អ្នកលេងបណ្តាញសង្គមសៀ.ម មានការកើតទុក្ខមិនសុខចិត្តក្តៅក្រហាយយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងប៉ុបវៀតណាម ផឿង មីជី (Phương Mỹ Chi) បានបញ្ចេញវីដេអូចម្រៀងរបស់ខ្លួនបញ្ជូលជាមួយនឹងប្រពៃណីទំនៀមទម្លាប់ខ្មែរ។ បទចម្រៀងរបស់តារាចម្រៀងវៀតណាមរូបនេះកំពុងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងនិងឈានដល់ចំណាត់លេខ១នៅលើតារាងយូធូបរបស់វៀតណាម និងហក់ឡើងខ្ពស់នៅលើវេទិកាតន្រ្តីផ្សេងៗទៀត។

ក្រោយពីបញ្ចេញបទ «Heaven With My Love » (Thiên Đường Với Người Thương) កាលពីយប់ថ្ងៃទី១២ សីហា សារព័ត៌មានវៀតណាមជាច្រើនរួមទាំងកម្ពុជាផងបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតារាចម្រៀង ផឿង មីជី។ ភាពទាក់ទាញរបស់ មីជី គឺទាក់ទងនឹងការបញ្ជូលប្រពៃណីទំនៀមទម្លាប់ខ្មែរនៅក្នុង MV តាំងពីដើមដល់ចប់។ នៅក្នុងសារព័ត៌មានវៀតណាមបានអត្ថាធិប្បាយថានេះគឺវប្បធម៌ខ្មែរភាគខាងត្បូង ដែលទស្សនិកជនដឹងថាជាខ្មែរកម្ពុជាក្រោម។
ទន្ទឹមនឹងភាពល្បីល្បាញគេបានឃើញថាអ្នកលេងបណ្តាញសង្គមសៀមជាច្រើនកើតទុក្ខមិនសុខចិត្តជាខ្លាំងដោយពួកគេបានចូលទៅបញ្ចេញមតិយោបល់ទាំងទទឹងទិសគ្រប់ការបង្ហោះទាក់ទងនឹងចម្រៀងនេះដោយអះអាងមិនខ្មាសមាត់ថាជាឈុតថៃ។ អ្នកលេងបណ្តាញសង្គមសៀមមិនទទួលស្គាល់ការពិតគិតតែពីការបញ្ចេញមតិពីឈុតថៃទាំងដែលតារាចម្រៀង ផឿង មីជី បានច្រៀងជាភាសាខ្មែរ និងបញ្ជាក់ពីការផលិតនេះថាជាវប្បធម៌ខ្មែរ។

មិនត្រឹមតែប៉ុណ្ណោះអ្នកលេងបណ្តាញសង្គមវៀតណាមក៏បានបញ្ចេញមតិដែរថាពេលនេះសៀមកំពុងខឹងសម្បារយ៉ាងខ្លាំងមកកាន់តារាចម្រៀង ផឿង មីជី ដែលចេញបទចម្រៀងបង្ហាញសំលៀកបំពាក់ខ្មែរដូចនេះ។

ជាមួយគ្នានេះដែរនៅប្រទេសវៀតណាមកំពុងពេញនិយមយ៉ាងខ្លាំងចំពោះពាក្យ «បង ស្រលាញ់អូនទេ?» ដែល ផឿង មីជី (Phương Mỹ Chi) បានច្រៀងនៅក្នុងបទចម្រៀង ខណៈអ្នកមួយចំនួនបានតុបតែងខ្លួនឱ្យដូចទៅនឹងតារាចម្រៀងរូបនេះផងដែរ៕










