ស្របពេលយុវជនម្នាក់ស្រក់ទឹកភ្នែកបង្ហាញអារម្មណ៍ឈឺចាប់ដែលមិនទទួលបានភាពកក់ក្តៅ ក្តីស្រលាញ់ពីឪពុកម្តាយពិធីការិនី ពេជ្រ សិរីរ័ត្ន បានចេញវីដេអូមួយលើកឡើងពីទំនួលខុសត្រូវរបស់ឪពុកម្តាយនិងជំរុញកុំឱ្យមានការប្រៀបធៀបកូនខ្លួនឯងទោះបីជាបងប្អូនបង្កើតក៏ដោយ។

អ្នកនាង ពេជ្រ សិរីរ័ត្ន បាននិយាយថាវីដេអូនេះធ្វើឡើងគឺមានគោលបំណងលើកទឹកចិត្តទៅកាន់យុវជនដែលទើបនឹងធំមិនទទួលបានក្តីស្រលាញ់ពីឪពុកម្តាយ។ ក្នុងវ័យដែលកំពុងលូតលាស់ ពេជ្រ សិរីរ័ត្ន លើកឡើងថាកូនៗចង់បានក្តីស្រលាញ់លើសពីលុយកាក់ទៅទៀត។ ប្រសិនជាឪពុកម្តាយខ្វះខាតអាចពន្យល់ណែនាំកូន កូននឹងស្តាប់តាម ប៉ុន្តែនៅពេលក្លាយជាឪពុកម្តាយគេ បង្កើតគេមកហើយឱ្យឃើញពិភពលោកនេះ អ្វីដែលចាំបាច់បំផុតគឺការផ្តល់ក្តីស្រលាញ់លើសពីទំនួលខុសត្រូវ។.png)
ពិធីការិនីរូបនេះបានជំរុញឱ្យឪពុកម្តាយមួយចំនួនកុំប្រៀបធៀបកូនខ្លួនឯងអ្នកណាល្អជាងអ្នកណាឱ្យសោះពីព្រោះកូនទាំងអស់គឺជាសាច់ឈាមខ្លួនឯង ហើយមនុស្សម្នាក់ៗមិនសប្បាយចិត្តនោះទេនៅពេលមានការប្រៀបធៀបទោះបីនោះជាបងប្អូនបង្កើតក៏ដោយ។ អ្នកនាង ពេជ្រ សិរីរ័ត្ន ថាកូនៗត្រូវការបំផុតគឺក្តីស្រលាញ់ ការយកចិត្តទុកដាក់ ស្មើភាពគ្នា ខណៈដែលម្តាយខ្លះស្អប់កូនខ្លួនឯងដោយសារតែប្តីមានស្រី ខ្លះទៀតស្អប់កូនដោយសារតែជីវភាពមិនសូវធូរធាហើយចោទថាកូនចង្រៃនិងមួយចំនួនទៀតចិញ្ចឹមកូនដូចជាសត្វធាតុ មិនបានចាត់ទុកនៅក្នុងបេះដូង។
ពិធីការិនី ពេជ្រ សិរីរ័ត្ន ថាកូនដែលមិនទទួលបានក្តីស្រលាញ់ពីឪពុកម្តាយគឺមានពីរប្រភេទ ទី១ កូននោះនឹងជម្នះឱ្យឪពុកម្តាយដែលស្អប់ឱ្យទទួលស្គាល់ការពិតនៅពេលគេធ្វើអ្វីមួយឱ្យជោគជ័យនាពេលអនាគត ប៉ុន្តែប្រសិនជាកូននោះទន់ជ្រាយ កូននោះអាចនឹងជ្រើសរើសការធ្វើអត្តឃាត ឬធ្វើរឿងអបាយមុខដែលធ្វើឱ្យឪពុកម្តាយនឹងទទួលបានវិប្បដិសារីនាពេលខាងមុខ។

ពិធីការិនីកម្មវិធី «សខ្មៅ» បានសង្កត់ធ្ងន់ថាប្រសិនជាបង្កើតគេហើយសូមបង្កើតដោយក្តីស្រលាញ់ មានទំនួលខុសត្រូវ គ្មានទ្រព្យសម្បត្តិឱ្យកូនគឺមិនមែនជាកំហុសឪពុកម្តាយប៉ុន្តែបើគ្មានក្តីស្រលាញ់ឱ្យកូនបង្កើតដែលខំបង្កើតមកគឺជាកំហុសរបស់ឪពុកម្តាយ៕










