ទន្ទឹមនឹងភាពចម្រូងចម្រាសនិងការចេញមុខសូមទោសរបស់ ងួន សុបិន បានជំរុញចិត្តឱ្យតារាចម្រៀង គូម៉ា ចេញមករំលឹកគុណស្រ័យមកកាន់អ្នកនិពន្ធបទចម្រៀងរូបនេះដែលធ្វើឱ្យលោកមានឈ្មោះបោះសំឡេងបានដូចសព្វថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ គូម៉ា បានស្នើឱ្យសាធារណជនបើកចិត្តទទួលយកការសូមទោសរបស់ ងួន សុបិន។
.png)
នៅថ្ងៃទី១៧ ខែសីហា តារាចម្រៀង គូម៉ា បានចែករំលែកវីដេអូសូមទោសរបស់ ងួន សុបិន ព្រមទាំងរៀបរាប់ថា «រយៈពេលជិត ២០ ឆ្នាំកន្លងមកនេះបទចម្រៀងជាច្រើនបទរបស់លោកបានបម្រើដល់អារម្មណ៍ទស្សនិកជនហើយការដែលមានឈ្មោះបោះសំឡេងនៅលើវិថីសិល្បៈមួយនេះគឺពិតជាមានមួយចំណែកពីលោក ងួន សុបិន ដែលឈរនៅពីក្រោយភាពល្បីល្បាញនៃបទចម្រៀងរបស់លោកមួយចំនួនកន្លងមក»។ គូម៉ា បានបញ្ជាក់ថាសំណេរនេះគឺមិនមែនការពារអ្វីដែលលោក ងួន សុបិន បានធ្វើខុសឱ្យមហាជនមិនសប្បាយចិត្តប៉ះពាល់អារម្មណ៍ទស្សនិកជននោះទេព្រោះអារម្មណ៍របស់លោកក៏មិនសប្បាយចិត្តដែរខុសគឺខុស ត្រូវគឺត្រូវ។

ក្នុងនាមលោក ងួន សុបិន ធ្លាប់ជួយលោកកន្លងមក គូម៉ា ថាលោកមិនអាចមិននិយាយអ្វីសោះនោះទេនៅពេលដែលសិល្បកររូបនេះមានបញ្ហា ដូច្នេះលោកគ្រាន់តែចង់សុំឱ្យមហាជនបើកចិត្តទទួលយកការសូមទោសរបស់ ងួន សុបិន ដែលលោកបានដឹងពីកំហុសហើយអាចផ្ដល់ឱកាសឱ្យគាត់ក្នុងការកែប្រែនៅអ្វីដែលបានធ្វើខុស។ ជាមួយគ្នានេះ គូម៉ា បានដាក់ការសង្ឃឹមរបស់ខ្លួនថា ងួន សុបិន នឹងកែប្រែបាននៅអ្វីដែលខ្លួនបានធ្វើខុសនិងទទួលបានបទពិសោធន៍និងមេរៀនពីកំហុសមួយនេះ ដើម្បីផ្លាស់ប្ដូរទៅជំហានថ្មីមួយទៀតដែលអាចធ្វើឱ្យអ្នកគាំទ្រមានការសប្បាយចិត្តនិងសើចរីករាយដើម្បីបម្រើអារម្មណ៍ដល់អ្នកគាំទ្រសាជាថ្មីម្ដងទៀត។
គួរបញ្ជាក់ផងដែរថា ស្នាដៃនិពន្ធរបស់ ងួន សុបិន ដែលបកស្រាយដោយតារាចម្រៀង គូម៉ា ក្នុងអំឡុងពេលនៅផលិតកម្មថោនរួមមាន «ពីក្មេងញៀនថ្នាំ» «បំណងចុងក្រោយ» «សង្សារពាល» «មេឃងងឹតហើយ » «ផ្តាំជនទី៣» «អូន! មនុស្សស្រីក្នុងលោកចូលចិត្តពាក្យកុហកឬ? » រួមទាំងបទចម្រៀងមួយចំនួនទៀត៕










