ឡាតវី លីទុយអានី និងប៉ូឡូញ ក៏បានដើរតាមគន្លងនេះ ដោយដកខ្លួនចេញពីសន្ធិសញ្ញានេះដែរ ដើម្បីត្រៀមលក្ខណៈការពាររបងព្រំដែនរបស់ពួកគេ។
សរុបមក ផែនការបញ្ជាទិញមីនប្រឆាំងមនុស្សចំនួន ១លានគ្រាប់របស់ហ្វាំងឡង់ គឺជាការឆ្លុះបញ្ចាំងពីរបត់សន្តិសុខដ៏តានតឹងបំផុតនៅតំបន់អឺរ៉ុប គិតចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់ទៅ។ ការលះបង់អនុសញ្ញាអន្តរជាតិ ដើម្បីងាកមកពង្រឹងកម្លាំងការពារជាតិបែបហិង្សាឡើងវិញ បង្ហាញថាហ្វាំងឡង់លែងទុកចិត្តលើសន្តិសុខតាមបែបការទូតទៀតហើយ។ ជំហានយុទ្ធសាស្ត្រនេះ នឹងប្រែក្លាយតំបន់ព្រំដែនរវាងហ្វាំងឡង់ និងរុស្ស៊ី ឱ្យទៅជាតំបន់យោធាដ៏រឹងមាំមួយ ដើមី្បធានាថាអធិបតេយ្យភាពជាតិត្រូវបានការពារយ៉ាងម៉ត់ចត់បំផុត៕










