តារារ៉េប យូហៃ តំណាងឱ្យសិល្បករកម្ពុជានឹងចូលរួមសម្តែងនៅក្នុងព្រឹត្តិការណ៍តន្ត្រី AXEAN Festival 2026 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ និង ៣០ ខែសីហា ឆ្នាំ២០២៦ នៅ Jimbaran Hub កោះបាលី ប្រទេសឥណ្ឌូនេស៊ី។ ជាមួយគ្នានេះ យូហៃ បានបង្ហោះវីដេអូមួយដែលនិយាយភាសាក្នុងតំបន់ស្វាគមន៍ទៅកាន់អ្នកគាំទ្រនៅទីនោះ ប៉ុន្តែហាក់រងនូវការវែកញែកពីអ្នកលេងអ៊ីនធឺណិតមួយចំនួន។

នាយប់ថ្ងៃទី២៥ ខែសីហា យូហៃ បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងយ៉ាងខ្លាំងថា «See you Bali»ឬ ជួបគ្នាឆាប់ៗបាលី។ ក្នុងវីដេអូនេះដែរ យូហៃ បានស្វាគមន៍ជាមួយនឹងការប្រើប្រាស់ភាសានៅប្រទេសឥណ្ឌូនេស៊ីដោយបញ្ជាក់ថារូបគេនឹងចូលរួមសម្តែងនៅក្នុងព្រឹត្តិការណ៍តន្ត្រី AXEAN Festival 2026 តែគេមិនដឹងច្បាស់ថានេះជាការនិយាយដោយផ្ទាល់ឬជាការប្រើបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ឡើយ។
.png)
ទន្ទឹមនឹងមានការកោតសរសើរពីសមត្ថភាពរបស់ យូហៃ ក្នុងការនិយាយភាសាបរទេស អ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិវែកញែកទៅលើការនិយាយរបស់យូហៃ ដោយអ្នកខ្លះថាស្តាប់មិនបាន មិនមែនជាភាសាខ្មែរ។ យ៉ាងណាក៏ដោយអ្នកលេងបណ្តាញសង្គមមួយចំនួនបានចេញការពារដោយលើកហេតុផលថាមិនយល់ភាសារបស់គេដោយខ្លួនឯងបែរជាមកបញ្ចេញមតិ bully គេទៅវិញ។

នៅក្នុងការប្រកាសរបស់ AXEAN Festival 2026 បានពិពណ៌នាថា យូហៃ ជាសិល្បករដែលមានសមត្ថភាពចម្រុះ ដោយបញ្ចូលទាំងការច្រៀង និងការរ៉េបក្នុងស្នាដៃតន្ត្រីរបស់ខ្លួន។ បទចម្រៀងដូចជា «Sora», «Wish You Well» និង «Si Jumpu» បានបង្ហាញពីស្ទីលតន្ត្រីប្លែក និងភាពប៉ិនប្រសប់របស់លោក។
គួរឱ្យដឹងថាការចូលរួមក្នុង AXEAN Festival 2026 គឺជាឱកាសមួយសម្រាប់ យូហៃ ក្នុងការនាំយកស្នាដៃតន្ត្រីរបស់សិល្បករកម្ពុជាទៅកាន់ឆាកតន្ត្រីតំបន់ និងជួបជាមួយសិល្បករមកពីប្រទេសផ្សេងៗក្នុងអាស៊ី៕










