តំបន់ កន្ទុយនាគ ឬគេស្គាល់ថាជាតំបន់មុំបី មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តរតនគិរី ជាប់នឹងឧទ្យានជាតិវីរៈជ័យ ដែលជាតំបន់ត្រីកោណព្រំដែននៃប្រទេសចំនួនបី គឺ កម្ពុជា ឡាវ និងវៀតណាម។

បច្ចុប្បន្ន ដើម្បីចូលទៅកម្សាន្តនៅតំបន់កន្ទុយនាគ ពលរដ្ឋកម្ពុជាចាំបាច់ធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាមជាមុនសិន។.png)
យោងតាម ប្រសាសន៍សម្តេចធិបតី ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានានៅក្រុងស្ទឹងត្រែង បានលើកឡើងថា៖” ទោះបីផ្លូវទៅកាន់តំបន់កន្ទុយនាគមានស្ថានភាពលំបាក និងភូមិសាស្ត្រស្មុគស្មាញយ៉ាងណាក៏ដោយ ក្រុមការងារត្រូវតែពុះពារជំនះ ដើម្បីធ្វើឱ្យការតភ្ជាប់ផ្លូវនេះអាចសម្រេចបាន”។
គោលដៅសំខាន់ គឺបើកឱកាសឱ្យប្រជាពលរដ្ឋកម្ពុជា ជាពិសេសកូនខ្មែរជំនាន់ក្រោយ អាចធ្វើដំណើរទៅទស្សនា និងស្គាល់តំបន់កន្ទុយនាគដោយផ្ទាល់ ដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាមដូចបច្ចុប្បន្ន។

សូមបញ្ជាក់ថា គិតចាប់ពីខែធ្នូ ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដំណើរការស្ថាបនាផ្លូវក្រវាត់ព្រំដែននៅតំបន់ភូមិភាគឦសានរបស់កម្ពុជា នៅខេត្តមណ្ឌលគិរីសម្រេចបាន ១០០ភាគរយ ខណៈខេត្តរតនគិរីសម្រេចបាន ៩៧,៦៣ភាគរយ៕










