អូនផ្កាយ ដែលជាអតីតតារាសម្តែងមួយរូបបានបង្ហាញខ្លួនជាមួយនឹងការរាំរបាំបុរាណខ្មែរ ប៉ុន្តែត្រូវរងនូវមតិរិះគន់ពីអ្នកលេងបណ្តាញសង្គមមួយចំនួនដោយសារតែការរាំមិនចំក្បួនខ្នាត។ អ្នកខ្លះថែមទាំងចោទទៅលើ អូនផ្កាយ ថាមិនមែនជាការបង្ហាញស្រលាញ់ពីវប្បធម៌នោះទេប៉ុន្តែហាក់ដូចជាការបំផ្លាញ។ ជុំវិញមតិរិះគន់ អូនផ្កាយ និយាយរបាំខ្មែរមិនមែនងាយស្រួលក្នុងការហាត់ឡើយខណៈនាងរៀនរាំបានតែ២ម៉ោងប៉ុណ្ណោះមុននឹងថត។ អ្នកខ្លះទៀតថាមតិក្នុងការកែលម្អអូនផ្កាយ គួរតែទទួលយកនិងមានការកែប្រែ។

ការបង្ហាញសមត្ថភាពរាំរបាំបុរាណខ្មែររបស់ អូនផ្កាយ បានក្លាយជាប្រធានបទកំពុងទទួលការចាប់អារម្មណ៍ និងពិភាក្សាយ៉ាងច្រើននៅលើបណ្តាញសង្គមបន្ទាប់ពីវីដេអូបង្ហាញការរាំរបស់នាងត្រូវបានចែករំលែកជាបន្តបន្ទាប់។ អ្នកលេងបណ្តាញសង្គមមួយចំនួនបានបង្ហាញការគាំទ្រ និងសរសើរចំពោះការចូលរួមលើកស្ទួយសិល្បៈខ្មែរ ខណៈមតិមួយចំនួនទៀតបានរិះគន់ពីបច្ចេកទេសនៃការរាំដោយលើកឡើងថាចលនារបស់នាងមិនទាន់មានភាពរលូន និងមិនទាន់មានភាពស្ទាត់ជំនាញ។.png)
មតិខ្លះបានចោទលើ អូនផ្កាយ ថាបើអ្នកស្រលាញ់វប្បធម៌ពិតប្រាកដគួរតែចំណាយលុយក្នុងការហ្វឹកហាត់ជាមុនសិនព្រោះរាល់ការថតវីដេអូអាចក្លាយជាឯកសារ ហើយទម្រង់នៃការរាំរបាំបុរាណខ្មែរមានលក្ខណៈទន់ភ្លន់មិនមែនដូចជាមនុស្សយន្តបែបនេះទេ។ អ្នកប្រើប្រាស់មួយចំនួនថែមទាំងប្រើពាក្យធ្ងន់ៗថា វាមិនមែនជាការលើកស្ទួយវប្បធម៌ទេ ប៉ុន្តែអាចនាំឱ្យមានការបំភាន់ចំពោះសិល្បៈបុរាណ។
ទោះជាយ៉ាងណា អូនផ្កាយ បានចេញមកបកស្រាយចំពោះប្រតិកម្មទាំងនេះ ដោយលើកឡើងថា របាំខ្មែរមិនមែនជារឿងងាយស្រួលក្នុងការហាត់រៀននោះទេ ហើយសម្រាប់ការបង្ហាញខ្លួនលើកនេះនាងបានរៀនរាំក្នុងរយៈពេលខ្លីប៉ុណ្ណោះមុនពេលចូលថត។ នាងក៏បង្ហាញថានេះជាការចូលរួមបង្ហាញសិល្បៈខ្មែរតាមសមត្ថភាពដែលនាងអាចធ្វើទៅបាន។ 
សម្រាប់របាំបុរាណខ្មែរ ចលនា កាយវិការ ការដាក់ដៃ ជំហានជើង ការប្រើក្បាច់ និងការបញ្ចេញអារម្មណ៍ សុទ្ធតែត្រូវការការហាត់សម និងការណែនាំពីអ្នកដែលមានជំនាញ។ ដូច្នេះការរៀនក្នុងរយៈពេលខ្លីមុនពេលចូលថតធ្វើឱ្យការរាំមិនទាន់មានភាពស្ទាត់ជំនាញដូចអ្នករាំដែលបានហ្វឹកហាត់ជាយូរមកហើយ។.png)
យ៉ាងណាក៏ដោយ ប្រតិកម្មលើកនេះបានបង្កើតការពិភាក្សាមួយដែលលើសពីការវាយតម្លៃលើការរាំរបស់ អូនផ្កាយ ដោយកំពុងឈានទៅដល់សំណួរថាតើការបង្ហាញវប្បធម៌តាមរយៈបណ្តាញសង្គមគួរតែមានកម្រិតស្តង់ដារបច្ចេកទេសបែបណា? ខណៈអ្នកខ្លះផ្តោតលើកំហុសបច្ចេកទេសក្បួនខ្នាត និងអ្នកខ្លះទៀតផ្តោតលើការលើកទឹកចិត្តឱ្យសិល្បករ និងមហាជនចូលរួមស្គាល់ និងផ្សព្វផ្សាយសិល្បៈបុរាណខ្មែរ៕










