តារាចម្រៀង អូជី ហ្គូលឌិន បានធ្វើឱ្យអ្នកទស្សនាមានការចាប់អារម្មណ៍និងភ្ញាក់ផ្អើលបន្ទាប់ពីចេញផ្សាយបទថ្មីរបស់ខ្លួនហើយ Credit នៅក្នុង MV ម្ចាស់ពានរូបនេះធ្វើសឹងតែម្នាក់ឯងឱ្យគត់ក្រៅពីតួសម្តែងស្រី អ្នកថតវីដេអូ និងជំនួញការថត។ អូជី បានពន្យល់ថាលោកចូលចិត្តធ្វើការងារតែម្នាក់ដោយសារតែអ្នកដទៃមិនយល់ពីខ្លួន ហើយថ្ងៃអនាគតទោះបីជាលោកមានលុយច្រើនក៏នៅតែចង់ធ្វើខ្លួនឯងដដែល។

នៅយប់ថ្ងៃទី២៤ ខែសីហា អូជី បានទម្លាក់វីដេអូចម្រៀង « Oh My Love V2» នៅលើឆាណែលផ្ទាល់ខ្លួន។ នៅក្នុងការងារនេះអ្នកគាំទ្របានឃើញថាស្នាដៃទាំងអស់សុទ្ធសឹងតែបង្កើតឡើងដោយ អូជី ផ្ទាល់ទាំងអស់មិនលើកឡើងសូម្បីតែភ្លេងបុរាណខ្មែរគឺឧបករណ៍ «រនាតឯក»។ នៅពេលឃើញ អូជី ហ្គូលឌិន ធ្វើខ្លួនឯងមួយចប់នេះបានជំរុញឱ្យអ្នកគាំទ្រមួយចំនួនចង់ឱ្យម្ចាស់ពានរូបនេះព្យាយាមកាត់បន្ថយការងារឬឱ្យក្រុមការងារជួយខ្លះ។

ឆ្លើយតបនឹងសំណួរនេះ អូជី បានបង្ហោះសារនៅថ្ងៃទី២៥ ខែសីហា ដោយរៀបរាប់ថា «មានបងប្អូនផ្ញើសារសួរខ្ញុំច្រើន ម្តេចក៏ខ្ញុំមិនបន្ថយភាពរវល់ ខ្លះ?? ម្តេចក៏បងមិនឱ្យ Team ជួយខ្លះម្នាក់ឯងគ្រប់យ៉ាងអត់ហត់ទេ? អូជី បានឆ្លើយថា លោកចូលចិត្តធ្វើខ្លួនេងព្រោះការងារនេះបង្រៀនលោកឱ្យទៅមុខបានដោយខ្លួនឯង ហើយនាពេលអនាគតខាងមុខ ទោះលោកមានលុយច្រើនក៏លោកនៅតែធ្វើដោយខ្លួនឯង។

ជាមួយគ្នានេះ អូជី ទទួលស្គាល់ថាតាមពិតលោកក៏ចង់មាន Team ដូចអ្នកដទៃដែរ ដើម្បីជួយផ្តល់យោបល់ ជួយគិត និងចែករំលែកការងារប៉ុន្តែយល់ថាអត់ប្រយោជន៍ ប្រសិនបើអ្នកនោះមិនយល់ពីអត្តសញ្ញាណ និងគោលដៅរបស់ខ្លួន។ 
តារាចម្រៀងរូបនេះបានពន្យល់ថា ប្រសិនបើមនុស្សម្នាក់មិនស្គាល់ខ្លួន មិនស្គាល់ការងារ និងមិនយល់ពីអ្វីដែលខ្លួនកំពុងបង្កើតឡើងប៉ុន្តែបែរជាព្យាយាមយកគំនិតរបស់អ្នកដទៃមកដាក់លើខ្លួន រហូតធ្វើឱ្យបាត់បង់ភាព Unique នោះអាចក្លាយជាឧបសគ្គជាងជំនួយ។ អូជី បានសង្កត់ធ្ងន់ថា «ធ្វើខ្លួនឯងចេះច្រើន ឆាប់ឆ្លាត គ្រាន់ជាងអួតអាងតែមិនដែលមានផលផ្លែ» ។
ទោះយ៉ាងណាបន្ទាប់ពីចែករំលែកសារខាងលើនេះហើយ អូជី ហ្គូលឌិន បានលាក់ឬលុបការបង្ហោះនេះយ៉ាងឆាប់រហ័ស៕










