ស្របពេលដែលដំណឹងនៃការផ្ទុះបាក់ធ្លាយទំនប់ធម្មជាតិនៅតំបន់ទីបេខាងត្បូង បានផ្ដា.ច់ជីវិតមនុស្សរាប់រយនាក់យ៉ាងរន្ធ.ត់ មហាជនកម្ពុជាមួយចំនួនបានបង្ហាញក្ដីបារម្ភ និងចោទសួរថា តើជំនន់ភក់ភ្នំនោះអាចហូរចម្លងមកដល់ទន្លេមេគង្គរបស់កម្ពុជាដែរឬអត់?.jpg)
___________
សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន! ស្របពេលដែលដំណឹងនៃវិនាសកម្មទឹកជំនន់គំហុក បង្កឡើងដោយការផ្ទុះបាក់ធ្លាយទំនប់ធម្មជាតិនៅតំបន់ទីបេ ប្រទេសចិន បានធ្វើឱ្យមនុស្សទូទាំងពិភពលោកមានការតក់ស្លុត និងរន្ធត់ចិត្ត អ្នកលេងបណ្តាញសង្គមនៅប្រទេសកម្ពុជមួយចំនួនបានបង្ហាញក្តីបារម្ភ និងចោទជាសំណួរជុំវិញថាតើគ្រោះមហន្តរាយទឹកជំនន់ដ៏ធំធេងនេះអាចនឹងហូរចម្លងមកជះឥទ្ធិពលដល់បណ្តាញខ្សែទឹកនៅក្នុងប្រទេសកម្ពុជាដែរឬអត់? ត្បិតប្រព័ន្ធទឹកនៃទន្លេមេគង្គរបស់កម្ពុជាក៏បានហូរចេញមកពីប្រភពខ្ពង់រាបទីបេដូចគ្នា។ 
ផ្អែកតាមការបកស្រាយផ្នែករូបសាស្ត្រដី និងប្រព័ន្ធជលសាស្ត្រ ទោះបីជាខ្សែទឹកទាំងពីរមានប្រភពចេញពីខ្ពង់រាបទីបេដូចគ្នាក៏ដោយ ប៉ុន្តែទិសដៅដែលទន្លេទាំងនោះហូរចេញគឺចែកផ្លូវគ្នា «មួយចំហៀងម្នាក់» ទៅតាមទិសដៅផ្ទុយគ្នាស្រឡះ និងមានរបាំងជួរភ្នំខ្ពស់ៗខណ្ឌកាត់យ៉ាងរឹងមាំ។ ចំណុចដែលរងគ្រោះថ្នាក់បាក់ទំនប់ដីនិងទឹកកក គឺកើតឡើងនៅលើដៃទន្លេ Bhote Koshi ស្ថិតនៅចំហៀងភាគខាងត្បូងនៃតំបន់ទីបេ។ ប្រព័ន្ធទឹកនៅចំហៀងនោះ ត្រូវហូរចាក់ស្រោចចុះមកទិសខាងត្បូងចំៗកាត់ប្រទេសនេប៉ាល់ រួចបន្តហូរចូលទៅក្នុងទន្លេហ្គីងហ្គា (Ganges River) របស់ប្រទេសឥណ្ឌា និងធ្លាក់ទៅឈូងសមុទ្របង់ហ្គាល់។

ផ្ទុយទៅវិញ ប្រភពមេទឹកដែលផ្តល់កំណើតឱ្យទន្លេមេគង្គ គឺហូរចេញពីចំហៀងភាគខាងកើតនៃតំបន់ទីបេ ឆ្ពោះទៅទិសអាគ្នេយ៍កាត់ខេត្តយូណានប្រទេសចិន (ទន្លេឡានឆាង) មីយ៉ាន់ម៉ា ឡាវ ថៃ ចូលមកប្រទេសកម្ពុជា និងធ្លាក់ទៅសមុទ្រចិនខាងត្បូងតាមប្រទេសវៀតណាម។ ដោយសារតែវាជ្រកក្រោមដំបូលតែមួយ ប៉ុន្តែហូរចុះតាមជម្រាលភ្នំម្នាក់មួយចំហៀងបែបនេះហើយ ទើបគ្រោះមហន្តរាយទឹកជំនន់ភក់ភ្នំដ៏រន្ធត់នៅដំបូលចំហៀងខាងត្បូង មិនអាចហូររំលងដំបូលមកបង្កផលប៉ះពាល់ដល់ខ្សែទឹកទន្លេមេគង្គនៅកម្ពុជាបានឡើយ។
អាស្រ័យដូចបានរៀបរាប់ខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងកុំមានការភ័យស្លន់ស្លោ ឬជ្រួលច្របល់តាមពាក្យចចាមអារ៉ាមមិនពិតឡើយ ព្រោះប្រព័ន្ធទឹកទាំងពីរនេះគ្មានខ្សែបណ្តាញភ្ជាប់គ្នាឡើយ។ តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងអំឡុងរដូវកាលនេះ ទឹកទន្លេនៅកម្ពុជាក៏មានការកើនឡើងដោយសារឥទ្ធិពលនៃរបបទឹកភ្លៀងម៉ូសុងប្រចាំឆ្នាំ បើទោះជាវាមិនទទួលរងឥទ្ធិពលដោយផ្ទាល់ពីគ្រោះមហន្តរាយបាក់ទំនប់ធម្មជាតិនៅតំបន់ទីបេខាងត្បូងក្តី។ ដូច្នេះសូមបងប្អូនមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជុំវិញការប្រែប្រួលកម្ពស់ទឹកជំនន់ទឹកភ្លៀងតាមមូលដ្ឋាន និងតាមដានព័ត៌មានបច្ចុប្បន្នភាពអាកាសធាតុពីក្រសួងធនធានទឹក និងឧតុនិយមឱ្យបានជាប់ជានិច្ច ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ៕










