តារាសម្តែង Liu Yifei ឬទស្សនិកជនស្គាល់ថាជា សៀវឡុងនី បានឈានចូលដល់វ័យ៣៩ឆ្នាំហើយខណៈថ្មីៗនេះទទួលបានការជូនពរពីតារាសម្តែងជើងចាស់ Wu Yanshu ដែលជាមិត្តរួមការងាររបស់នាង។ នៅថ្ងៃទី ២៥ ខែសីហា តារាសម្តែងជើងចាស់ Wu Yanshu បានជូនពរឱ្យតារាស្រីរូបនេះមានអនាគតភ្លឺស្វាង និងបន្តទទួលបានភាពជោគជ័យក្នុងជីវិត។
.png)
ទោះបីជាស្ថិតក្នុងវ័យ ៣៩ ឆ្នាំ Liu Yifei នៅតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ដោយសាររូបរាងក្មេងជាងវ័យ និងសម្រស់បែបធម្មជាតិ។ បន្ទាប់ពីប្រឡូកក្នុងវិស័យសិល្បៈអស់ជាង២០ឆ្នាំតារាសម្តែងរូបនេះបានសាងកេរ្តិ៍ឈ្មោះតាមរយៈស្នាដៃជាច្រើន។ បច្ចុប្បន្ន Liu Yifei ផ្តោតលើការងារ គ្រួសារ និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនជាសំខាន់ ខណៈការណាត់ជួប ឬរៀបការមិនមែនជាអាទិភាពសំខាន់របស់នាងនៅពេលនេះឡើយ។
ជាងនេះទៅទៀតប្រាក់ចំណូលរបស់ Liu Yifei គឺស្ថិតក្នុងចំណោមកំពូលនៅក្នុងឧស្សាហកម្មកម្សាន្ត។ ទ្រព្យសម្បត្តិសុទ្ធរបស់តួឯកស្រី « The Tale of Rose » ត្រូវបានប៉ាន់ប្រមាណថាមានចន្លោះពី ១៧០ លានដុល្លារ ទៅជាង ៦០០ លានដុល្លារ។ តម្លៃខ្លួនរបស់តារាសម្តែងស្រីរូបនេះសម្រាប់គម្រោងរឿងភាគទូរទស្សន៍នីមួយៗត្រូវបានប៉ាន់ប្រមាណថាមានប្រហែល២៥លានយ័នប្រមាណ ៣.៧លានដុល្លារ។

នាងក៏ត្រូវបានគេនិយាយថាមានអចលនទ្រព្យជាច្រើនផងដែរ រួមទាំងវីឡាមួយនៅទីក្រុងប៉េកាំងដែលមានទំហំប្រហែល ១៦,៧០០ ម៉ែត្រការ៉េ រួមជាមួយនឹងការប្រមូលផ្តុំរថយន្តប្រណីតៗ។

ក្រៅពីការសម្តែង Liu Yifei ក៏ចូលចិត្តធ្វើដំណើរ អានសៀវភៅ និងមើលថែសត្វចិញ្ចឹម។ នាងត្រូវបានគេស្គាល់ថាស្រឡាញ់សត្វជាពិសេសឆ្មាមានពេលមួយតារាស្រីរូបនេះមានឆ្មាជិត ២០ ក្បាលនៅផ្ទះ។ កញ្ញាក៏ធ្លាប់ចូលរួមជួយសង្គ្រោះ និងថែទាំឆ្មាដែលត្រូវបានគេបោះបង់ចោល មុនពេលស្វែងរកគ្រួសារថ្មីសម្រាប់ពួកវាផងដែរ៕










