មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលរដស់នៅតាមបណ្តាយមាត់ស្ទឹងសែនឱ្យមានការប្រុងប្រយ័ត្នខ្ពស់។

ផ្អែកលើស្ថានភាពបច្ចុប្បន្នកម្រិតកម្ពស់ទឹកស្ទឹងសែននៅស្ថានីយកំពង់ធំសង្កេតឃើញថា មានការកើនឡើងជាបន្តបន្ទាប់ ដោយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ទឹកស្ទឹងសែនមានកម្ពស់ ១៣,៥៨ម៉ែត្រ ខណៈកម្ពស់ប្រកាសអាសន្នត្រឹម១៣,៥០តែប៉ុណ្ណោះ។

មន្ទីរធនធានទឹកខេត្តកំពង់ធំ ស្នើឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នពីទឹកជំនន់ និងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ។

បើយោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកញ្ញានេះ ជ្រលងសម្ពាធទាបនឹងមានឥទ្ធិពលខ្លាំងនៅកម្ពុជា។

សូមជម្រាបថា កម្ពុជា កំពុងរងឥទ្ធិពលពីព្យុះសង្ឃរាឌូជូអាន(Dujuan) ដែលអាចមានភ្លៀងធ្លា ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៥០ភាគរយ៕










