តារាសម្តែង ស៊ីន យូប៊ីន ទទួលបានការចាប់អារម្មណ៍ពីសារព័ត៌មានកូរ៉េខាងត្បូង StarDailyNews បន្ទាប់ពីនាងបានបង្ហាញវត្តមានក្នុងមហោស្រពភាពយន្តអន្តរជាតិប៊ូសាន (Busan International Film Festival ឬ BIFF) ដោយលើកកម្ពស់វប្បធម៌ប្រពៃណីខ្មែរ និងផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជាក្នុងនាមជាទីតាំងថតភាពយន្តអន្តរជាតិ។

ក្នុងឱកាសនេះ ស៊ីន យូប៊ីន បានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរដើម្បីបង្ហាញពីភាពស្រស់ស្អាត និងអត្តសញ្ញាណវប្បធម៌ជាតិដល់ទស្សនិកជនអន្តរជាតិ ព្រមទាំងអ្នកជំនាញក្នុងឧស្សាហកម្មភាពយន្តដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
ប្រព័ន្ធផ្សព្វផ្សាយនេះបានលើកឡើងទៀតថាក្រៅពីការផ្សព្វផ្សាយវប្បធម៌ខ្មែរ តារាសម្តែង យូប៊ីន ក៏បានអំពាវនាវដល់អ្នកដឹកនាំរឿង និងអ្នកជំនាញស្វែងរកទីតាំងថតភាពយន្ត ឱ្យមកទស្សនាប្រទេសកម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់ពីបរិយាកាស ទេសភាព និងទីតាំងពិសេសៗដែលអាចប្រើប្រាស់ក្នុងការផលិតភាពយន្តអន្តរជាតិ។

ពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណីខ្មែរ ស៊ីន យូប៊ីន បានបង្ហាញក្តីសង្ឃឹមថាទស្សនិកជននៅទូទាំងពិភពលោកនឹងទទួលស្គាល់និងកោតសរសើរចំពោះភាពឆើតឆាយនៃសម្លៀកបំពាក់ប្រពៃណីខ្មែរ ព្រមទាំងយល់ដឹងពីអត្តសញ្ញាណវប្បធម៌របស់កម្ពុជាឱ្យកាន់តែច្បាស់។
នាងបានលើកឡើងថា «ខ្ញុំសង្ឃឹមថាទស្សនិកជនទូទាំងពិភពលោកនឹងពេញចិត្តចំពោះភាពឆើតឆាយនៃសម្លៀកបំពាក់ប្រពៃណីរបស់យើង ហើយកុំច្រឡំវាជាមួយរបស់ផ្សេងទៀត»។

ជាមួយគ្នានេះ ស៊ីន យូប៊ីន ក៏បានផ្ញើសារអញ្ជើញអ្នកជំនាញក្នុងវិស័យភាពយន្តដែលកំពុងស្វែងរកទីតាំងថតថ្មីៗ ឱ្យងាកមកចាប់អារម្មណ៍លើប្រទេសកម្ពុជា ដោយបញ្ជាក់ថា «ប្រសិនបើអ្នកកំពុងស្វែងរកទីតាំងពិសេសមួយដែលមិនធ្លាប់មាននៅក្នុងភាពយន្តណាមួយ សូមជ្រើសរើសប្រទេសកម្ពុជា។ កុំពឹងផ្អែកតែលើព័ត៌មានទេ សូមទស្សនាវាដោយខ្លួនឯង»។
តាមប្រភពដដែលបានរំលេចយ៉ាងច្បាស់ពីវត្តមានរបស់ ស៊ីន យូប៊ីន នៅមហោស្រពភាពយន្តអន្តរជាតិកានឆ្នាំ២០២៣ បន្ទាប់ពីនាងបានបង្ហាញខ្លួនលើកម្រាលព្រំក្រហមដោយប្រើឈើច្រត់ ដែលធ្វើឱ្យវត្តមានរបស់នាងក្លាយជាប្រធានបទមួយដែលទទួលបានការចាប់អារម្មណ៍ពីសាធារណជន។
ការបង្ហាញខ្លួននៅមហោស្រពភាពយន្តអន្តរជាតិប៊ូសានលើកនេះមិនត្រឹមតែជាឱកាសសម្រាប់ ស៊ីន យូប៊ីន ក្នុងការបង្ហាញវត្តមានលើឆាកអន្តរជាតិប៉ុណ្ណោះទេប៉ុន្តែក៏ជាការចូលរួមផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ខ្មែរ និងលើកស្ទួយកម្ពុជាឱ្យក្លាយជាគោលដៅដ៏មានសក្តានុពលសម្រាប់ឧស្សាហកម្មភាពយន្តអន្តរជាតិផងដែរ៕










